ឯកឧត្តម ម៉ម ឈឿម ៖ ស្រ្តីគ្រប់រូបជាមូលដ្ឋានគ្រឹៈក្នុងកិច្ចការក្នុងគ្រួសារ និង ចូលរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឱ្យមានការរីកចម្រើន

(កំពង់ឆ្នាំង)៖ ឯកឧត្តម ម៉ម ឈឿម ទីប្រឹក្សាក្រសួង ព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង បានថ្លែងបែបនេះ នាព្រឹក ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជំុមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងការប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី០៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ” ដោយមានការចូលរួមពីមន្រ្តីរាជការចំណុះមន្ទីរសរុបចំនួន៣៨នាក់ ក្នុងនោះស្រី១៧នាក់ផងដែរ។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍បន្តថាៈការអភិវឌ្ឍ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រ ដូចបច្ចុប្បន្ន គឺដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្រ្តី ។ ជាពិសេសសម្តេចតេជោបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹងសមភាពយេនឌ័រ និង ផ្តល់ឱកាសអោយស្រ្តីគ្រប់រូបមានការក្លាហានក្នុងការងារអភិវឌ្ឍន៍គ្រួសារនិងសង្គម។

ឯកឧត្តម ម៉ម ឈឿម បានមានប្រសាសន៍បន្ត ទៀតថាៈ តម្លៃនៃសន្តិភាព និងការលើកកម្ពស់សមភាពយេនឌ័រដែលរាជរដ្ឋាភិបាលបាននឹងកំពុងគាំទ្រជំរុញឱ្យមានការចូលរួមគ្រប់ស្ថាប័នរួមទាំងបុរសនិងស្ត្រី ដើម្បី វឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាពជីវភាព ឋានៈ តួនាទី របស់ស្ត្រី និង សុខុមាលភាពសង្គម ដើម្បីអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនោះលោកស្រី កែវ សេងសុចិន្តាតំណាងអោយមន្រ្តីមន្ទីរបានអានរបាយការណ៍វឌ្ឍនភាព និង អាន ព្រះរាជសារសម្តេចព្រះមហាក្សត្រី នរោត្តមមុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជូនដល់អង្គពិធីឲ្យបានជ្រួតជ្រាតពីខ្លឹមសារដ៏មានអត្ថន័យផងដែរ។

ចុងបញ្ចប់ឯកឧត្តម ម៉ម ឈឿម ក៏បានចែកជូននូវវត្ថុអនុស្សាវរីយ៍ជូនដល់មន្រ្តីជាស្រ្តីទាំង១៧នាក់ផងដែរ៕