កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​បស់​រដ្ឋបាល ខេត្តរតនគិរី​

(​រតនគិរី​)៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាលខេត្ត​រតនគិរី បានរៀបចំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាពរ​បស់​រដ្ឋបាល​ខេត្តរតនគិរី ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​សាលប្រជុំ​សាលាខេត្ត​រតនគិរី​។

​កិច្ច​ប្រជុំបាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​ពី​ឯកឧត្តម ថង សាវុន ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត និង​ជា​អភិបាលខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី​អភិបាលរង​ខេត្ត លោក មេបញ្ជាការ មេបញ្ជាការរង​កងក​ម្លាំ​ង​ប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ថ្នាក់​ខេត្ត ស្ថាប័ន​តុលាការ អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ថ្នាក់ក្រុង ស្រុក ប្រធាន​មន្ទីរ អង្គភាព ពាក់ព័ន្ធ​ក្នុង​ខេត្ត​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ និង​វាយតម្លៃ​លើ​សភាពការណ៍​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​នៅក្នុង​ខេត្ត ផ្សព្វផ្សាយ សភាពការណ៍​វិវឌ្ឍន៍​ថ្មីៗ​ទាំង​សភាព​ការ​ជាតិ និង​អន្តរជាតិ ពង្រឹង​លើកកម្ពស់​ការអនុវត្ត​ច្បាប់ បទបញ្ជា​រាជរដ្ឋាភិបាល សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សំដៅ​លើកកម្ពស់​ការថែរក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម ទប់ស្កាត់​បទល្មើស និង​បាតុភាព​នានា​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត និង​ណែនាំ​អំពី​វិធាន​ការបង្ការ ទប់ស្កាត់​ករណី​ភ្លើង​ឆេះ​ព្រៃ ការត្រៀម​បង្ការ និង​ឆ្លើយតប​ករណី​មាន​គ្រោះរាំងស្ងួត​នា​រដូវប្រាំង​ខាងមុខ ព្រមទាំង​ការត្រៀម​រៀបចំ​ពិធី​បុណ្យជាតិ អន្តរជាតិ​នានា​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​)​