សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ សិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ដល់ក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខា

(ត្បូងឃ្មុំ)៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២០ នេះ ឯកឧត្តម ហាក់ សុខមករា អនុប្រធានអចិន្ត្រៃយ៍គណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាតម្រង់ទិសស្ដីពី នីតិវិធីរដ្ឋបាល-ហិរញ្ញកិច្ច ផែនការ ពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍ ដល់ក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុងស្រុកទាំង៧ ក្នុងខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីសាខាកាកបាទក្រហមកម្ពុជា បណ្តាខេត្តមួយចំនួនចូលរួមផងដែរ រួមមានសាខាខេត្តក្រចេះ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ សរុបចំនួន៥២នាក់ ក្នុងនោះស្រី១៤នាក់ ។

សិក្ខាសាលា និងប្រព្រឹត្តទៅរយៈ:ពេល៣ថ្ងៃ ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ក្រោមការជួយទ្រទ្រង់ថវិការបស់កាកបាទក្រហមហ្វាំងឡង់ និងថវិកាបដិភាគរបស់សាខាកក្រកខេត្តត្បូងឃ្មុំ ប្រមាណ ២០% ផងដែរ ក្នុងគោលបំណងពង្រឹងសមត្ថភាពសាខា និងបណ្តាអនុសាខាលើនីតិវិធី រដ្ឋបាល ហិរញ្ញកិច្ច ការងារផែនការ ការពិនិត្យតាមដាន ការវាយតម្លៃ និងរបាយការណ៍ ក៍ដូចជាការពង្រឹងប្រព័ន្ធតាមដានរាយការណ៍ អំពីគ្រោះមហន្តរាយនានាដែលកើតមានឡើងនៅក្នុងសហគមន៍មូលដ្ឋាន ។

ថ្លែងក្នុងពិធីបើកនាឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថ្លែងអរគុណ និងកោតសរសើរដល់កាកបាទក្រហមហ្វាំងឡង់ ដែលបានបញ្ចប់គម្រោងរបស់ខ្លួនទៅហើយ នៅបានបន្តជួយគាំទ្ររយ:ពេល៤ខែបន្តទៀត និងជាពិសេសបានគាំទ្រថវិកាដល់ការរៀបចំវគ្គសិក្ខាសាលានាពេលនេះ ។

ព្រមជាមួយនោះឯកឧត្ដមក៏បានថ្លែងសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់មន្ត្រីក្រុមប្រតិបត្តិសាខា និងបណ្តាអនុសាខាក្រុង/ស្រុកទាំង៧ ក្នុងឆ្នាំ២០១៩កន្លងមក ទទួលបានលទ្ធផលល្អប្រសើរ និងឈានទៅដល់ការប្រជុំបូកសរុបសកម្មភាពប្រចាំឆ្នាំរបស់ខ្លួនកាលពីពេលថ្មីៗកន្លងទៅនេះផង ។

នៅទីបញ្ចប់ឯកឧត្តមក៏បានមានប្រសាសន៍ណែនាំផ្តាំផ្ញើឲ្យសិក្ខាកាមទាំងអស់ ខិតខំយកចិត្តទុកដាក់ក្រេបយកចំណេះដឹងពីសិក្ខាសាលានេះ យកទៅអនុវត្តនៅបណ្តាក្រុងស្រុក និងខេត្តរៀងៗខ្លួនឲ្យបានល្អប្រសើរ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ