ក្រុមការងារស.ស.យ.កខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន១.៦២០.០០០រៀល ផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនន ៤គ្រួសារ នៅស្រុកកោះញែក

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សី ទូច សមាជិកអចិន្រ្តៃយ៍ស.ស.យ.កខេត្ត រួមទាំងសមាជិក សមាជិកាស្រុក បានចុះសួរសុខទុក្ខ និងបាននាំយកថវិកា១.៦២០.០០០រៀល ដែលបានមកពីការចូលរួមរបស់ថ្នាក់ដឹកនាំស.ស.យ.កខេត្ត និងសមាជិក សមាជិកាស.ស.យ.កស្រុក ផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន៤ខ្នង ស្មើនឹង ៤គ្រួសារ ស្ថិតនៅភូមិចំរើន ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។

លោក សី ទូច សមាជិកអចិន្រ្តៃយ៍ស.ស.យ.កខេត្ត បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ឈឹម កាន ប្រធានស.ស.យ.កខេត្ត និងការចូលរួមសោកស្តាយចំពោះឧប្បត្តិហេតុភ្លើងឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងទ្រព្យសម្បត្តិជាច្រើន។ លោក បន្ថែមថា ថវិកា ដែលផ្តល់ជូនគ្រួសាររងគ្រោះចំនួន ០៤គ្រួសារនាពេលនេះ ដោយក្នុង១គ្រួសារ ទទួលបានថវិកាចំនួន ៤០៥.០០០រៀល និងមានសម្លៀកបំពាក់មួយចំនួន ដែលមានការចូលរួមឧបត្ថម្ភពីលោក យឿន ឡនផងដែរ។

នាឱកាសនោះ លោក សី ទូច បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផលដំណាំផ្សេងៗ និងត្រូវចិញ្ចឹមសត្វបន្ថែម ដើម្បីធ្វើយ៉ាងណា ឱ្យការរស់នៅមានលក្ខណៈសមរម្យ ជាពិសេស ត្រូវគិតគូពីសុខុមាលភាព និងការរស់នៅប្រចាំថ្ងៃ ដូចជា ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត៕