វិធានការ៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងមាប្រសិទ្ធិភាព ក្នុងការសង្គ្រោះវិស័យទេសចរណ៍នៅកម្ពុជា ពិសេសគឺខេត្តសៀមរាប !

(សៀមរាប)៖ មានប្រសាសន៍ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ ក្នុងឱកាសប្រារព្ធសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តសៀមរាប ឯកឧត្តមបណ្ឌិតថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកយកនូវវិធានការ៧ចំណុច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាកាតព្វកិច្ចចម្បងបំផុតមកធ្វើការផ្សព្វផ្សាយដល់សមាជិក សមាជិកា នៃអង្គសន្និបាតដែលមានចំនួនជិត ៦០០ នាក់ ហើយក៏ជាទិសដៅអាទិភាពសម្រាប់អនុវត្តក្នុងឆ្នាំ២០២០ ដើម្បីជួយសង្គ្រោះវិស័យទេសចរណ៍នៅក្នុងខេត្ត ខណៈវិបត្តិជំងឺឆ្លង កូវីត-១៩ នៅតែជាកង្វល់ដ៏ធំរបស់ពិភពលោក។

វិធានការទាំង៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងកំណត់យកមកអនុវត្តន៍រួមមាន៖
ទី១. (រដ្ឋទទួលបន្ទុកពន្ធជំនួស) លើកលែង នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និងផ្ទះសំណាក់ រយៈពេលបួនខែ ចំពោះសណ្ឋាគារ និងផ្ទះសំណាក់ បានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពក្នុងខេត្តសៀមរាប ដោយគិតចាប់ពីខែកុម្ភៈ រហូតដល់ខែឧសភាឆ្នាំ ២០២០។ អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀងរាល់ខែក្នុងរយៈពេលលើកលែងពន្ធនេះ។

ទី២. មិនធ្វើសវនកម្មពេញលេញសម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២០ ចំពោះសហគ្រាសក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ ដែលបានចុះបញ្ជី ជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាជីវកម្មក្នុងខេត្ត ។

ទី៣. ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ២០២០ ទាំងចំណាយចរន្ត និងចំណាយវិនិយោគ ពិសេសកាត់បន្ថយការធ្វើដំណើរចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាល និងចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុកឲ្យទៅជាចលនាជាតិធំទូលាយ តាមរយៈការធ្វើសិក្ខាសាលា កិច្ចប្រជុំ វគ្គបណ្ដុះបណ្ដាលខ្លីៗ និងកម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង ស្ថាប័ន របស់រាជរដ្ឋាភិបាល វិស័យឯកជន ស្ថានទូតអង្គការមិនមែនរដ្ឋាភិបាល ឲ្យទៅធ្វើតាមខេត្តសំខាន់ៗ ពិសេសខេត្តសៀមរាប។

ទី៤. បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នា តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ជាពិសេសជាមួយប្រទេសជិតខាងដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប ពិសេសតាមរយៈរថយន្តក្រុង ឬរថយន្តផ្ទាល់ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធភាព នូវបញ្ហាប្រឈមនានា ដែលកើតឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និងបញ្ហាពាក់ព័ន្ធប្រទេសទៀត។

ទី៥. ក្រសួងទេសចរណ៍ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្ក្រាន្ត ២០២០ ពិធីបុណ្យប្រពៃណី សាសនា កម្មវិធីប្រកួតកីឡា ការប្រគុំតន្ត្រី ការបញ្ចាំងភាពយន្ត និងការបង្ហាញម៉ូដសម្លៀកបំពាក់ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។

ទី៦. រក្សាតម្លៃសំបុត្រចូលទស្សនាតំបន់អង្គរឲ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃ សម្រាប់ប្រភេទសំបុត្រនីមួយៗ, សំបុត្រសម្រាប់មួយថ្ងៃ អាចចូលទស្សនាបាន២ថ្ងៃ សំបុត្រសម្រាប់បីថ្ងៃ អាចចូលទស្សនាបាន៧ថ្ងៃ សំបុត្រសម្រាប់ប្រាំពីរថ្ងៃ អាចចូលទស្សនាបាន ១០ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យស្នាក់នៅបន្ថែមនៅព្រះរាជាណាចក្រកម្ពុជា។

ទី៧. ក្រសួងទេសចរណ៍ ត្រូវរៀបចំកម្មវិធីបណ្ដុះបណ្ដាល ដល់កម្មករ-និយោជិត ដែលបាត់បង់ការងារ នៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគា រផ្ទះសំណាក់ និងភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឲ្យមាននូវវគ្គបណ្ដុះបណ្ដាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬការបង្កើនចំនេះដឹងបន្ថែម (Upskilling) និងការផ្ដល់នូវប្រាក់ខែសមរម្យ។

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានលើកឡើងអំពីផែនការបន្តរបស់ក្រសួងថា នឹងខិតខំរៀបចំព្រឹត្តិការណ៍តូច ធំទាំងថ្នាក់ជាតិ និងអន្តរជាតិឱ្យបានច្រើនតាមដែលអាចធ្វើទៅបានក្នុងនោះរួមទាំងព្រឹត្តិការណ៍សាសនាផងដែរ ។

នៅក្នុងនោះដែរ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ស្វាគមន៍ និងគាំទ្រពេញទំហឹងចំពោះវិធានការរបស់រាជរដ្ឋាភិបាល និងផែនការចាំបាច់នានារបស់ក្រសួងទេសចរណ៍ដែលនឹងរៀបចំឲ្យមានព្រឹត្តិការណ៍ទាំងអស់ខាងលើនៅខេត្តនេះ ដើម្បីជួយសង្រ្គោះឱ្យបាននូវបញ្ហាប្រឈមផ្នែកវិស័យទេសចរណ៍នេះឲ្យបានប្រសើរឡើងវិញ ។

គួររំលឹកថា វិធានការចំនួន៧ចំណុចនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ក្នុងកិច្ចប្រជុំឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្ដល់យោបល់ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ៕

អត្ថបទ និងរូបភាព: លោក ងិន គឹមឡេង
កែសម្រួលដោយ លីវ សុខុន