រដ្ឋបាល​ខេត្តសៀមរាប បាន​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​សម្រាប់​អនុវត្ដ​ឆ្នាំ​២០២០ ក្នុង​រយៈពេល​០២​ថ្ងៃ !

(​សៀមរាប​)៖ នា​ព្រឹក​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០២០​នេះ រដ្ឋបាលខេត្ត បានប្រកាស​បើ​កស ន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​សម្រាប់​អនុវត្ដ​ឆ្នាំ​២០២០​របស់ខ្លួន ក្នុង​រយៈពេល​០២​ថ្ងៃ គឺ​នៅ​ថ្ងៃទី​០៣ និង ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២០ ក្នុង​គោលបំណង​បង្ហាញ​នូវ​សមិទ្ធផល​ដែល​សម្រេចបាន​ក្នុង​រយៈពេល​ឆ្នាំ​២០១៩​នេះ និង ពិនិត្យ ពិភាក្សា ស្វែងរក​នូវ​ដំណោះស្រាយ​ជា​គន្លឹះ​នានា ចំពោះ​បញ្ហា​ប្រឈម​ទាំងឡាយ​ដែល​នៅ​សេសសល់​មួយចំនួន ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ។​

​អង្គសន្និបាត​នេះ បាន​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សណ្ឋាគារ​សុខា​សៀមរាប ក្នុង​ក្រុង​សៀមរាប ក្រោម​អធិបតីភាព​ឯកឧត្តម ទៀ សីហា អភិបាល នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង ឯកឧត្ដម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ដីទី ដោយមាន​ការចូលរួម​សំណាក់​ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក និង​អភិបាលក្រុង​ស្រុក​គ្រប់​ក្រុង​ស្រុក ព្រមទាំង​ប្រធាន​ក្រុមប្រឹក្សាឃុំ​សង្កាត់​ក្នុង​ទូទាំង​ខេត្តសៀមរាប សរុប​ជិត ៦០០​នាក់ ។​

​មានប្រសាសន៍​បើក​អង្គសន្និបាត​នេះ​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បាន​បញ្ជាក់ថា ការអនុវត្ត​កម្មវិធី​កំណែទម្រង់​នានា ក្នុង​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា ខេត្ត​រក្សាបាន​នូវ​សន្ដិសុខ និង​សណ្ដាប់ធ្នាប់​សង្គម តាមរយៈ​ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​គ្រប់​ប្រភេទ រួមមានៈ អំពើ​ជួញដូរ​មនុស្ស និង​គ្រឿងញៀន ដែល​ទាំងនេះ​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការអភិវឌ្ឍន៍ ការវិនិយោគ និង​សម្រាប់​សុវត្ថិភាព​សាធារណជន​ទូទៅ ជាពិសេស​ដោយមាន​ការ​ចូលរួម និង​កិច្ចសហការ​ពី​គ្រប់​អ្នកពាក់ព័ន្ធ បទល្មើស​គ្រប់​ប្រភេទ​បាន​បង្ក្រាប និង​ទប់ស្កាត់​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ឡើង ទាំង​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស បទល្មើស​ចាប់ជំរិត​តាម online, ឤ​ជីវ​កម្ម​ផ្លូវភេទ បន​ល្បែង​ខុសច្បាប់ ក្រុម​កេ្ម​ង​ទំនើង បទល្មើស​ចរាចរណ៍ និង​បទល្មើស​នានា​ជាច្រើន​ទៀត ដែល​ជាក់ស្តែង​ឃើញថា​បទល្មើស​ព្រហ្មទណ្ឌ​បានកើត​ឡើង​ចំនួន ៦៨​លើ​៧០​លើក ថយចុះ​ចំនួន​២ លើក បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨ ។

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀតថា លទ្ធផល​ដែល​សម្រេចបាន​នេះ គឺ​អាស្រ័យ​ដោយ​សមត្ថកិច្ច​របស់​យើង​បាន​ខិតខំ​បង្ការ​ទប់ស្កាត់ បង្ក្រាប​បទល្មើស​គ្រប់​ប្រភេទ ដោយ​ប្រើប្រាស់​វិធានការ​ជំនាញ​ដើរ​ទន្ទឹមនឹង​ចលនា​មហាជន ដើម្បី​អនុវត្ដ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព បង្កលក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ដ មាន​ភាពកក់ក្ដៅ​ក្នុង​ជីវភាព សង្គម វប្បធម៌ សេដ្ឋកិច្ច នៅ​គ្រប់​មជ្ឈដ្ឋាន​របស់​ថ្នាក់ដឹកនាំ​ទូទាំង​ខេត្ដ ហើយ​លើសពីនេះ​ទៀត ដោយ​កងកម្លាំង​សមត្ថកិច្ច នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខេត្ដ មិន​ត្រឹមតែ​បានធ្វើ​ការងារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ​ប៉ុណ្ណោះ​ទេ គឺ​បាន​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ ក្នុង​កិច្ចការពារ​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ និង​គ្រប់​គណៈប្រតិភូ​ជាតិ និង អន្ដរជាតិ ដែល​អញ្ជើញ​មក​ទស្សនា ឬ ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​តំបន់ និង​ថ្នាក់​ពិភព​-​លោកធំៗ ប្រកបដោយ​ជោគជ័យ​ទៀតផង ។​

​ឯកឧត្តម បាន​បន្ថែមទៀតថា ព្រមជាមួយ​គ្នា​នឹង​សមិទ្ធផល​ជាច្រើន​ដែល​យើង​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ដ​ក៏បាន​ជួប​ប្រឈម​នឹង​បញ្ហា​សេសសល់​មួយចំនួន​ដែល​យើង​ត្រូវ​ត្រួតពិនិត្យ និង​វាយតម្លៃ​នូវ​សកម្មភាព​ការងារ​ដែល​បាន​អនុវត្ដ​រយៈពេល​១ ឆ្នាំកន្លងមក ប្រកបដោយ​ចក្ខុវិស័យ ដើម្បី​មាន​មូលដ្ឋាន​ជាក់លាក់​ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ដ្រ​ថ្មីៗ សំរាប់​អនុវត្ដ​បន្ដ​ឱ្យ​ទទួលបាន​ជោគជ័យ​ក្នុង​ឆ្នាំ​២០២០ នេះ ។ ដូច្នេះ​អង្គសន្និបាត​ក៏មាន​កាលា​នុ​វត្ដ​ភាព​ដើម្បី​ពិនិត្យ ពិភាក្សា ស្វែងរក​នូវ​ដំណោះស្រាយ​ជា​គន្លឹះ​នានា ចំពោះ​បញ្ហា​ទាំងឡាយ​ក្នុង​បទ​អន្ដរាគមន៍​របស់​សមា​ជិ​ក​អង្គសន្និបាត សម្រាប់​ឱ្យ​រដ្ឋបាល​ខេត្ដ មាន​មូលដ្ឋាន​ជាក់លាក់​បន្ដ​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ឱ្យបាន​កាន់តែ​ប្រសើរឡើង ៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​)​