សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២០ ​ដើម្បី​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​

(​ត្បូងឃ្មុំ​)៖ លោកជំទាវ នី ចាន់​ធីតា ប្រធាន​ប្រតិបត្តិ​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​ខេត្ត​ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតី បើក​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០២០ ដើម្បី​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត របស់​សាខា​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​និង​ក្រុម​ចលនា​ស្ត្រី​ខេត្ត​ត្បូងឃ្មុំ​។​
​ក្នុង​កិច្ចប្រជុំ​នោះដែរ មានការ​ចូលរួម​ពី​លោកជំទាវ លោកស្រី សមាជិក​កិត្តិយស ដែលជា​សមាជិក មកពី​បណ្ដា​មន្ទីរ​ជុំវិញ​ខេត្ត ប្រធាន​/​អនុប្រធាន​សាខា ដែល​អញ្ជើញ​មកពី​បណ្ដា​ក្រុង​/​ស្រុក​ជាច្រើនរូប​ទៀត​។​

​ថ្លែង​នាឱកាស​នោះ លោកជំទាវ នី ចាន់​ធីតា បាន​មានប្រសាសន៍ថា ៖ តាមរយៈ​របាយការណ៍​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ថ្នាក់កណ្ដាល គណៈ​ចលនា​ស្ត្រី គណៈកម្មការ​សាខាសមាគម​នារី​រាជធានី​ខេត្ត​ក្រសួង​ស្ថាប័ន​និង​ក្រុម​ចលនា​ស្ត្រី​គ្រប់លំដាប់​ថ្នាក់ ព្រមទាំង​សមាជិកា​ទាំងអស់ បាន​យកចិត្តទុកដាក់​ដឹកនាំ​បំពេញភារកិច្ច​យ៉ាង​សស្រាក់សស្រាំ​តាម​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០១៩​កន្លងទៅ​។​

​លោកជំទាវ បន្តថា ថ្នាក់ដឹកនាំ​នារី​គ្រប់លំដាប់​ថ្នាក់ គ្រប់​វិស័យ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​សកម្មភាព​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព នឹងចូលរួម​គាំទ្រ និង​តាមដាន​ការអនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកកម្ពស់​ស្ត្រី ក្នុងការ​លើកកម្ពស់​ស្ត្រី ព្រមទាំង​បាន​ចូលរួម​ដោះស្រាយ បញ្ហា​នៅ​មូលដ្ឋាន​តាមរយៈ​ក្រុមការងារ​ស្ត្រី ដែល​ចូលរួម​ឧបត្ថម្ភ ជា​វិភាគទាន​របស់​សមាជិក សមាជិកា សមាគមនារី​របស់​ខេត្ត​ត្បូងឃ្មុំ​ផងដែរ​។​

​លោកជំទាវ នី ចាន់​ធីតា បាន​បន្តថា សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍ នឹង​ចលនា​ស្ត្រី​ខេត្ត​ត្បូងឃ្មុំ តែងតែបាន​ខិតខំ​បំពេញ​អនុវត្ត​ការងារ ជួយ​ដោះស្រាយ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ នៅតាម​មូលដ្ឋាន​ដោយ​ផ្ដល់នូវ​ថវិកា ស្បៀងអាហារ សាងសង់ ឬ​ជួសជុលផ្ទះ ផ្ដល់​អណ្ដូង​ទឹកស្អាត លោក​ឧបត្ថម្ភ​ដល់​គ្រួសារ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​កូន​ច្រើន កុមារកំព្រា ជនពិការ​និង​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ ជាពិសេស​ក្នុងអំឡុងពេល​គ្រោះមហន្តរាយ​នានា​។​

​លោកជំទាវ បាន​បញ្ជាក់ថា ដើម្បី​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​ជំរុញ​ដំណើរការ​អភិវឌ្ឍន៍​ប្រទេសជាតិ​លើ​គ្រប់​វិស័យ រក្សាបាន​នូវ​សុខសន្តិភាព​ស្ថិរភាព និង​ដើម្បី​សម្រេចបាន​ជោគជ័យ នូវ​ទិសដៅ​ភារកិច្ច​សំខាន់ៗ​និង​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​គណៈ​ចលនា​មហាជន​គណៈ​ចលនា​ស្ត្រី​និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​។

​លោកជំទាវ នី ចាន់​ធីតា ក៏បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សកម្មភាព​របស់​គណៈកម្មាធិកា​រ​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ គណៈ​ចលនា​ស្ត្រី គណៈកម្មការ​សាខាសមាគម​នារី នៅតាម​បណ្ដា ក្រុង ស្រុក ក្នុងការ​អនុវត្តបាន​ល្អ និង​កៀងគរ​មូលនិធិ​ដ៏​ធំធេង​ពី​សប្បុរសជន​ដែលជា​ស្ត្រី​គំរូ​ក្នុងសង្គម បង្កើន​សមាជិក​ថ្មីៗ​របស់​សមាគមនារី​ខេត្ត ចំពោះ​ការងារ​មនុស្សធម៌ ការងារ​សង្គម ការងារ​អភិវឌ្ឍន៍ ទទួលបាន​ជោគជ័យ​បន្តទៀត​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​