មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​អភិវឌ្ឍន៍

(​រតនគិរី​)៖ នៅ​សាលប្រជុំ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តរតនគិរី នា​ព្រឹក​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២០ មានការ​រៀបចំ​កិច្ចប្រជុំ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការអនុវត្ត​ការងារ​ឆ្នាំ​២០១៩ និង​លេ​ី​ក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​ក្រសួង​អភិវឌ្ឍន៍​។ កិច្ចប្រជុំ​នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម ប៊ុន ចាន់​វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​មានការ​អញ្ជើញ​ពី ឯកឧត្តម ស៊ឹម សន​ឡៃ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លន់ សុភាព អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​រតនគិរី ព្រមទាំង​មានការ​ចូលរួម​ពី​អាជ្ញាធរ​ក្រុង ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អង្គការ​ដៃគូរ​សង្គម​ស៊ីវិល​ដែល​ប្រតិបត្តិការ​នៅក្នុង​មូលដ្ឋាន​ខេត្ត​ជាច្រើនរូប​ទៀត​។​

​មានប្រសាសន៍​ក្នុង​ពិធី​បើក ឯកឧត្តម លន់ សុភាព បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រួមចំណែក​យ៉ាងសំខាន់​របស់​មន្ត្រី​នៃ​មន្ទីរ អភិវឌ្ឍន៍ជនបទ​ខេត្ត អាជ្ញាធរ​ពាក់ព័ន្ធ ក្នុងការ​លើកកម្ពស់​កា​រ​អនុវត្ត​ការងារ​ធ្វើ​ឲ្យ​សម្រេចបាន​សមិទ្ធផល​សំខាន់​ជាច្រើន​ក្នុង​ខេត្ត ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ជីវភាព​រស់នៅ​របស់​ប្រជាជន ជនបទ​ប្រកបដោយ​បរិ​យា​ប័ន្ន​ទាំង​ផ្នែក​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង​បរិស្ថាន​។ ទន្ទឹមគ្នានេះ​ឯកឧត្តម​អភិបាលរង​ខេត្ត ក៏បាន​ណែនាំ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់​ត្រូវធ្វើ​ការផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​អំពី​គម្រោង​អភិវឌ្ឍន៍​នានា ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​យល់ដឹង​កាន់តែច្បាស់ និង​មានការ​ចូលរួម​។​

​សូមបញ្ជាក់ថា ក្នុង​អាណត្តិ​របស់​រាជរដ្ឋាភិបាល​នីតិកាល​តី​៦ នៃ​រដ្ឋសភា ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​កំណត់​យក​ភាពចាំបាច់​ក្នុងការ​លើកកម្ពស់​គុណ​ភាព និង​ការថែទាំ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ ការទទួលបាន​ទឹកស្អាត​ប្រកបដោយ​សុវត្ថិភាព និង​ការជំរុញ​ការលើកកម្ពស់​អនាម័យ​ជនបទ ជា​ទិសដៅ​ចម្បង​របស់ខ្លួន សំដៅ​រួមចំណែក​ធ្វើ​ឲ្យ​សម្រេចបាន​នូវ ការបន្ត​ជំរុញ​ការអភិវឌ្ឍ​ជនបទ​ឲ្យ​រស់​រវើក ដោយ​បន្ត​វិនិយោគ​លើផ្លូវ​ជនបទ ប្រព័ន្ធធារាសាស្ត្រ​ខ្នាតតូច ការពង្រីក​ការ​គ្របដណ្តប់​ការប្រើប្រាស់​អគ្គិសនី ការពង្រីក​ការទទួលបាន​ទឹកស្អាត ការលើកកម្ពស់​អនាម័យ ការរៀបចំ​ភូមិ និង​លំ​ដៅ​ដ្ឋា​ន ព្រមទាំង​ការលើកកម្ពស់​ជីវភាព​ប្រជាជន តាមរយៈ​ការបន្ត​អនុវត្ត​ចលនា​ភូមិ​១ ផលិតផល​១ និង​ចលនា​ភូមិ​ថ្មី​។ ក្នុង​ស្មារតី​ខាងលើនេះ ក្រសួង​បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​ឆ្នាំ​២០១៩-២០២៣ ដោយ​ផ្តោត​សំខាន់​លើ ១.​ការពង្រឹង​ស្ថាប័ន អភិវឌ្ឍន៍​សមត្ថភាព និង​ធនធានមនុស្ស ២.​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​គមនាគមន៍ ៣. លើកកម្ពស់​លក្ខណ​នៃ​ការរស់នៅ​របស់​សហគម​ន៍​ជនបទ និង​ទី​៤. ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​នៅ​តំបន់​ជនបទ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​)​