សម្តេចក្រឡាហោមអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានានៅក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង

(ព្រៃវែង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា ទីចាត់ការ អគាររដ្ឋបាលឃុំ និងសមិទ្ធផលនានានៅក្នុងស្រុកកំចាយមារខេត្តព្រៃវែង ដែលមានការអញ្ជើញចូលរួម ឯកឧត្តម ស៊ូឌីម៉ាន់ ហាសែង ឯកអគ្គរដ្ឋទូត ឥណ្ឌូនេស៊ី ប្រចាំនៅប្រទេសកម្ពុជា លោក លោកស្រីអភិបាលក្រុង ស្រុក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស លោកយាយតាចូលរួមចំនួន ៣,៦០៦នាក់ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

សម្តេចក្រឡាមហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ទាំងនេះគឺជាសមិទ្ធផលមួយដ៏ធំធេង សម្រាប់ទុកឱ្យក្មួយៗសិស្សានុសិស្ស ដើម្បីសិក្សារៀនសូត្រទទួលបាននូវចំណេះដឹងដើម្បីជួយអភិវឌ្ឍប្រទេសជាតិឲ្យមានការរីកចម្រើនទៅមុខជាលំដាប់។

សម្តេចក្រឡាមហោម ក៏បានលើកឡើងបន្តទៀតថា ទាំងនេះគឺកើតចេញពីប្រទេសដែលមានសុខសន្តិភាព ស្ថេរភាពនយោបាយ ទើបធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ មាន ផ្លូវ សាលារៀន មន្ទីរពេទ្យ វត្តអារាម ជាច្រើននៅក្នុងប្រទេសកម្ពុជាយើងនេះផងដែរ។ សម្ដេចសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវថែរក្សាសន្តិភាពនេះឲ្យបានគង់វង្សយូរអង្វែង(អរគុណសន្តិភាព)។

សម្តេចក្រឡាមហោម ក៏បានផ្ដាំផ្ញើដល់ក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រពេលដែលទទួលបានអាគារសិក្សាថ្មីនេះហើយនឹងត្រូវចេះថែទាំអគារសិក្សានេះឲ្យបានគង់វង្សយូរអង្វែង ដោយត្រូវចាត់ទុកថាអាគារ សិក្សាទាំងនេះគឺជារបស់ពួកយើងទាំងអស់គ្នា។

សូមបញ្ជាក់ផងដែរថា សមិទ្ធផលដែលត្រូវដាក់សម្ភោធនាពេលនេះមាន – អគារសិក្សាសាងសង់ថ្មីចំនួន ០៧ ខ្នង ស្មើនឹង៣៩ បន្ទប់ នឹងទីចាត់ការ ០៧ ខ្នង។ ជួសជុលអគារសិក្សាចំនួន ០៨ ខ្នង ស្មើនឹង ៣៥ បន្ទប់ នឹងជួសជុលអគារអន្តេវាសិកដ្ឋាន០២ ខ្នង ស្មើនឹង ៣០ បន្ទប់។ – អគារលក់ដូរនំចំណី ០២ ខ្នង និងសាងសង់អគាររដ្ឋបាលឃុំចំនួន ០២ ខ្នង សរុបថវិកាសាងសង់ ១.០៣៦.៧៥១ ដុល្លារ ។ សមិទ្ធផលខាងលើទាំងអស់នេះគឺស្ថិតនៅក្នុងឃុំជាច ឃុំក្រញូង ឃុំក្របៅ ឃុំស្មោងខាងត្បូង ឃុំត្របែក ឃុំសៀងឃ្វាង និងឃុំស្មោងខាងជើង។

ក្នុងនោះសម្ដេចក៏បាន ឧបត្ថម្ភដល់សាលាស្រុកចំនួន ១លានរៀល គ្រូពេទ្យចំនួន ១៥ នាក់ ក្នុងម្នាក់ៗ ២ម៉ីនរៀល លោកគ្រូអ្នកគ្រូចំនួន ១០៨ នាក់ ក្នុងម្នាក់ៗ ២ម៉ឺនរៀល យុវជន ស.ស.យ.កចំនួន ១០០ នាក់ យុវជនបាទក្រហម ១០០ នាក់ យុវជនកាយរិទ្ធិ ១០០ នាក់ ក្នុងម្នាក់ៗ ១ ម៉ឺនរៀល សិស្សានុសិស្សចំនួន ៩៨៧ នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ ក្បាល ប៊ិច ១ ដើមថវិកា ៥ពាន់រៀល យាយជីតាជីចំនួន ១០០ នាក់ក្នុងម្នាក់ៗក្រណាត់ស ១ ដុំ ថវិកា ១ម៉ឺនរៀល សម្តេចក៏បានអញ្ជើញកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់ជាផ្លូវការនោះដែរ៕