រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ផ្ដល់​លិខិត​សរសើរ​និង​ប្រាក់រង្វាន់​ដល់​មន្ទីរ​អង្គភាព​ក្រុង​ស្រុក​ទាំង​០៧ និង​៦៤​ឃុំ​សង្កាត់ ដែល​ខិតខំ​បំពេញការងារ​រយៈពេល​ពេញ​មួយឆ្នាំ និង​អនុវត្ត​កម្មវិធី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បានល្អ​ប្រសើរ​

(​ត្បូងឃ្មុំ​)៖ រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បានធ្វើ​ការផ្ដល់​លិខិត​សរសើរ ដល់​មន្ទីរ​អង្គភាព​និង​ក្រុង​ស្រុក​ទាំង​០៧ ដែល​ខិតខំ​បំពេញការងារ​រយៈពេល​ពេញ​មួយឆ្នាំ​២០១៩​កន្លងទៅ ព្រមទាំង​ផ្ដល់​បណ្ណ​សរសើរ និង​ប្រាក់រង្វាន់​លើកទឹកចិត្ត​មាន​ជ័យលាភី​លេខ​១ លេខ​២ និង​លេខ​៣ ដល់​ឃុំ​សង្កាត់​ទាំង​៦៤​ទូទាំង​ខេត្ត ដែល​អនុវត្ត​កម្មវិធី​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​បានល្អ​ប្រសើរ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​ការផ្ដល់​ប័ណ្ណសរសើរ​លើកទឹកចិត្ត និង​ប្រាក់រង្វាន់​បែបនេះ ធ្វើឡើង​នា​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២០ ក្នុង​ពិធី​បើក​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាលខេត្ត​ត្បូងឃ្មុំ ក្រោម​អធិបតីភាព ឯកឧត្តម ស៊ា​ក ឡេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ និង​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​មានប្រសាសន៍ថា សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅនេះ បើតាម​ការពិនិត្យ អាច​សន្និដ្ឋានបានថា សកម្មភាព​ការងារ​របស់​រដ្ឋបាល​ខេត្ត​ត្បូងឃ្មុំ​យើង ធានាបាន​យ៉ាងរឹងមាំ​នូវ​សន្តិភាព ការឯកភាព​ជាតិ សន្តិសុខ ស្ថិរភាព និង​សណ្តាប់ធ្នាប់​សង្គម ដែលជា​មូលដ្ឋានគ្រឹះ រួមចំណែក​ដល់​ការលើកស្ទួយ​នីតិរដ្ឋ ការការពារ​និង​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ សំដៅ​បង្ក​បរិយាកាស​ល្អប្រសើរ និង​ភាពអនុគ្រោះ​សម្រាប់​ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​-​សង្គម និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​។​
​តាមរយៈ​ការអនុវត្ត​វិធានការ​នានា រួមទាំង​ការអនុវត្ត​គោលនយោបាយ “​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​” បានធ្វើ​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ​មានការ​ថយចុះ​ជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់​។

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត រដ្ឋបាល​គ្រប់​ថ្នាក់ អាជ្ញា​ធរមាន សមត្ថកិច្ច​គ្រប់ផ្នែក បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​យ៉ាង​សស្រាក់ សស្រាំ​ក្នុង​ការងារ​បង្ក្រាប​បទ​ល្មើស ជួញដូរ​មនុស្ស អាជីវកម្ម​ផ្លូវភេទ សកម្មភាព​ក្មេង​ទំនើង ល្បែងស៊ីសង​ខុសច្បាប់​និង​បទល្មើស​គ្រប់​ប្រភេទ ដែល​ទទួលបាន​ការគាំទ្រ និង​ការចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។

​ជាមួយនឹង​ការរីកចម្រើន​លើ​ពហុ​វិស័យ ការងារ​បន្ត​កសាង​ស្ថាបនា​អភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​តំបន់​ក្រុង​នៃ​ទី​រួម​ខេត្ត គឺជា​កិច្ចការ​ជា​អាទិភាព ដែល​ត្រូវ​គិតគូរ​យកចិត្តទុកដាក់​ជា​ចម្បង តាម​គម្រោង​ផែនការ​តម្រូវការ និង​សំណូមពរ​ជាក់ស្តែង​ផងដែរ​។​

​ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា អង្គសន្និបាត​នាពេលនេះ នឹង​ទទួលបាន​នូវ​មតិយោបល់ និង​ធាតុ​ចូល​ដ៏​មាន​សារៈសំខាន់​ពី​សំណាក់ អស់លោក លោកស្រី សមាជិក សមាជិកា នៃ​អង្គសន្និបាត​ទាំងមូល ធ្វើការ​ឆ្លុះបញ្ចាំង​លើ​របាយការណ៍ កិច្ចប្រជុំ​ពិភាក្សា លើក​នូវ​បញ្ហា​ប្រឈម​នានា ក្នុងការ​ធ្វើការ​ដោះស្រាយ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ការអនុវត្តន៍​ការងារ​កាន់តែ​ល្អ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

​នាឱកាស​នោះដែរ ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បាន​មានប្រសាសន៍​កោតសរសើ​រ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ទូទាំង​ខេត្ត​ដែលមាន​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ រួមសហការ​យ៉ាង​ជិតស្និទ្ធ និង​ខិតខំ​បំពេញការងារ​យ៉ាង​សស្រាក់សស្រាំ រយ​:​ពេល​ពេញ​មួយឆ្នាំ​កន្លងទៅនេះ ក៍​ដូចជា​ស្នើឱ្យ​បន្ត​អនុវត្តន៍​លើ​ការងារ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត នា​ឆ្នាំ​ថ្មី​នេះ និង​ឆ្នាំ​បន្តបន្ទាប់​រហូត​ទៅ​។​(​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​