ការរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​ នៅមុខខាងលិចប្រាសាទព្រះខ័ន

(សៀមរាប)៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០ កក្រុមការងារចម្រុះដឹកនាំដោយលោក យិត​ ចាន់ដារដ្ឋ​ អគ្គនាយករង​ និងជាតំណាងឲ្យឯកឧត្តម ហង់​ ពៅ​ អគ្គនាយកអាជ្ញាធរជាតិអប្សរា​ បានចុះរៀបចំសណ្តាប់ធ្នាប់​ របៀបរៀបរយ​ និងបរិស្ថាន​ នៅមុខខាងលិចប្រាសាទព្រះខ័ន​ ដេីម្បីលេីកកម្ពស់គុណតម្លៃរមណីយដ្ឋានអង្គរ​ និងសម្រួលដល់ភាពទាក់ទាញលំហូរទេសចរជាតិ និងអន្តរជាតិ ។

ក្នុងនោះដោយមានការចូលរួម​ និងឯកភាពពីអាជីវករនៅមុខប្រាសាទព្រះខ័ន​ ក្រុមការងារបានរំកិលតូបទាំងអស់ប្រវែង៦៥​ ម៉ែត្រ​ ទទឹង៧​ ម៉ែត្រ​ដែលស្ថិតនៅកៀកនឹងផ្លូវពេក​ ឱ្យខិតចូលទៅក្នុងប្រវែង២៥ម៉ែត្រពីចិញ្ចេីមថ្នល់​ ដេីម្បីទុកជាផ្លូវថ្មេីរជេីង​ ផ្លូវជិះកង់​រួមទាំងចំណតយានយន្តជំនួសការចតជាប់នឹងជើងប្រាសាទ ។ ទន្ទឹមនឹងនោះ​ ដោយមានកិច្ចសហការពីគ្រឹះស្ថានអង្គរ​ បង្គន់ចល័តមួយចំនួនក៏នឹងត្រូវបានដាក់នៅទីនេះសម្រាប់ភ្ញៀវទេសចរ​ និងសាធារណជនផងដែរ ។ រីឯបរិវេណមុខប្រាសាទនេះនឹងមានការដាំស្មៅឱ្យមានភាពបៃតងឡើងវិញផងដែរ​ ។

សូមជម្រាបជូនថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះអាជ្ញាធរជាតិអប្សរា បានអនុវត្តផែនការសកម្មភាពលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដោយកសាង និងជួសជុលផ្លូវថ្នល់ចាស់ ថ្មី ការធ្វើប្រព័ន្ធប្រឡាយសម្រាប់បញ្ចូលទឹកក្នុងកសិន្ធុ ការស្តារស្រះ ការរៀបចំផ្លូវថ្មើជើង កែសម្រួលចំណតរថយន្ត បានយ៉ាងច្រើន និងរៀបចំសួនដើមឈើមានតម្លៃ សួនស្មៅមានភាពបៃតងនៅបរិវេណប្រាសាទអង្គរ និងប្រាសាទនានាផងដែរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប