ការខ្វះចន្លោះ ឬអសកម្មក្នុងការអនុវត្តន៍ច្បាប់ស្តីពីសំណង់ នឹងជះឥទ្ធិពលអវិជ្ជមានដល់រាជរដ្ឋាភិបាល និងសង្គមជាតិ

(កំពត)៖ ច្បាប់ស្តីពីសំណង់ត្រូវបានដាក់ចញ្ចូលជាធរមាណហើយ នៅក្នុងច្បាប់នោះ មាន២២ជំពូក និង១១១មាត្រា បើតាមការលើកឡើងរបស់ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ថាច្បាប់នេះសំខាន់ណាស់ និងថាការខ្វះចន្លោះ ឬអសកម្មក្នុងការអនុវត្តន៍ នឹងជះឥទ្ធិពលអវិជ្ជមានដល់រាជរដ្ឋាភិបាល និងសង្គមជាតិទាំងមូល។

ថ្លែងក្នុងពិធីបើកវគ្គផ្សព្វផ្សាយ អំពីច្បាប់ស្ដីពីសំណង់ ដល់អាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញ និងវិស័យឯកជន ក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តមលាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានមានប្រសាន៍ថា ច្បាប់ស្តីអំពីសំណង់មាន២២ជំពូក និង ១១១មាត្រា ច្បាប់នេះចង់ក្រងឡើងក្នុងគោលបំណងធានានូវ ៖ ទី១. គុណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន។ ទី២. សោភ័ណ្ឌភាព និងបរិស្ថានល្អ សម្រាប់ការរស់នៅប្រកបដោយចេរភាព សំដៅលើកកម្ពស់សុខមាលភាពសាធារណៈ។ ទី៣. ធានាបាននូវគណនីភាព ប្រសិទ្ធភាព ក្នុងការប្រកបការងារ និងការប្រកបវិជ្ជាជីវៈ ក្នុងវិស័យសំណង់ និងទី៤ បង្កើនការជឿទុកចិត្ត របស់វិនិយោគិន ក្នុងវិស័យសំណង់ និង ជំរុញទីផ្សារអចលនទ្រព្យកម្ពុជា ប្រកបដោយប្រសិទ្ធភាពលើផ្នែកសេដ្ឋកិច្ចសង្គម ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ក្នុងនាមក្រសួងសមត្ថកិច្ចលើការងារសំណង់ ត្រូវតាមដានជាប់ជាប្រចាំ អំពីការវិវដ្តប្រែប្រួល នៃស្ថានភាពសំណង់ ទាំងបញ្ហាវិជ្ជមាន អវិជ្ជមាន ទាំងការអភិវឌ្ឍន៍បច្ចេកវិទ្យាពាក់ព័ន្ធនឹងសំណង់ ដែលជាធាតុចូលក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្តិ និងដាក់ចេញនូវវិធានការដើម្បីជំរុញ និងបំពេញការអនុវត្តន៍ច្បាប់ ស្តីពីសំណង់ ឲ្យបានកាន់តែគ្រប់ជ្រុងជ្រោយ ព្រោះការអនុវត្តន៍នៅមានការខ្វះចន្លោះ ឬអសកម្មដោយប្រការណាមួយនោះ វានឹងជះឥទ្ធិពលអវិជ្ជមាន និងទស្សនកម្មផ្សេងៗ ដល់រាជរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ វិនិយោគិន អ្នកប្រើប្រាស់សំណង់ ក៏ដូចជាសង្គមជាតិទាំងមូលជាក់ជាមិនខាន។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានក្រើនរំឭកផងដែរថា ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច លើវិស័យសំណង់ ត្រូវអនុវត្តការងារឲ្យមានប្រសិទ្ធភាព ប្រកបដោយមនសិការវិជ្ជជីវៈ ស្មោះត្រង់នឹងវិជ្ជាជីវៈ មានតម្លាភាព និងគណនីភាព ចំពោះថ្នាក់លើ និងឈរលើគោលការច្បាប់ ក្នុងការចេញលិខិតអនុញ្ញាតិ ពាក់ព័ន្ធនឹងសំណង់ដូចជា លិខិតអនុញ្ញាតិសាងសង់ លិខិតបើកការដ្ឋានសំណង់ លិខិតបិទការដ្ឋានសំណង់ ឬវិញ្ញាប័ណ្ណប័ត្រប្រើប្រាស់សំណង់។ លើសពីនេះ ក៏ត្រូវខិតខំពង្រឹងការត្រួតពិនិត្យ ការដ្ឋានសំណង់ ការត្រួតពិនិត្យ សម្ភារៈបរិក្ខា និងផលិតផលសំណង់ ការដោះស្រាវវិវាទទាក់ទង់នឹងសំណង់ ការទប់ស្កាត់បទល្មើសសំណង់ជាដើម ។

ក្នុងឱកាសនេះដែរពាក់ព័ន្ធនឹងវិស័យសំណង់ ក្នុងខេត្តកំពតឯកឧត្តមជាវ តាយអភិបាលខេត្ត ក៏បានឲ្យដឹងដែរថាក្នុងឆ្នាំ២០១៩កន្លងទៅនេះ មានការរីកចម្រើនគួរឲ្យប្រសើរ ជាលទ្ធផល រដ្ឋបាលខេត្ត រដ្ឋបាលក្រុង-ស្រុកបានចេញលិខិតអនុញ្ញាតសាងសង់បានចំនួន២៣៨ គម្រោង ដែលមានផ្ទៃក្រឡាសរុប៩០.២៩៩ម៉ែត្រការ៉េ ទុនវិនិយោគសរុប៣១.៨៧៧.៣០០ដុល្លារអាមេរិក បើប្រៀបធៀបនៅឆ្នាំ២០១៨ មានកំណើន៨០% ដោយមានត្រឹមតែ ១៤២ គម្រោងមានផ្ទៃក្រឡាសរុប៥២.០០៨ ម៉ែត្រការ៉េ មានទុនវិនិយោគ១៧.៧២២.៥៨៦ដុល្លារអាមេរិក។

សូមបញ្ជាក់ថាវគ្គផ្សព្វផ្សាយនេះគឺជាផ្នែកដ៏សំខាន់មួយ នៃផែនការផ្សព្វផ្សាយនិងបណ្ដុះបណ្ដាលច្បាប់ស្ដីពីសំណង់ ដោយកំណត់យកសមាសភាពចូលរួមពី តំណាងក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត ក្រុង ស្រុក តំណាងអង្គភាព និងការិយាល័យច្រកចេញចូលតែមួយថ្នាក់ខេត្ត ក្រុង-ស្រុក និងតំណាងក្រុមប្រឹក្សា ឃុំសង្កាត់ និងអាជីវករក្នុងវិស័យសំណង់និងអចលនទ្រព្យ៕