ស្ថាប័ន​ទាំងអស់​ចូលរួម​សហការ​ជាមួយនិង​អ្នកសារព័ត៌មាន ដោយ​កុំ​ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ

(​កំពង់ធំ​):​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ​មានប្រសាសន៍ថា មន្ទីរ​អង្គភាព ស្ថាប័ន​ទាំងអស់ ត្រូវ​ចូលរួម​សហការ ជាមួយ អ្នកសារព័ត៌មាន ត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន​ជា​កញ្ចក់​សម្រាប់​ឆ្លើយ​ត​បុះ​បញ្ចាំង កុំ ចាត់ទុក​អ្នកសារព័ត៌មាន​ជាស​ត្រូវ ត្រូវ​ចាត់ទុក​អ្នកសារព័ត៌មាន ជា​ដៃគូ​អភិវឌ្ឍន៍​ដោយ​មិនអាច​ខ្វះ​បាន​។​

​ប្រសាសន៍​របស់ ឯកឧត្តម អភិបាលខេត្ត​កំពង់ធំ បានលើកឡើង នៅក្នុង​ពិធី​ជួបជុំ សំណេះសំណាល​ជាមួយ អ្នកសារព័ត៌មាន ដែល​កំពុងតែ​បំរើ​វិស័យ​ព័ត៌មាន ក្នុង​ខេត្តកំពង់ធំ ដែលមាន​ការ​អ​ញ្ចើ​ញ​ចូលរួម ពី​ឯកឧត្ដម លោក លោកស្រី ប្រធាន​មន្ទីរ​ស្ថាប័ន កងក​ម្លាំ​ងាំង​ទាំង​៣​ប្រភេទ ជុំវិញ​ខេត្ត កាលពី​រសៀល​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ​២០២០ នៅ​សាលាខេត្ត​កំពង់ធំ​។​

​ឯកឧត្តម​បាន​បន្តថា សកម្មភាព​ទាំងឡាយ​របស់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ក្នុងការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​ត្រូវ​សហការ យ៉ាង​ស្អិតរ​មួ​ត​ជាមួយនិង​អ្នកសារព័ត៌មាន ដោយបាន​លើកទឹកចិត្ត​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ខិតខំ​បំពេញ​តួនាទី ជា​អ្នក​ផ្សព្វផ្សាយ ការអភិវឌ្ឍ​ន៏ និង​ការរីកចំរើន​របស់​ខេត្តកំពង់ធំ​។​

​បន្ទាប់ លោកស្រី​ង៉ែត​ណា​រី​ន​ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​បាន​អាន​របាយការណ៍​ដោយ​សង្ខេប​ស្ដីពី ស្ថានភាព​និង​សកម្មភាព​នៃ​មន្ទីរ​ព័ត៌មាន​និង​អ្នកសារព័ត៌មាន ដែល​បានធ្វើ​សកម្មភាព​ក្នុង​ខេត្តកំពង់ធំ​រួចមក​។​

​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​ផ្តល់ឱកាស ដល់​អ្នកសារព័ត៌មាន លើកឡើង​នូវ​បញ្ហា​ផ្សេងៗ ដើម្បី​ពិភាក្សា និ​ដោះស្រាយ រួចមក ឯកឧត្តម អភិបាលខេត្ត បានផ្តល់​ភាពអនុគ្រោះ និង​ជួយ​សម្រួល ដល់​អ្នកសារព័ត៌មាន ក្នុងការ​នាំយក ឯកសារ ផ្សេងៗ ត្រូវយក​កាត​សម្គាល់​ខ្លួន មក​ចុះបញ្ជី​នៅ​មន្ទីរ​ព័ត៌មាន​។​

ចុងក្រោយ​ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​កោតសរសើរ ដល់​អ្នកសារព័ត៌មាន និង​មន្ទីរ​អង្គភាព​គ្រប់​ស្ថាប័ន ដែល​បាន​សហការ គ្នា ប្រកបដោយ​រលូន ក្នុងការ​ផ្តល់ព័ត៌មាន ជូន​ដល់​អ្នកសារព័ត៌មាន ដើម្បី​ធ្វើការ​ចុះផ្សាយ ពី​ការអភិវឌ្ឍ​ន៏ នៅក្នុង​ភូមិ​ឃុំ​មូលដ្ឋាន​របស់ខ្លួន ក្នុងនោះ ឯកឧត្តម អភិបាលខេត្ត បានធ្វើការ​ផ្តាំផ្ញើរ​ដល់​អ្នកព័ត៌មាន និង​មន្ទីរ​ស្ថាប័ន ទាំងអស់​បន្ត​សហការ​ឲ្យ​បានល្អ ប្រសើរ ធ្វើការ​ប្រកបដោយ ក្រមសីលធម៌ វិជ្ជាជីវៈ និង​ច្បាប់​ស្ដីពី​របប​អ្នកសារព័ត៌មាន អ្នកសារព័ត៌មាន ក្នុងនាម​ជា អ្នកសារព័ត៌មាន មិនត្រូវ​តាំងខ្លួន​ជា តុលាការ ជា​សមត្ថកិច្ច ក្នុងនាម​ជា​អ្នកសារព័ត៌មាន ” កុំ​បំពាន​សិទ្ធិ​អ្នក​ដ៏​ទៃ កុំ​បំភ្លៃ​ការពិត ” ៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ធំ​)​