ឯកឧត្តម ទៀ សីហា ជួបប្រជុំជាមួយប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA)

(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប ជួបប្រជុំជាមួយប្រតិភូ នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន( JICA) ដឹកនាំដោយលោកស្រី Tsuboike Asuka នាយកក្រុមហ៊ុនអភិវឌ្ឍទីក្រុង និងតំបន់ នៃនាយកដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងការកសាងសន្តិភាព JICA នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តសៀមរាប ។

នៅក្នុងកិច្ចប្រជុំនោះដែរការចូលរួមពី: ខាងភាគីអង្គការJICA មានសមាជិកប្រតិភូ និងតំណាងក្រុមហ៊ុនមកពីប្រទេសជប៉ុនសរុប១៤រូប និងខាងភាគីខេត្តសៀមរាបមានលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្តខេត្ត លោកអភិបាលក្រុងសៀមរាប ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីសាលាខេត្ត ចំនួនជិត៤០រូប សរុបរួមជាង៥០រូប ។

ក្នុងកិច្ចប្រជុំនោះបានពិនិត្យពិភាក្សាការចាប់ផ្តើមសិក្សា លើគម្រោងទីក្រុងវៃឆ្លាត ( Smart City in Siem Reap ) ដែលជាគោលដៅអភិវឌ្ឍន៍ក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងទំនើប ដើម្បីមានសមត្ថភាពប្រកួតប្រជែងជាមួយទីក្រុងនានា នៅតំបន់ និងសាកលលោក ។ ក្រុមការងារទាំងពីរនឹងបន្តជួបគ្នា ដើម្បីសិក្សាលើគម្រោងនេះ ឲ្យបានសុីជម្រៅ និងប្រកបដោយការទទួលខុសត្រូវ ក្នុងការសម្រេចឱ្យបាននូវការអភិវឌ្ឍមួយដែលមានគុណភាព និងប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទ និងរូបភាព: លោកខេង ឧត្តម
កែសម្រួលដោយលីវ សុខុន