ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​មូលដ្ឋាន​

(​ត្បូងឃ្មុំ​)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​និង​សំណង់ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​ត្បូងឃ្មុំ បាន​ថ្លែង​សង្កត់ធ្ងន់ៗ​ថា តាម​បណ្តា​រាជធានី​ខេត្ត​ទូទាំងប្រទេស ត្រូវ​បង្កើន​ការគ្រប់គ្រង​សំណង់​អគារ​ផ្សេងៗ ពិសេស​សំណង់​អគារ​ធំៗ​ខ្ពស់ៗ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​បទដ្ឋាន​បច្ចេកទេស នៃ​ការសាងសង់​។ ហើយ​ចាប់ពីពេលនេះ​ទៅ សំណង់​ណា​អត់​មានច្បាប់ លោក​នឹងដាក់​បណ្តឹង​ទៅ​ព្រះរាជអាជ្ញារ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតីភាព បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០​របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ និង​ក្រុមការងារ​រាជរដ្ឋាភិបាល​កម្ពុជា​ចុះ​មូលដ្ឋាន នៅ​សាលប្រជុំ​(​ក​)​សាលាខេត្ត​ត្បូងឃ្មុំ នា​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ប្រធាន​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​-​ក្រុង​-​ស្រុក ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​ថ្នាក់ដឹកនាំ​សាលាខេត្ត​មន្ទីរ​-​អង្គភាព ក្រុង​-​ស្រុក​ទាំង​៧ មេឃុំ​-​ចៅសង្កាត់​ទាំង​៦៤ និង​វិស័យ​ឯកជន​ក្នុង​ខេត្ត​ត្បូងឃ្មុំ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន​បញ្ជាក់ថា បើតាម​របាយការណ៍​នៅ​ឆ្នាំ​២០១៩ និង​២០២០​នេះ កត់សម្គាល់​ឃើញថា​សំណង់​អគារ​មាន​ភាពរស់រវើក​ដោយ​សារ​ការចូលរួមចំណែក​កែលម្អ​ទ្រទ្រង់ និង​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ក៍បាន​ថ្លែង​ការ​កោត​សសរ​សើរ​ចំពោះ​រដ្ឋបាលខេត្ត​ដែល​ខិតខំ​កែលម្អ​លើកកម្ពស់​សោភ័ណភាព​ទីប្រជុំជន​ទី​រួម​ខេត្ត ដែល​បានដាក់​ភ្លើង​បំភ្លឺ​ផ្លូវ​នាពេល​រាត្រី ធ្វើ​សួនច្បារ បង្កើត​កម្មវិធី​សប្បាយៗ​សម្រាប់​ប្រជាពលរដ្ឋ​មកជួបជុំ​លេង​កំសាន្ត​ក្រោម​ម្លប់​សន្តិភាព ព្រមទាំង​ជំរុញ​ឲ្យ​បន្ត​លើ​ការងារ​នេះ​បន្ថែមទៀត​។​

​ឯកឧត្តម បន្ថែមថា ទន្ទឹមនឹង​ការពង្រឹង​គុណភាព​វិស័យ​នានា​ពាក់ព័ន្ធ​ដល់​វិស័យ​ទេសចរណ៍​ការបង្កើត​ផលិតផល​ទេសចរណ៍​ថ្មីៗ​បន្ថែមទៀត​ក្នុង​មូលដ្ឋាន ការអភិវឌ្ឍ​ទេសចរណ៍​នៅនឹងកន្លែង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​នៅក្នុង និង ក្រៅប្រទេស​សំដៅ​បង្កើន​ការងារ បង្កើន ប្រាក់ចំណូល និង​កាត់បន្ថយ​ភាពក្រីក្រ របស់​ប្រជាជន​។​

​ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៍បាន​ថ្លែង​រ៉ាប់រង​គាំទ្រ​សាងសង់​ទាំងស្រុង​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រូចឆ្មារ ព្រមជាមួយ​នឹង​អគារ​ថ្មី និង​មាន​ភាព​ទំនើបកម្ម​។​

​នាឱកាស​នោះដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៍បាន​មានប្រសាសន៍​កោតសរសើ​រ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ទូទាំង​ខេត្ត​ដែលមាន​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ រួមសហការ​យ៉ាង​ជិតស្និទ្ធ និង​ខិតខំ​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ រយ​:​ពេល​ពេញ​មួយឆ្នាំ​កន្លងទៅនេះ ក៍​ដូចជា​ស្នើឱ្យ​បន្ត​អនុវត្តន៍​លើ​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត នា​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​បន្តបន្ទាប់​រហូត​ទៅ​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​មានប្រសាសន៍​ឲ្យ​ដឹង​ដែរ​ថា​សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅនេះ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ធានាបាន​យ៉ាងរឹងមាំ​នូវ​សន្តិភាព ការឯកភាព​ជាតិ សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម ដែលជា​មូលដ្ឋានគ្រឹះ រួមចំណែក​ដល់​ការលើកស្ទួយ​នីតិរដ្ឋ ការការពារ​និង​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ សំដៅ​បង្ក​បរិយាកាស​ល្អប្រសើរ និង​ភាពអនុគ្រោះ​សម្រាប់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​-​សង្គម និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​


​តាមរយៈ​ការអនុវត្ត​វិធានការ​នានា រួមទាំង​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​” បានធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​មានការ​ថយចុះ​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់​។

​ជាមួយនឹង​ការរីកចម្រើន​លើ​ពហុ​វិស័យ ការងារ​បន្ត​កសាង​ស្ថាបនា​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​តំបន់​ក្រុង​នៃ​ទី​រួម​ខេត្ត គឺជា​កិច្ចការ​ជា​អាទិភាព ដែល​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ជា​ចម្បង តាម​គម្រោង​ផែនការ​តម្រូវការ និង​សំណូមពរ​ជាក់ស្តែង​ផងដែរ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​