អាជ្ញាធរជាតិអប្សរា ស្តារដីភក់ចេញពីបាតស្រះទឹកខាងជើង នៃប្រាសាទអង្គរវត្ត ដើម្បីលើកសោភណ្ឌភាពតំបន់ទេសចរណ៍

(សៀមរាប)៖ ដើម្បីអោយសោភណ្ឌភាពតំបន់ទេសចរណ៍មានភាពល្អប្រសើរ និងពង្រឹងរចនាសម្ព័ន្ធស្រះឱ្យរឹងមាំអោយដូចពីសម័យដើម និងលើកតម្លៃស្រះដែលជាទីឋានសម្រាប់ទេពឱ្យរស់ឡើងវិញ និងដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្ដរជាតិចូលទស្សនា ។ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារ នៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្ដើមធ្វើការស្ដារដីភក់ ដែលធ្វើគោករាក់ ក្នុងបរិវេណបាតស្រះទឹកបុរាណនៅខាងមុខភាគខាងជើងនៃបរិវេណប្រាសាទអង្គរវត្ដ ដើម្បីឲ្យមានសោភណ្ឌភាពស្រស់ត្រកាលឡើងវិញ ។

បើតាមលោក ស្រ៊ុន តិច មន្ដ្រីនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ នៃអាជ្ញាធរជាតិអប្សរា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០នេះថា ការស្ដារស្រះខាងមុខអង្គរវត្ដនេះជាលើកដំបូង ក្រោយអ្នកបុរាណវិទ្យាធ្វើកំណាយសិក្សាស្រាវជ្រាវពីរចនាសម្ពន្ធស្រះអស់រយ:ពេល២ឆ្នាំកន្លងមក ដោយទំហំនៃការស្តារភក់ស្រះគឺ១៧ម៉ែត្រ គុណ៤៨ម៉ែត្រ និងជម្រៅ៨០សង់ទីម៉ែត្រ ក្នុងជម្រៅអតិប្បមា ហើយការស្តារនេះទៀតសោត អាស្រ័យលើការសិក្សាស្រាវជ្រាវចាប់តាំងពីឆ្នាំ២០០៨-២០១៩ទើបសម្រេចស្តារ ។

លោកបានបញ្ជាក់ថា ការស្តារភក់ស្រះដំណាក់កាលនេះ ស្ថិតនៅក្នុងការស្ទាបស្ទង់នៅឡើយ ដែលមានបីគោលដៅរួមមាន ដើម្បីសិក្សាស្វែងយល់ពីកំណកដី កាយឱ្យមើលឃើញស្លាកស្នាមឱ្យអ្នកជំនាញ បានសិក្សាស្វែងយល់ពីរចនាសម្ព័ន្ធ ជួសជុលពង្រឹងដើម្បីកុំឱ្យបាត់បង់តម្លៃស្ថាត្យកម្ម វិស្វកម្ម និងជំនឿ ។ គម្រោងស្ដារស្រះខាងមុខអង្គរលើកដំបូងនេះដែរ គឺមានគោលបំណង លើកសោភណ្ឌភាពប្រាសាទអង្គរវត្ដ ធ្វើអោយរចនាសម្ព័ន្ធស្រះរក្សាលំនាំដើមឡើងវិញ ដូចសម័យសត្ដវត្សរិ៍ទី១២ ។


លោកបានបន្ថែមថា ជម្រៅស្រះដែលបានស្ដារនេះ ចាប់ពីមាត់ច្រាំងទៅទីតាំងបាតស្រះជ្រៅបំផុតមាន២,៩០ម៉ែត្រ និង៣,៩០ម៉ែត្រក្រោយពីស្តាររួចរាល់ ។ ដោយឡែកកំណកដីមានបីដំណាក់កាលធំៗ នៅដំណាក់កាលទី១ ចាប់ពីដើមសតវត្សទី១២ ។ ដំណាក់កាលទី២ នៅអំឡុងឆ្នាំ១៩៦០ ដែលមានមនុស្សរស់នៅ និងដំណាក់កាលទី៣ គឺកំណកដីថ្មីៗក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលការស្តារនេះ គឺយកតែកំណកដីនៅខាងលើមិនមានប្រយោជន៍ ដល់កិច្ចការស្រាវជ្រាវផ្នែកជីវសាស្រ្តចំរុះ ឬប៉ះពាល់ដល់រចនាសម្ពន្ធស្រះនោះឡើយ។

មន្ដ្រីនាយកដ្ឋានអភិរក្សប្រាសាទខាងលើ បានលើកឡើងទៀតថា ជាមួយសំណាកដីភក់ដែលបានស្តារនោះ ត្រូវបានយកទៅរក្សាទុក សម្រាប់ធ្វើការសិក្សាស្រាវជ្រាវ អំពីជីវៈចម្រុះ ដោយចូលរួមរវាងបុរាណវិទូ ស្ថាបត្យកម្ម និងផ្នែកបរិស្ថាន ជីវសាស្រ្តចម្រុះ ដើម្បីសិក្សាស្វែងយល់បន្ថែមលើបញ្ហានេះ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប