អាជ្ញាធរខេត្តកំពង់ចាម រៀបចំទីតាំងសម្រាប់អាជីវករលក់ត្រី ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ

(កំពង់ចាម)៖  ដោយសារកន្លងមក មានភាពអនាធិបតេយ្យ នៃអាជីវករដឹកជញ្ជូនត្រីលក់ និងការប៉ះពាល់ដល់បរិស្ថាន មានទឹកហូរចេញពីឡានដឹកត្រីដក់ បបង្ក ឲ្យមានផលប៉ះពាល់ដល់សាធារណជន ទើបនៅ រសៀលថ្ងៃទី៣ ខែមិនា​ ឆ្នាំ​២០២០ អភិបាលរងខេត្តកំពង់ចាមលោក កែវ​ នាឬទ្ធិ បាន​ដឹកនាំ​កិច្ច​ប្រជុំ​ស្កីពីការផ្សព្វផ្សាយចំណតថ្ទេរត្រី​ដល់​ក្រុម​អាជីវករ​ដឹក​ជញ្ជូន​ផល​នេសាទ​ក្នុង​ក្រុង​កំពង់ចាម​ រៀបចំដោយខណ្ឌរដ្ឋបាលជលផលកំពង់ចាម ព្រមទាំង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​អាជ្ញា ធរមូលដ្ឋានផងដែរ។ 

ឆ្លៀតនាឱកាសនោះ លោក កែវ​ ណារិទ្ធ​ អភិបាល​រង​ខេត្ត​ បាន​ស្នើ​ដល់​អាជ្ញាធរ​ក្រុង​ធ្វើ​យ៉ាងណា​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ លើក​កម្ពស់​សោភ័ណ្ឌភាព​ក្រុង​ ដោយ​មិនឲ្យមានការបង្កភាពអនាធិបតេយ្យប៉ះពាល់ ដល់បរិស្ថាន និង​​រំខាន​ដល់​​ការ​រស់នៅ​ ឬ​ការ​ធ្វើដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ឡើយ​ ។ 

ទន្ទឹមនឹងនេះលោកអភិបាលរងខេត្ត បានតម្រូវឲ្យរថយន្តដឹកត្រីទាំងអស់ ត្រូវ​ចូល​ទៅ​ផ្ទេរ​ត្រី​នៅ​កន្លែងដែល​មាន​ការ​រៀបចំ​ត្រឹមត្រូវ ។ ចំណែកម្ចាស់ទីតាំងដេប៉ូត្រី ត្រូវ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ក្រុម​អាជីវករ​ និង​ត្រូវ​មាន​ការរៀបចំកិច្ចសន្យាឲ្យបានច្បាស់លាស់ ដើម្បី​កុំឲ្យ​មាន​ភាគី​ណាមួយ​ ​រំលោភទៅ​លើ​ភាគី​ណា​មួយ។

ជាពិសេសម្ចាស់ទីតាំងដេប៉ូត្រី ធ្វើយ៉ាង ណារៀបចំកុំ​ឲ្យមាន​ការ​​ប៉ះពាល់​ដល់​បរិស្ថាន​ គឺត្រូវ​រៀបចំ​​អនាម័យ​ឲ្យ​បាន​ស្អាត​ល្អ​ជាប្រចាំ​ផងដែរ​។

លោក​ អ៊ុក​ ណារិន​ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ចាម​ បាន​ឲ្យដឹងថា​ ដោយយោងតាមចំណារឯកភាព លោកអភិបាលខេត្តកំពង់ចាម លើសំណើរបស់​លោកស្រី​ វ៉ា ណាវីន ដែលបាន​ស្នើ​សុំ​រៀបចំ​ទីតាំងចំណត​ផ្ទេរ​ត្រី​ និងទីតាំងធ្វើអាជីវកម្មទិញ-លក់​ផល​នេសាទ​១កន្លែង​នៅ​តំបន់​​ទន្លេ​អុំ​ ក្រុងកំពង់ចាម​។ 

ជាមួយគ្នានេះ ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានចុះផ្សព្វផ្សាយដល់​អាជីវករ​ ដើម្បីឲ្យក្រុមអាជីវករចូលទៅលក់ដូរ នៅ​ចំណត​ផ្ទេរ​ត្រី​ទន្លេ​អុំ​ ក្នុងគោលបំណងរៀបចំ​សណ្តាប់ធ្នាប់​ លើក​កម្ពស់​សោភ័ណ្ឌភាព​ ការផ្តល់​សេវា​ អនាម័យក្នុងក្រុង​ និងងាយស្រួលក្នុងការចែកចាយបន្ត​ ដល់អាជីវករលក់ដូរតាមទីផ្សារនានាក្នុងក្រុង​-ស្រុក​ទូទាំង​ខេត្ត​កំពង់ចាម​៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ចាម