ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតលើកទី២២

(កំពត)៖ កាលពីរសៀលថ្ងៃចន្ទ ៩កើត ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី០២ខែមីនាឆ្នាំ ២០២០ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តលើកទី២២ ក្រោមអធិបតីភាព ដឹកនាំកិច្ចប្រជុំឯកឧត្តមជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ កិច្ចប្រជុំនេះមានសមាជិកចូលរួមពីសំណាក់ លោក-លោកស្រីក្នុងជួរគណៈអភិបាលខេត្ត អភិបាលក្រុង ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត គណៈបញ្ជាការកងឯកភាពនៃអង្គភាពកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តកំពតសរុបចំនួន៧៩ នាក់។

បន្ទាប់ពី បានពិនិត្យពិភាក្សាលើរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែកុម្ភះឆ្នាំ២០២០ ដែលបានឆ្លុះបញ្ចាំង ឲ្យឃើញ ពីវឌ្ឍនភាពរីកចម្រើន ក៏ដូចបញ្ហាប្រឈមនានា របស់បណ្ដាអាជ្ញាធរក្រុង ស្រុក មន្ទីរអង្គភាព ព្រមទាំងបណ្ដាកងឯកភាពនៃកងកម្លាំង ក្នុងភូមិសាស្ត្រខេត្តកំពតរួចមក
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមជាវតាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានលើកបញ្ជាក់ថា ដោយផ្ដើមចេញ ពីសភាពការណ៍ល្អប្រសើររបស់ប្រទេសជាតិ ក៏ដូចក្នុងខេត្តកំពតទាំងមូល ធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងមានជំនឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុន សែនជាប្រមុខ ដែលបានបង្កើតបាននូវ កាលានុវត្តភាព ក្នុងការស្រូបទាញចំណូលផ្នែកសេដ្ឋកិច្ច ធ្វើឲ្យមានកំណើនជីវភាពរបស់ប្រជាពលរដ្ឋតាមរយៈការកើនឡើង នូវទេសចរជាតិ-អន្តរជាតិនិងមានការអភិវឌ្ឍលើគ្រប់វិស័យនៅទូទាំងប្រទេស ជាពិសេសនៅក្នុងខេត្តកំពត ដែលជាខេត្តប្រកបដោយសក្ដានុពលយ៉ាងខ្លាំងក្លា។


ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការកត់សំគាល់និងបានធ្វើការវាយតម្លៃខ្ពស់ លើចំណុចខ្លាំងមួយចំនួនដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានអនុវត្តកន្លងមកយ៉ាងល្អប្រសើរ ព្រមទាំងបានលើកបង្ហាញនូវចំណុចខ្សោយមួយចំនួន ដើម្បីរួមគ្នាធ្វើការកែលម្អនិងដោះស្រាយឱ្យបានជាបន្ទាន់ នូវយន្តការចុះត្រួតពិនិត្យ ផ្សព្វផ្សាយនិងអនុវត្តច្បាប់ព្រមទាំងការចូលរួមសហការពីមជ្ឈដ្ឋាននានា ដែលនៅមានកម្រិត។

ឯកឧត្តម ក៏បានបន្តជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច មន្ទីរជំនាញ និងកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ឲ្យបានសកម្មខ្លាំងក្លាថែមទៀតនូវតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីសម្រេចឲ្យបាន ជោគជ័យនិងមានប្រសិទ្ធភាពកាន់តែល្អប្រសើរឡើង។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមទៀតថា ត្រូវធ្វើការយកចិត្តទុកដាក់អនុវត្តនូវផែនការទិសដៅបន្តដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយបានដាក់ចេញ សម្រាប់អនុវត្តដែលក្នុងនោះរួមមាន៖ ត្រូវរៀបចំផែនការសកម្មភាពច្បាស់លាស់ ក្នុងការចាត់តាំងអនុវត្តការបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសនានាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន, បន្តពង្រឹងពូនជ្រុំទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរជាប់ព្រំដែនដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិឲ្យបានល្អប្រសើរ, ពង្រឹងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការទទួលខុសត្រូវលើតួនាទីភារកិច្ចនិងត្រៀមសម្ភារៈមធ្យោបាយដើម្បីឆ្លើយតបតម្រូវការការងារប្រចាំថ្ងៃ។

បន្តប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងមធ្យោបាយសរុប ដើម្បីគ្រប់គ្រងនិងដោះស្រាយសភាពការណ៍ក្នុងខេត្ត, ជម្រុញសកម្មភាពផ្សព្វផ្សាយ និងធ្វើវេទិកាសាធារណៈឱ្យបានទូលំទូលាយ ព្រមទាំងពង្រឹងសកម្មភាពក្រុមប្រជាការពារក្នុងការចូលរួមសហការការពារ ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន និងបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងប្រមូលទិន្នន័យ លើ សកម្មភាពអនុវត្តគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំងអង្គភាព និងបុគ្គលត្រៀមលក្ខណៈក្នុងការវាយតម្លៃលទ្ធផលប្រឡងប្រណាំងតាមលក្ខណៈវិនិច្ឆ័យរបស់ក្រសួងមហាផ្ទៃ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត