ឯកឧត្តម ជា សុ​មេធី ៖ មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​

(​ព្រៃវែង​)៖ ឯកឧត្តម ជា សុ​មេធី អភិបាលខេត្ត​បាន​លើកឡើងថា មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ មាន​វត្ត​អារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​នៅក្នុង​ប្រទេស ឯ​ឧ​ត្ត​ម​បានលើកឡើង​បែបនេះ​គឺ​នៅក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ កុដិ សាលា​បាលី បណ្ណាល័យ ប៉ុស្តិ៍​សុខភាព និង សមិទ្ធផល​នានា​នៅក្នុង​វត្ត​វិហា​ធំ ដែល​នៅក្នុង​ភូមិ​រោងដំរី ឃុំ​ជើងភ្នំ ស្រុក​បាភ្នំ ខេត្តព្រៃវែង នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២០​។

​សមិទ្ធផល​ដែល​ត្រូវ​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ​មាន​កុដិ​ថ្មី ១​ខ្នង ៣​ជាន់ ១៥​បន្ទប់ សាលា​បាលី ១​ខ្នង ៥​បន្ទប់ បណ្ណាល័យ ប៉ុស្តិ៍​សុខភាព និង​សម្រាប់​ផល​នានា​ផ្សេងទៀត​ដែល​ចំណាយ​ថវិកា​អស់​ចំនួន​២៥១.២៧៩ ដុល្លា​សហរដ្ឋ​អា​មេ​រិច​។​

​ឯកឧត្ដម អភិបាលខេត្ត ក៏បាន​បន្តទៀតថា សមិទ្ធិផល​ទាំងអស់នេះ គឺ​កើតចេញពី​ប្រទេស​ដែលមាន​សុខសន្តិភាព មាន​ស្ថេរភាព​នយោបាយ​ត្រឹមត្រូវ ក្រោម​ការដឹកនាំ​ដ៏​ពិន​ប្រសព្វ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​ឯកឧត្ដម​បន្តថា វត្ត​អា​រ៉ា​ម​មិន​ត្រឹមតែ​ជាទីគោរព​សក្ការៈ​នោះទេ តែ​ជា​ថ្នាល​បណ្តុះ​ចំណេះដឹង​បញ្ញាញាណ​តំលៃ​សីលធម៌ ស្មារតី​សាមគ្គី​។ វត្ត​អា​រ៉ា​ម​ជាច្រើន​បានផ្តល់​ទីតាំង​សាលារៀន​កន្លែង​ផ្តល់​សេវា​សុខាភិបាល​មណ្ឌល​ក្មេង​កំព្រា មនុស្ស​អនាថា​គ្មាន​ទីពឹង និង​ជាទី​កន្លែង​ជួយ​អប់រំ​កែប្រែ​ដល់​អ្នកញៀន​គ្រឿងញៀន​ជាដើម​។​

​ឯកឧត្ដម សំណូមពរ​ដល់​បងប្អូន​ពុទ្ធបរិស័ទ​ចូលរួម​ថែទាំ​សមិទ្ធផល ទ្រព្យសម្បត្តិ និង​សំណង់​នានា​ទាំងអស់នេះ ទុកជា​កេរ្តិ៍ដំណែល​ប្រវត្តិសាស្ត្រ ដែលមាន​នៅក្នុង​វត្ត​អារាម​អោយបាន​គង់វង្ស និង​រក្សាបាន នូវ​
​សោ​ភ័​ណ្ឌ​ភាពល្អ​ស្អាត​ជានិច្ច ហើយ​ចាត់ទុក​សមិទ្ធផល​ទាំងអស់នេះ​ជា​សម្បត្តិ ដ៏​ថ្លៃថ្លា​របស់​បងប្អូន​។ ជាមួយគ្នានេះ យើង​គប្បី​ធ្វើ​អនាម័យ​សម្អាត​ទីធ្លា​ក្នុង​វត្ត អោយបាន​ល្អ ស្អាត​ដើម្បី​ទាក់ទាញ ពុទ្ធបរិស័ទ​ជិត​
​ឆ្ងាយ​មក​គោរពបូជា​កាន់តែ​ច្រើនឡើង​។​

​ឯកឧត្តម​ក៏បាន​ពាំ​នាំនូវ​ថវិកា​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​១៥ លាន​រៀល ជូន​លោកយាយ​លោកតា​ចំនួន​១០០ នាក់​ក្នុង​ម្នាក់ៗ ១​ម៉ឺន​រៀល សិស្សានុសិស្ស ចំនួន​២៦៥​នាក់ ក្នុង​ម្នាក់ៗ សៀវភៅ​៥​ក្បាល ប៊ិច​៥​ដើម ខ្មៅ​ដៃ​១ ជ័រលុប​១ និង​ថវិកា​៥ ពាន់​រៀល ហើយ​ឯកឧត្តម​ក៏បាន​អញ្ជើញ​កាត់​ខ្សែបូ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នោះដែរ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​)​