ASEM Day នឹងប្រារព្ធធ្វើឡើង ក្រោមប្រធានបទ៖ “ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ របស់កម្ពុជា ឆ្នាំ២០២០” 

AKP ភ្នំពេញ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ — ថ្លែងនៅក្នុងកិច្ចពិភាក្សា នារសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅភ្នំពេញ លោកជំទាវ ជ្រឹង បុទុម រង្សី អនុរដ្ឋលេខាធិការក្រសួងការបរទេស បានមានប្រសាសន៍ថា ASEM Day នឹងប្រារព្ធធ្វើឡើង ក្រោមប្រធានបទ៖ “ការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ របស់កម្ពុជា ឆ្នាំ២០២០”។

លោកជំទាវបានបន្តថា កម្មវិធីASEM DAY ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ នៅសួនច្បារខាងមុខវត្តមុទុមវត្តី នឹងមានការចូលរួមជាអធិបតីពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អង្គទូតនានាដែលមាននិវេសនដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា មហាជន សិស្សានុសិស្ស ព្រមទាំងមានស្តង់ពិពរណ៌ផ្សេងៗរបស់អនុគណៈកម្មការទាំង៦ នៃគណៈកម្មាការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ការប្រគំតន្ត្រី និងការសម្តែងសិល្បៈចម្រុះជាដើម។
លោកជំទាវបានឱ្យដឹងថា “ASEM DAY គឺជាព្រឹត្តិការណ៍មួយដែលធ្វើឡើងដើម្បីចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីកិច្ចប្រជុំកំពូលASEM និងដើម្បីបង្កើន ព្រមទាំងជំរុញការយល់ដឹងអំពីកិច្ចប្រជុំកំពូលASEM ដល់និស្សិត និងពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ។ ហើយASEM Day ដែលគ្រោងនឹងធ្វើឡើងនាពេលខាងមុខនេះ នឹងធ្វើឡើងដោយមានភាពអធិកអធម និងអស្ចារ្យ ជាងបណ្តាឆ្នាំមុនៗ ព្រោះកម្ពុជាបានទទួលទំនុកចិត្តពីសហគមន៍អន្តរជាតិសម្រាប់ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនេះ។”

គួររំលឹកថា កម្ពុជាបានក្លាយជាសមាជិកនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប នៅឆ្នាំ២០០៤ និងត្រូវបានផ្តល់សេចក្តីទុកចិត្ត ឱ្យធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣នេះ ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមប្រធានបទ៖ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម” ដោយនឹងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំកំពូល នៃប្រទេសនៅតំបន់អឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុប។

ដោយ ផែន រតនៈ