សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធីចុះពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា នៅស្រុកកំចាយមារ

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ២០២០ នៅអនុវិទ្យាល័យសម្ដេចឪ បានរៀបចំពិធីពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីបងប្អូនប្រជាពលរដ្ឋ ៧,០០០ នាក់ដែលស្ថិតនៅឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ថ្លៃនៅក្នុងឱកាសនោះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានកោតសរសើរចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលតែងតែលះបង់គ្រប់យ៉ាងដើម្បីចុះពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅស្រុកកំចាយមារ ក្នុងខេត្តព្រៃវែង នាពេលនេះ។

សម្ដេចក្រឡាហោម ក៏បានបន្តទៀតថា សុខភាពជាបញ្ហាចម្បងជាងគេក្នុងជីវិតមនុស្សដើម្បីអភិវឌ្ឍប្រទេសឲ្យបានជឿនលឿនគប្បីត្រូវយកចិត្តទុកដាក់ថែទាំសុខភាពប្រជាពលរដ្ឋឲ្យបានល្អ បើមិនដូច្នេះទេ នឹងគ្មានធនធានមនុស្សប្រើប្រាស់ហើយបន្ទុកហិរញ្ញវត្ថុនិងធ្លាក់លើរដ្ឋកាន់តែធ្ងន់ក្នុងការចំណាយដូច្នេះហើយបានជារាជរដ្ឋាភិបាលបានដាក់បញ្ចូលការកែទម្រង់ការពង្រឹង ការពង្រីក ការផ្ដល់សេវាសុខភាពប្រកបដោយប្រសិទ្ធភាព និងទាន់ពេលនៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ ដើម្បីបន្តអនុវត្ត។ ជាលទ្ធផលវិស័យសុខាភិបាលបានកាន់តែរីកចំរើនកាន់តែប្រសើរដោយមានទាំងប្រព័ន្ធសុខាភិបាលរដ្ឋ ឯកជន​អង្គការមនុស្សធម៌​និងក្រុមការងារផ្សេងៗរួមគិត​រួមធ្វើ​រួមទទួលខុសត្រូវ​ជាមួយគ្នាដើម្បីសុខភាពរាស្ត្រសុខមាលភាពសង្គមទាំងមូល​ប៉ុន្តែទោះបីជាយ៉ាងណាសូមចាំពាក្យស្លោកខ្មែរពោលថា(ការពារប្រសើជាងព្យាបាល) ពោលគឺត្រូវថែទាំសុខភាពដោយខ្លួនឯងដោយប្រកាន់ខ្ជាប់នូវបរិស្ថាន​​ អនាម័យ ដេកស្អាត ហូបស្អាត រស់នៅស្អាត។

ចំពោះបញ្ហា និងមេរោគខូវីដ១៩ នេះផងដែរ សម្ដេចក៏សូមអំពាវនាវដល់លោកយាយលោកតា បងប្អូន កូនក្មួយ ទាំងអស់បន្តប្រុងប្រយ័ត្ន និងអប់រំកូនចៅបន្តការពារជា ពិសេសដោយថ្មីៗនេះមានសេចក្តីអំពាវនាវពីក្រសួងសុខាភិបាលស្នើសុំកិច្ចសហការពីអាជ្ញាធរដែនដី សូមឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក៏គប្បីបន្តសហការជាមួយខាងសុខាភិបាល ដើម្បីផ្សព្វផ្សាយអំពីវិធានការ ការងារ និងព្យាបាលតាមគ្រប់យន្តការ និងគ្រប់រូបភាពតាមដែលអាចធ្វើទៅបាន យើងមិនគួរធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ននោះឡើយបើទោះបីមិនទាន់មានប្រជាពលរដ្ឋកម្ពុជាយើងកើតនូវមេរោគនេះក្តី។

សូមបញ្ជាក់ផងដែរថាចាប់ពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០២0 នេះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា បានចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាជនចំនួន ១៨ លើកស្មើនឹងប្រជាពលរដ្ឋចំនួន ៤ម៉ឺន ៣,៥១៩ នាក់មកហើយ៕ ដោយ៖មន្ទីរព័ត៌មានខេង្តព្រៃវែង