តើ «​យុវជន​ដើម្បី​វប្បធម៌​ជាតិ​» ជា​អ្វី​? ចំពោះ​ខ្ញុំ ក្នុងន័យ​ជាក់លាក់​មួយ វា​ជា​ការចេះ​ថ្លឹងថ្លែង​រវាង​ទង្វើ​ផ្ទាល់ខ្លួន និង​ផល​ជះ​នៃ​ទង្វើ​នោះ ចំពោះ​សិល្ប​:​វប្បធម៌​ជាតិ​ខ្លួន

(​ភ្នំពេញ​)៖ ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​មានប្រសាសន៍​បែបនេះ នៅលើ​បណ្តាញ​ទំនាក់ទំនង facebook ផ្ទាល់​របស់​ឯកឧត្តម​ថា ពិតណាស់ រាជរដ្ឋាភិបាល​តែង​បាន​គាំទ្រ និង​បានផ្តល់​ឤ​ទិ​ភាព​ខ្ពស់​ចំពោះ​វិស័យ​វប្បធម៌ ដោយ​ចាត់ទុកថា​វប្បធម៌ គឺជា​ព្រលឹង​ជាតិ និង​ជា​អត្តសញ្ញាណ​ជាតិ​។ ដូច​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​អបអរសាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២២ ឆ្នាំ​២០២០ រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ការរក្សា​តម្លៃ​នៃ​វប្បធម៌ ដោយបាន​ដាក់ចេញ​នូវ​ចំណាត់ការ​ជា​បន្តបន្ទាប់ មិន​អនុញ្ញាត​ឲ្យ​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​នាំ​ឲ្យ​វប្បធម៌​ជាតិ​អាប់ឱន អាច​ប្រព្រឹត្តទៅបាន​ក្នុងសង្គម​ឡើយ​។

​ចំណាត់​ការដែល​បានដាក់​ចេញ​នេះ គឺជា​ការ​ដាស់តឿន ចំពោះ​អ្នក​ទាំងឡាយណា ដែល​កំពុង​លង់​ក្នុង​ទង្វើ​មិន​សមរម្យ​របស់ខ្លួន ដើម្បី​តែ​ប្រយោជន៍​ខ្លួន ឲ្យ​មានការ​ភ្ញាក់រ​ឮ​ក ថា​សកម្មភាព​របស់​ពួកគេ​បាន​ប្រាសចាក​សីលធម៌​នៃ​ការរស់នៅ​ក្នុងសង្គម​ខ្មែរ ហើយ​អាចឈាន​ទៅដល់​ការនាំ​ឲ្យ​បាត់​អត្តសញ្ញាណ​ជាតិ​របស់ខ្លួន​ផងដែរ​។​

​ក្នុងនោះ​ផងដែរ ឯកឧត្តម បាន​មានប្រសាសន៍​បញ្ជាក់ថា ក្នុងនាម​ជា​ប្រជាជាតិ​ខ្មែរ យើង​អាច​ចូលរួម​អភិរក្ស​វប្បធម៌ ក្នុង​ទម្រង់​ផ្សេងៗ​គ្នា តាម​លទ្ធភាព​ដែល​យើង​មាន​។ យើងទាំងអស់គ្នា ជា​អ្នក​បន្តវេន​ក្នុងការ​ថែរក្សា និង​លើ​កត​ម្កើ​ន​វប្បធម៌​របស់​យើង ដូចនេះ​សូម​យុវជន​ទាំងអស់​ស្វែងយល់​ឲ្យ​ច្បាស់​នូវ​អ្វី​ដែលជា​ទង្វើ​របស់ខ្លួន ហើយ​អ្វី​ដែលជា​វប្បធម៌​បរទេស ដើម្បី​ជៀសវាង​ការ​ភ្លេច ឬ​បាត់បង់​អ្វី​ដែលជា​មរតក​ខ្លួនឯង​។ ទន្ទឹមនឹងនេះ ការចេះ​ថ្លឹងថ្លែង ពិចារណា​ចំពោះ​សកម្មភាព ឬ​កាយវិការ​របស់ខ្លួន​ជា​លក្ខណៈ​បុគ្គល គឺជា​ការចូលរួមចំណែក​ក្នុងការ​រក្សា​តម្លៃ​នៃ​វប្បធម៌ ព្រោះ​ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម​ដែល​ស្តែង​ចេញពី​ទង្វើ​បុគ្គល នឹង​ប៉ះពាល់​និរន្ត​ភាព​នៃ​វប្បធម៌​៕