ការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០១៩ ២០២០ ចាប់ផ្ដើមបើកការប្រកួតហើយ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ខេត្តឆ្នាំសិក្សា២០១៩ ២០២០ ចាប់ផ្ដើមបើកការប្រកួតហើយ នាព្រឹកថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២០នេះ ក្រោមអធិបតីភាព ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ប្រធានអនុប្រធាន មន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ កីឡាករ កីឡាការិនី ព្រមទាំងសិស្សានុសិស្ស យ៉ាងច្រើនកុះករ នៅទីលានបាល់ទាត់ក្រុងសួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។

ថ្លែងសំណេះសំណាលជាមួយកីឡាករ កីឡាការីនាឱកាសនោះ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត មានប្រសាសន៍ថា កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឬស្សីក្នុងការអភិវឌ្ឍន៍ជាតិនាថ្ងៃអនាគតដែលមិនអាចខ្វះបាន។ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។ វេទិកាកីឡា គឺជាកាលាអនុវត្តភាពប្រកបដោយសមធម៌ដែលផ្តល់អោយកីឡាករនិងគូរប្រកួតមានឳកាសសាកល្បង បញ្ចេញសមត្ថភាពបច្ចេកទេស ទេពកោសល្យ ដើម្បីទទួលជ័យជំនះ។ ទន្ទឹមនេះដែរវិស័យកីឡាបានរួមចំណែកកាត់បន្ថយភាពអសកម្ម អំពើអបាយមុខក្នុងសង្គម ដូចជាការសេពគ្រឿងញៀន ល្បែងស៊ីសង អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗក្នុងសង្គមជាតិ។

ឯកឧត្តម អភិបាលរងខេត្ត បានផ្ដាំផ្ញើចំពោះមន្ត្រីបច្ចេកទេសទាំងអស់ ដែលត្រូវដឹកនាំការប្រកួតសូមយកចិត្តទុកដាក់ អនុវត្តឱ្យបានត្រឹមត្រូវ ទៅតាមគោលការណ៍និងនិយាមបច្ចេកទេស ដែលបានកំណត់ដោយគណៈកម្មការរៀបចំការប្រកួតដើម្បីធានា ការប្រកួតប្រកបដោយយុត្តិធម៌ ស្របតាមគោលការណ៍ Fair play និងរកឲ្យឃើញនូវកីឡាករ កីឡាការិនី ឆ្នើមពិតប្រាកដដែលមានទេពកោសល្យ និងកាយសម្បទាល្អ សម្រាប់បណ្ដុះបណ្ដាល ឲ្យក្លាយទៅជាកីឡាករ កីឡាការិនី តំណាងខេត្ត រួមចំណែកលើកស្ទួយកិត្យានុភាពខេត្ត លើឆាកជាតិ ជាពិសេសទៅទៀតនោះ ដើម្បីត្រៀមលក្ខណៈសម្បត្តិឲ្យបានល្អប្រសើរ សម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅឆ្នាំ២០២៣ ដែលកម្ពុជាយើងទទួលធ្វើជាម្ចាស់ផ្ទះ។

បើតាមការអោយដឹងពីលោក កា វចនា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ៖ កីឡាសិស្សបឋមសិក្សា បាល់ទាត់កុមារា ចំនួន០៧ក្រុម បាល់ទាត់កុមារី ចំនួន០៤ក្រុម បាល់ទះកុមារា ចំនួន០៥ក្រុម បាល់ទេះកុមារី ចំនួន០៤ក្រុម បាល់បោះកុមារា-កុមារីចំនួន ០២ក្រុម អត្តពលកម្មកុមារា-កុមារីចំនួន ០៣ក្រុម សរុបកីឡាករ-កីឡាការិនីចំនួន២៣ក្រុម ក្នុងនោះកុមារីចំនួន០៨ក្រុម សរុបកីឡាករ-កីឡាការិនី ចំនួន៣៤២នាក់ ក្នុងនោះកុមារីចំនួន០៨ក្រុម សរុបប្រតិភូគ្រូបង្វិក គ្រូជំនួយចំនួន៦៩នាក់ ក្នុងនោះស្រីចំនួន ១២នាក់ សរុបរួមប្រតិភូគ្រូបង្វិកកីឡាករ-កីឡាការិនី៤១១នាក់ ក្នុងនោះស្រីចំនួន១៣៨នាក់ស្មើនឹង៣៤% ។

ដោយឡែក កីឡាសិស្សមធ្យមសិក្សា បាល់ទាត់បុរស ចំនួន០៦ក្រុម បាល់ទាត់នារីចំនួន០៤ក្រុម បាល់ទះបុរសចំនួន០៧ក្រុម បាល់ទះនារីចំនួន០៤ក្រុម បាល់បោះបុរសចំនួន០៤ក្រុម បាល់បោះនារីចំនួន០៤ក្រុម អត្តពលកម្មបុរស-នារីចំនួន២ក្រុម សរុបកីឡាករ-កីឡាការិនីចំនួន៣១ក្រុម ក្នុងនោះ កីឡាករ-កីឡាការិនីចំនួន៤៣២នាក់ ក្នុងនោះនារីចំនួន១៨០នាក់ សរុបប្រតិភូគ្រូបង្វិកចំនួន៩៣នាក់ ក្នុងនោះនារី១៣នាក់ សរុបរួមប្រតិភូគ្រូបង្វិកកីឡាករ កីឡាការិនី៥២៥នាក់នោះនារី១៩៣នាក់ស្មើ៣៧%៕ ដោយ៖មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ