មន្ត្រីសង្ឃជាន់ខ្ពស់ និងអាជ្ញាធរក្នុងខេត្តសៀមរាប អញ្ជើញសម្ពោធសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម

(សៀមរាប)៖ នារសៀលថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០នេះ នៅវត្តរាជបូព៌ ក្រុងសៀមរាប មានរៀបចំពិធីសម្ពោធសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម និងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីសមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម ក្រោមព្រះអធិបតីភាព ព្រះគ្រូវិន័យវិសុទ្ធិមេធា បញ្ញាបជ្ជោតោ សាយ ឡុញ ឧត្តមក្រុមប្រឹក្សាភិបាលសមាគម តំណាង ព្រះធម្មសិរី ជុំ គឹមឡេង ព្រះសុមង្គលសិលាចារ្យ ព្រះមេគណខេត្តសៀមរាប ឯកឧត្តម ទេស ចន្ទគិរី សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីមន្ត្រីសង្ឃជាន់ខ្ពស់ក្នុងខេត្ត មន្ទីរស្ថាប័ន សមណរសិស្ស ពុទ្ធបរិស័ទជាច្រើនអង្គ នាក់។

មានថេរដីការ ក្នុងឱកាសនោះ ព្រះតេជព្រះរតនឃោសកោ សោម សេរីឫទ្ធី ស្ថាបនិក សមាគមមត៌ក បង្ហាញថា គោលបំណងក្នុងការបង្កើតសមាគមនេះឡើង ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ឲ្យបានគ្រប់ ៥០០០ព្រះវស្សាក្នុងការ ឈ្វេងយល់អំពីពុទ្ធោវាទ និងប្រឹក្សាយោបល់ដល់ពុទ្ធសាសនិក និងបណ្ដុះនូវសង្គហធម៌ សីលធម៌ និងសុជីវធម៌ ដល់ពុទ្ធបរិស័ទទូទៅ។ ក្នុងនោះ សមាគមក៏នឹងមានបេសកកម្មចូលរួម ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ក្នុងការពង្រឹងវិស័យអប់រំនៅកម្ពុជាផងដែរ។

តាមការលើកឡើងរបស់ លោកអភិបាលរងខេត្ត  ពុទ្ធសាសនា មិនត្រឹមតែអំប់រំណែនាំ ដល់មនុស្សឲ្យស្គាល់អំពើល្អ និងអំពើអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែពុទ្ធសាសនា ក៏ដូចជាព្រះសង្ឃ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងអភិវឌ្ឍសង្គមដូចជា ការរៀបចំពិធីបុណ្យសាសនានានា ដើម្បីរៃអង្គាសថវិកា ចូលរួមកសាងសាលារៀន សំណង់សាធារណៈ ហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន។ មួយវិញទៀត ព្រះសង្ឃ ក៏បានជួយឲ្យមានស្ថេរភាពសង្គម តាមរយៈការផ្សះផ្សារជម្លោះនយោបាយ និងជម្លោះបុគ្គលផងដែរ។ ជាពិសេស កាលពីអតីតកាល និងរហូតដល់បច្ចុប្បន្ន វត្តអារាម គឺជាសាលារៀន ផ្ដល់ចំណេះដឹង ជាកន្លែងស្នាក់អាស្រ័យរបស់សិស្សនិស្សិត អ្នកគ្មានទីជម្រកសម្រាប់ស្នាក់បណ្ដោះអាសន្ន និងជាកន្លែងតម្កល់ឯកសារ ច្បាប់ក្បួនសំខាន់ៗ សម្រាប់កូនខ្មែរធ្វើការសិក្សាស្រាវ។

ជាមួយនោះ លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់ព្រះសង្ឃ នៅតាមវត្តអារាមនានាក្នុងខេត្ត សូមជួយកត់ត្រាអំពីប្រវត្តិ ព្រឹត្តិការណ៍សំខាន់ ដែលបានកើតឡើងនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីទុកជាឯកសារ ឲ្យអ្នកស្រាវជ្រាវ ក៏ដូចជាក្មេងៗជំនាន់ក្រោយ បានដឹងពីប្រវត្តិ ឬមូលហេតុនាំឲ្យកើតឡើងព្រឹត្តិការណ៍ទាំងអស់នោះ។

សូមបញ្ជាក់ថា សមាគមមត៌កព្រះពុទ្ធសាសនា និងសង្គម បានចុះបញ្ជីស្របច្បាប់ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានទីស្នាក់ការនៅវត្តគោកស្រិត ភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាប។  ថវិកា ដែលប្រមូលបានពីពិធីបុណ្យផ្កាប្រាក់សាមគ្គី ក្នុងឱកាសនេះ នឹងចូលរួមឧបត្ថម្ភជាអាហារូបករណ៍ ឱកាសការងារ ជូនដល់មន្ត្រីសមាគម សមណសិស្ស-និស្សិត មិនមានលទ្ធភាពបន្តការសិក្សានៅសកលវិទ្យាល័យ និងឧបត្ថម្ភគាំទ្រដល់សមាគមផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប