តើ​កម្ពុជា​បាន​ត្រៀមលក្ខណៈ​បម្រុង​ការពារ និង​ទប់ស្កាត់​ជំងឺឆ្លង​កូ​វីដ ១៩ ដោយ​របៀប​ណា​?

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី ០២ ខែមីនា ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​នៃ​កម្ពុជា បានរៀបចំ​សន្និសីទ​សារព័ត៌មាន​ស្តីពី​ការឆ្លើយតប ការការពារ និង​ការត្រៀម​អន្តរាគមន៍​លើ​ការចម្លង​ជំងឺ​កូ​រ៉ូ​ណា​ថ្មី ឬ COVID-19 នៅ​កម្ពុជា​។ សន្និសីទ​សា​ព័ត៌មាន​នេះ​បានធ្វើ​ឡើង នៅ​ទីស្ដីការ​ក្រសួងសុខាភិបាល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោកស្រី​ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​កម្ពុជា និង​ប្រធាន​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​ផងដែរ ដែល​បាន​ផ្សាយ​ផ្ទាល់ (live) ទាំងស្រុង​នៅក្នុង​ផេ​ក​សម្តេច​តេ​ជោ​នាយករ​ដ្ធ​មន្ត្រី​មុននេះ​បន្តិច​។​

​ឯកឧត្តមរ​ដ្ធ​មន្ត្រី ម៉ម ប៊ុនហេង បាន​មានប្រសាសន៍ថា បច្ចុប្បន្ននេះ ក្រសួង​សុខា​ពិ​បាល បានធ្វើ​ការតាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​ពី​ការបង្កា​ការពារ​នៃ​ជម្ងឺ​កូ​វីដ​១៩​នេះ​។ ចាប់តាំងពី​ថ្ងៃ​ផ្ទុះ​មេរោគ​ឆ្លង​លើកដំបូង​មក ក្រសួងសុខាភិបាល​បានដាក់​ម៉ាស៊ីន​ស្កេ​ន​គ្រប់​ច្រក​ឆ្លងកាត់​ព្រំដែន​ទាំងអស់ ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ​នានា​ដើម្បី​ពិនិត្យ​រោគសញ្ញា​គ្រប់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់​ដែល​បាន​ឆ្លងកាត់​កម្ពុជា​។ ក្រសួងសុខាភិបាល​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ អង្គការ​សុខភាព​ពិភពលោក និង​វិទ្យាស្ថាន​ប៉ាស្ទ័រ ក្នុងការ​ពិនិត្យ​តាមដាន​លើ​ករណីនេះ​។ ទន្ទឹមនឹង​នេះដែរ ក្រសួង​បាន​អំពាវ​នា​អោយ​ប្រជាជន​កម្ពុជា​ទាំងអស់​រួមគ្នា​ប្រយុទ្ធ​ទប់ស្កាត់​ជម្ងឺ​កូ​វីដ ១៩ តាមរយៈ​ការអនុវត្ត​នូវ​វិធាន​ការដែល​ក្រសួង​បានដាក់​ចេញ និង​ជួយ​លុបបំបាត់​ព័ត៌មាន​ក្លែងក្លាយ​ដែល​កន្លងមក​មាន​អ្នក​ផ្សាយ​ព័ត៌មាន​បំពុលសង្គម​មួយចំនួន​ថា​មាន​អ្នក​កើត​ជម្ងឺ​នេះ​ក្នុងប្រទេស​កម្ពុជា​។​

​ថ្មីៗ​នេះ ក្រសួងសុខាភិបាល​ក៏បាន​បណ្តុះបណ្តាល​មន្ត្រី​សុខាភិបាល​ជា​បន្តបន្ទាប់​ទាក់ទង​នឹង​វិធានការ​អប់រំ​នានា រួមទាំង​ផ្នែក​ផ្តល់ព័ត៌មាន និង​ត្រៀម​សម្ភារៈ​ផ្សេងៗ​ដើម្បី​ត្រៀម​បង្កា​មានដូចជា ត្រៀម​ឡាន​ជួយសង្គ្រោះ​បន្ទាន់ ,​ម៉ាស​ការពារ​, ពង្រីក​បន្ថែម​មន្ទីរពិសោធន៍​។​ល​។ ការងារ​នេះ​មិនមែនជា​ការងារ​ថ្មី​នោះទេ គឺ​ក្រសួង​តែងតែ​ត្រៀម​បង្កា​ការពារ​ជានិច្ច​លើ​គ្រប់​ករណី​មាន​ផ្ទុះ​ជម្ងឺ​ផ្សេងៗ ជាក់ស្តែង​ដូច​ពេល​ដែលមាន​ជម្ងឺផ្តាសាយបក្សី​កន្លងទៅ​ជាដើម​។​

​ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាល​ក៏បាន​បានធ្វើ​វីដេអូ​អប់រំ​ពី​ការចូលរួម​ទប់ស្កាត់​ជម្ងឺ​កូ​វីដ ១៩ ហើយ​ក្រសួង​សូមអោយ​បណ្តាញ​សារព័ត៌​ក្នុងស្រុក​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​អោយបាន​ញឹកញាប់​ដើម្បីអោយ​ប្រជាពលរដ្ឋ​យើង​កាន់តែ​យល់ដឹង​ច្រើន​ពី​ជម្ងឺ​នេះ​នៅ​ទូទាំងប្រទេស​។​

​ក្រសួង​សុខា​ពិ​បាល​កម្ពុជា​ក៏បាន​បញ្ជាក់​អំពី​រោគសញ្ញា​ក្នុងករណី​សង្ស័យថា​មាន​ជម្ងឺ ដែល​ត្រូវបាន កំណត់​ជាទូទៅ ដូចជា​មានកំ​ដៅ​លើស​៣៨ , មាន​ក្អក​ស្ងួត​ញឹកញាប់ , ឈឺបំពង់ក​, ពិបាក​ដកដង្ហើម​, មាន​ប្រវត្តិ​ធ្លាប់​ទៅ​កន្លែង​ដែល​សង្ស័យថា​មាន​កើត​ជម្ងឺ​កូ​វីដ​១៩ គឺ​ត្រូវកា​រយៈពេល​១៤​ថ្ងៃ​ដើម្បី​ពិនិត្យ​តាមដាន​សុខភាព​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បានបញ្ជាក់​យ៉ាងច្បាស់​ថា ក្រសួង​គ្មាន​ហេតុផល​អី​ដែល​ត្រូវ​លាក់បាំង​ចំពោះ​ការកើតមាន​ជម្ងឺ​នេះ​ក្នុងប្រទេស​កម្ពុជា​ទេ​។ ផ្ទុយទៅវិញ​ក្រសួងសុខាភិបាល​បាន​យកចិត្តទុកដាក់​ជាទីបំផុត​ដើម្បី​ផ្តល់ព័ត៌មាន​ប្រាប់​ទៅ​ប្រជា​ពលរ​ដ្ធ​អោយ​ទទួលបាន​កាន់តែ​ឆាប់​បំ​ណ​ផុត​។ មកដល់ពេលនេះ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ចំនួន ១៣៥​នាក់​បាន​យកមក​ពិនិត្យ​រក​ជម្ងឺ​នេះ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ ដែលមាន​លទ្ធផល ”​អវិជ្ជមាន Negative” គឺ​មិនមាន​ជម្ងឺ​កូ​វីដ​១៩​ទេ​។ ប្រសិនបើ​ពលរ​ដ្ធ​មាន​សង្ស័យ ឬ​មាន​ករណី​បន្ទាន់​ណាមួយ​ចំពោះ​ជម្ងឺ​កូ​រ៉ូ​ណា ១៩ នេះ ប្រជាពលរដ្ឋ​អា​ចខ​ល​មក​លេខ ១១៥ បាន​គ្រប់ពេល​ទាំងអស់​។​

​ក្រសួងសុខាភិបាល​កម្ពុ​ជា​បាន​អំពាវនាវ​អោយ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ពី​បញ្ហា​ជម្ងឺ​កូ​វីដ ១៩ នេះ បើ​មាន​ករណី​ម​ន្ទឹ​ល​សង្ស័យ សូម​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ​ជំនាញ កុំ​ឆាប់​ដាក់​ការសង្ស័យ​ជ្រុល​ថា​ខ្លួន​មាន​ជម្ងឺ​កូ​វីដ ១៩ ដោយ​មិនបាន​ពិគ្រោះ​ជាមួយ​មន្ទីរពេទ្យ​ជំនាញ​។ ជាពិសេស សូម​ពលរ​ដ្ធ​ត្រូវ​ចូលរួម​ការពារ និង​ធ្វើ​អនាម័យ​ខ្លួនឯង​ផ្ទាល់ និង​អនាម័យ​គ្រួសារ​ជាប្រចាំ ដូចជា​លាងដៃ​អោយបាន​ញឹកញាប់​, រស់នៅ​ស្អាត និង​ហូប​ស្អាត​ជាដើម​។​

​ជា​រៀងរាល់ថ្ងៃ វិទ្យាស្ថាន​ប៉ាស្ទ័រ បានទទួល​អ្នក​មក​ធ្វើតេស្ត​រក​ជម្ងឺ​កូ​វីដ​១៩​នេះ យ៉ាងហោចណាស់​មាន​២ ឬ​៣​នាក់ ក្នុង​១​ថ្ងៃ​។ មកទល់ពេលនេះ គឺ​មិនទាន់មាន​ពលរដ្ឋ​ខ្មែរ​យើង​ណា​ម្នា​ក់មាន​ឆ្លង​ជំងឺ​កូ​វីដ ១៩ នេះ ទេ​។​

​ក្រសួង​សុខ​ភិ​បាល​កម្ពុជា​ក៏បាន​បញ្ជាក់​ផងដែរ​ថា សព្វថ្ងៃនេះ ក្រៅពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​ដែល​ទទួល​ពិនិត្យ​សំណាក (​កំហាក​) នោះ យើង​ក៏មាន​វិទ្យាស្ថាន​សុខភាព​សាធារណៈ​មួយទៀត​ដែរ​ក្នុង​ការទទួល​ជួយ​ពិនិត្យ​រោគសញ្ញា​ជម្ងឺ​កូ​វីដ​១៩ ដែល​យើង​មាន​មន្ទីរពិសោធន៍​ហើយ​សហការគ្នាជាមួយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផងដែរ​៕​