កាកបាទក្រហមកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអណ្តូងទឹកស្អាតចំនួន ១៩ ជូនប្រជាពលរដ្ឋចំនួន ៣៩៦គ្រួសារ រស់នៅ ខេត្តព្រះវិហារ

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃសៅរ៍ ៧កើត ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានចាត់ឲ្យឯកឧត្តមវេជ្ជបណ្ធិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា សម្ពោធដាក់ឱ្យប្រើប្រាស់អណ្តូងទឹកស្អាតប្រភេទ             អាហ្វ្រីដេស ចំនួន១៩ ជូនប្រជា ពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ចំនួន៣៩៦ គ្រួសារ (ស្មើនឹងមនុស្ស ១,០៩៧នាក់) រស់នៅភូមិចំនួន១៥ ក្នុងឃុំចំនួន៥ រួមមាន ឃុំរៀបរយចំនួន៣អណ្តូង ឃុំរួសរាន់ ចំនួន៤អណ្តូង ឃុំរីករាយចំនួន ៣អណ្តូង ឃុំរស្មីចំនួន៤អណ្តូង ឃុំរបៀបចំនួន៥អណ្តូង នៃស្រុករវៀង ខេត្តព្រះវិហារ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុយ សំអាត បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងការគិតគូរពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ និងសូមគិតគូរថែទាំសុខភាពឱ្យបានល្អ ត្រូវពិសាទឹកដាំពុះ ត្រូវលាងដៃ និងមុជទឹកឱ្យបានស្អាតជាប្រចាំមុនពេលបរិភោគអាហារ ដើម្បីបង្ការជំងឺផ្សេងៗ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋចូលរួមប្រើប្រាស់ទឹកដោយសន្សំសំចៃ ទៅតាមសារាចរណ៍ណែនាំរបស់រាជរដ្ឋាភិបាល ពីព្រោះបញ្ហាបម្រែបម្រួលអាកាស ធាតុ នេហើយដែលអាចធ្វើឱ្យមានបញ្ហាកើតឡើងដូចជាគ្រោះរាំង ស្ងួត ភ្លើងឆេះព្រៃ ទឹកជំនន់ជាដើម និងសូមឱ្យអ្នកទទួលផលអណ្តូង ទឹកទាំងអស់ ត្រូវចូលរួមថែរក្សាអនាម័យ ជួសជុលសមិទ្ធផលអណ្តូងទឹកស្អាតទាំងនេះ ឱ្យប្រើប្រាស់បានគង់វង្សយូរអង្វែង។

ជាមួយគ្នានោះ លោកជំទាវ ចឹក ហេង អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឱ្យដឹងថាខេត្តព្រះវិហារ ចាប់តាំងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០នេះ ខេត្តព្រះវិហារ បានទទួលអណ្តូងទឹកស្អាតសរុបចំនួន ២៥៤អណ្តូង ពីកាកបាទក្រហមកម្ពុជា ដែលបានសាងសង់ក្នុងស្រុកគោលដៅចំនួន ៨ក្រុង/ស្រុក  រួមមាន ស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកគូលែន ស្រុកសង្គមថ្មី ស្រុករវៀង ស្រុកជ័យសែន ស្រុកត្បែងមានជ័យ និងក្រុងព្រះវិហារ មាន៤៩ឃុំ ដែលមានចំនួន ៤,៦១៩គ្រួសារ ស្មើនឹង ១៦,១៦៦នាក់ ខេត្តព្រះវិហារ។

លោកជំទាវ បានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្ននេះខេត្តព្រះវិហារកំពុងប្រឈមការខ្វះខាតទឹកស្អាតប្រើប្រាស់ដោយសារបម្រែបម្រួលអាកាសធាតុ ដែលធ្វើឱ្យមានគ្រោះរាំងស្ងួតស្ទើគ្រប់ទីកន្លែង និងស្នើសុំដល់កាកបាទក្រហមកម្ពុជា មេត្តាផ្តល់អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រះវិហារបន្ថែមទៀត។

ជាចុងក្រោយលោកជំទាវ បានថ្លែងអំណរគុណដល់កាកបាទក្រហមកម្ពុជា ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះទាំងអស់គ្រប់ទីកន្លែង ដោយមិនប្រកាន់ពីនិន្នាការ នយោបាយអ្វីឡើយ និងសូមគោរពជូនពរសម្តេចទាំងពីរ មានសុខភាពល្អ ជន្មាយុយឺនយូរ កម្លាំងមាំមួន ដើម្បីដឹកនាំសង្គមជាតិឱ្យកាន់តែរីកចម្រើនបន្តទៀត។

ឆ្លៀតក្នុងឱកាសនោះដែរ កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន៧០គ្រួសារ មកពីភូមិ ច្របក់ផ្អែម ក្នុងឃុំរស្មី ស្រុករវៀង ខេត្តព្រះវិហារ ក្នុងមួយគ្រួសារទទួលបាន (សារុង១ និងក្រមា១)។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានឧត្ថម្ភបន្ថែមដល់គ្រួសារចាស់ជរាឥតទីពឹង១គ្រួសារ និងគ្រួសារកូនភ្លោះ១គ្រួសារនូវ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ១០កំប៉ុង, ទឹកសុីអ៊ីវ ១យួរ, ឃីត១ (មុង ភួយ សារុង និងអាវយឺត)ផងដែរ៕ ដោយ៖មន្ទីរព័ត៌មានខេត្តព្រះវិហ៊ារ