រដ្ឋបាលស្រុក ស្ទោង ប្រជុំត្រួតពិនិត្យ បញ្ហាគ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ជូនពលរដ្ឋ

(កំពង់ធំ)៖ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ លោកឡាយ ស៊ីលី អភិបាលរងស្រុកស្ទោង តំណាងឲ្យ លោក ណែត សារី អភិបាលនៃអគណអភិបាលស្រុកស្ទោង បានដឹកនាំអង្គប្រជុំ ត្រៀមចុះផ្សព្វផ្សាយ ស្តីពីភូមិ/ឃុំ មានសុវត្ថិភាព និងយុទ្ធនាការផលប៉ះពាល់ គ្រឿងញៀនខុសច្បាប់ និងច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការអញ្ជើញចូលរួមពី កងកម្លាំងទាំងបី លោក លោកស្រីមេឃុំទាំង ១៣ លោកមេប៉ុស្តិ៍រដ្ឋបាលទាំង១៣ លោក នាយកវិទ្យាល័យទាំង៤ ព្រមទាំង លោកនាយកអនុវិទ្យាល័យទាំង8 ក្នុងស្រុកស្ទោង។

ថ្លែងក្នុងការបើកអង្គប្រជុំពេលនេះ លោក ឡាយ ស៊ីលី បានលើកឡើងថា បញ្ហាសុវត្ថិភាព គ្រឿងញៀន គ្រោះថ្នាក់ចរាចរណ៍ នៅតែបន្តមានឥត ឈប់ឈរ ហេតុនេះហើយទើបបង្កើតអោយមានកម្មវិធីប្រជុំពេលនេះ។

ជាមួយគ្នានេះ លោកបានកោតសរសើរខ្ពស់ដល់អាជ្ញាធរ អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានសហការ និងចូលរួមថែរក្សាបញ្ហាខាងលើទោះមិនទាន់បានដល់កំរិតក្តី ដែលបានរួមចំណែកយ៉ាងធំធេងបំផុតជាមួយរដ្ឋបាលស្រុកស្ទោង។

ជាការចូលរួមក្នុងឱកាសនេះលោកមេឃុំ ក៏ដូចជាលោមេប៉ុស្តិ៍រដ្ឋបាលទាំង១៣ បានរាយកាណ៍សង្ខេប ជូនអង្គប្រជុំបានជ្រាបពីស្ថានភាព គ្រឿងញៀន ភូមិឃុំមានសុវត្ថិភាព និងបញ្ហាចរាចរណ៍នេះ។

បញ្ជាក់បន្ថែមលើសពីនេះលោក ឡាយ ស៊ីលី បានអោយអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ពិនិត្យ និងអនុវត្តបន្ថែមទៀតចំពោះគណកម្មការ ទប់ស្កាត់គ្រឿងញៀន ដែលបានបង្កើតកន្លងមកអោយបានជាប្រចាំនិង មានប្រសិទ្ធិភាពនិងចេះសហការគ្នាជាប្រព័ន្ធនិងជិតស្និទ្ធបំផុត។

ដើម្បីលើកកម្ពស់សុវត្ថិភាពគ្រឿងញៀន និងចរាចរណ៍ លោកបានសហការ និងបង្កើតនូវកម្មវិធីអប់រំផ្ទាល់ដល់ សិស្សានុសិស្សគ្រប់សាលាមធ្យមសិក្សាក្នុងស្រុក និងបងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានបានចេះដឹងបន្ថែមទៀត។

ជាចុងបញ្ចប់លោកឡាយ ស៊ីលី បានបញ្ជាក់បន្ថែមថា ដើម្បីបញ្ឈប់បញ្ហានេះគឺផ្តើមចេញពីយើងទាំងអស់គ្នាចេះប្រុងប្រយ័ត្ន និងសហការគ្នារាយការណ៍ ចូលរួមដោះស្រាយអោយខានតែបាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ