ផលិតផលក្លែងក្លាយចំនួន ២២មុខ ប្រមាណជាង ៨តោន ត្រូវបានកម្ទេចចោល

(កំពង់ធំ)៖ នាព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិវល្លិយាវ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ តំណាង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ចើញជាអធិបតីភាពនៅក្នុងពិធីកម្ទេចចោលផលិតផលក្លែងក្លាយប្រមាណជាង ៨តោន ។  

ពីធីនេះក៏មានការញ្ចើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គទូតនានា អាជ្ញាធរដែនដីគ្រាប់ជាន់ថ្នាក់ មន្រ្តីរាជការ នៃមន្ទីរនានា ជុំវិញខេត្ត ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណ ៤០០នាក់ ។

បន្ទាប់ពី ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានធ្វើរបាយការណ៍សង្ខេបជម្រាបជូនអំពីស្ថានភាព ទូទៅ និងវឌ្ឍនភាពនៃវិស័យពាក់ព័ន្ធនានាក្នុងខេត្តជូនអង្គពិធីរួចមក ឯកឧត្តម មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួង មហាផ្ទៃ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានបញ្ជាក់ថាសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានសហការជាមួយអាជ្ញាធរខេត្ត ជាពិសេសសមត្ថកិច្ចនានា និងព្រះរាជអាជ្ញា ចុះបង្ក្រា បផលិតផលក្លែងក្លាយ ក្នុងសហគ្រាសនៅក្នុងខេត្តកំពង់ធំ បានរកឃើញទំនិញខូច និងហួសកាលបរិច្ឆេទ ព្រមទាំងបានរឹបអូសយករក្សាទុកនាពេលកន្លងមកបានចំនួន ២២មុខ ប្រមាណជាង ៨តោន ដែលនឹងត្រូវកម្ទេចចោលពេលនេះរួមមាន៖ ទឹកក្រូចBig Cola ទឹកក្រចVolt ទឹកក្រូច Royal Honey lemon ចំណុះ ៥០០ ម.ល តែបៃតង Green tea ចំណុះ ៥០០ ម.ល ទឹកក្រូច Stronger ទឹកក្រូច Aloevera ចំណុះ ៣៨០ ម.ល ស្រាបៀ Beer Grown តែ Oishi Green tea ចំណុះ ៣៨០ ម.ល Bireleys ចំណុះ ២៩០ ម.ល ទឹកក្រូច LP ពណ៌ក្រហម ចំណុះ ២ ល ទឹកក្រូច LP ពណ៌ទឹកក្រូច ចំណុះ ២ល ទឹកក្រូច LP ពណ៌លឿង ចំណុះ ២ល ទឹកក្រូច LP ពណ៌ស ចំណុះ ២ ល ទឹកក្រូច Raindy ខៀវ ចំណុះ ១.២៥ ម.ល ទឹកក្រូច Raindy ខ្មៅ ចំណុះ ១.២៥ ម.ល ទឹកក្រូច VAVA ទឹកសុទ្ធ Evian ទឹកសុទ្ធ LP វិទូ ចំណុះ ៣៣០ក្រាម មេទឹកក្រូច ស្ករអំពៅ លក្ខ Sunset ចំណុះ ៥០០ក្រាម មេក្លិនក្រូច A3923 និងលក្ខ Apple Green ។ 

មានប្រសាសន៏សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានថ្លែងថា រៀងរាល់ថ្ងៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ បានខិតខំយ៉ាងស្រស្រាក់ស្រាំ និងយកចិត្តទុកដាក់ ក្នុងការអនុវត្តច្បាប់ និងអនុវត្តន៍តាមអនុសាសន៍ របស់រាជរដ្ឋាភិបាល បានពង្រឹងការស្រាវជ្រាវ ស៊ើបអង្កេតដោយសហការជាមួយកម្លាំងជំនាញ និងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រមូលផ្តុំព័ត៌មាន ព្រមទាំងកំណត់មុខសញ្ញា និងទីតាំង ក្នុងការបង្រ្កាប ដោយមិនបណ្តែតបណ្តោយ ទុកអោយ មុខសញ្ញាជាឈ្មួញមានឱកាស ធ្វើសកម្មភាពរំលោភលើច្បាប់ នៅក្នុងសង្គមឡើយ ។ 

ឯកឧត្តមបានផ្តាំផ្ញើទៅដល់ឈ្មួញទុច្ចរឹតទាំងឡាយ ត្រូវតែបញ្ឍប់ជាបន្ទាន់ចំពោះសកម្មភាពល្មើសច្បាប់ ដែលបង្កហានិភ័យខ្ពស់ដល់សង្គមជាតិ ជាពិសេសធ្វើឲ្យប៉ះពាល់សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ។ ដូច្នេះគឺមានតែការពួតដៃ និងកហការគ្នា ពីគ្រាប់បណ្តាក្រសួង ស្ថាប័ន និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធរួមនឹងប្រជាពលរដ្ឋចូលរួមយ៉ាងសកម្ម ទើបយើងអាចទប់ស្កាត់បទល្មើសនេះបានប្រកបដោយប្រសិទ្ធភាព ។ 

ជាចុងក្រោយឯកឧត្តម បានអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នចំពោះផលិតផលក្លែងក្លាយ និងចូលរួមសហការ ផ្តល់ព័ត៌មានជូនសមត្ថកិច្ច ក្នុងករណីពិនិត្យសង្ស័យឃើញថា មានទីតាំងផលិតផ្សេងៗដែលខុសច្បាប់  ដើម្បីចូលរួមទប់ស្កាត់ និងការពារអោយបានទាន់ពេលវេលានិងមានប្រសីទ្ធិភាព៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ