កិច្ចប្រជុំបច្ចេកទេសសុខាភិបាលខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យរបាយការណ៍ និងបញ្ជ្រាបការយល់ដឹងរួមគ្នាទប់ស្កាត់ជំងឺប្រភេទថ្មី

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំការបច្ចេកទេសសុខាភិបាលប្រចាំខែកុម្ភៈឆ្នាំ២០២០ ក្រោមវត្តមានលោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ និងដោយមានអញ្ជើញចូលរួមដោយ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញមន្ទីរ, ប្រធាន អនុប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៧ និងអង្គការដៃគូអភិវឌ្ឍន៏វិស័យសុខាភិបាលចំនួន ១២អង្គការ។

លោកឱសថការី ផុល ពន្លឺ បានថ្លែងថា កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីត្រួតពិនិត្យលើសមិទ្ធិផលការសម្រេចបានប្រចាំខែកន្លងមក ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងលើកទិសដៅផែនការ ជាបន្ត។

លោកឳសថការី ផុល ពន្លឺ ក៍បានលើកឡើងជុំវិញបញ្ហាទាក់ទងការផ្តល់សេវាសុខភាពសាធារណៈ រួមគ្នាស្វែងរកចំនុចខ្លាំង ចំនុចខ្សោយ ដើម្បីបំពេញចំនុចខ្វះខាត អភិវឌ្ឍន៍ឲ្យកាន់តែល្អប្រសើរ។

លោក អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានក្រើនរំលឹកដល់លោក លោកស្រីតាមការិយាល័យស្រុកប្រតិបត្តិ ត្រូវសហការគ្នាឲ្យបានល្អជាមួយអង្គការដៃគូ ក្នុងការត្រួតពិនិត្យតាមដានជំងឺឆ្លងផ្សេងៗដូចជា ជំងឺផ្តាសសាយបក្សី ជាពិសេសជំងឺផ្លូវដង្ហើមថ្មី COVID-19 ដើម្បីអោយបានជ្រួតជ្រាបដល់ប្រជាពលរដ្ឋ ក្នុងការការពារសុខភាព រួមគ្នាទប់ស្កាត់កុំឲ្យឆ្លងរីករាលដាល ចូលខេត្តត្បូងឃ្មុំ ក៍ដូចជាប្រទេសកម្ពុជាទាំងមូល៕