ក្រុមផែនការជំនួញអន្ដរជាតិ ចែករំលែក និងផ្ដល់បទពិសោធន៍ពីការធ្វើអាជីវកម្មដល់អាជីករ

(សៀមរាប)៖ នាថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ០២០នេះ សហគមន៍ពាណិជ្ជករ ប្រកបដោយផែនការជំនួញស្ដង់ដារអន្ដរជាតិ ហៅកាត់ថា(ISBP)បានចែករំលែកចំណេះដឹង និងផ្ដល់បទពិសោធន៍ដល់សហគ្រិនពីគន្លឹះរៀបចំយុទ្ធសាស្រ្តធ្វើផែនការអាជីវកម្មស្តង់ដារអន្តរជាតិ ព្រមទាំងពីគន្លឹះប្រើប្រាស់ DIGITAL MARKETING ពិសេសការប្រើប្រាស់ FACE BOOK សម្រាប់អាជីវម្មអោយបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាពនៃ អាជីវកម្មរបស់ពួកគាត់។ 

ការចែករំលែកចំណេះដឹងនេះធ្វើនៅក្នុងសិក្ខាសាលាមួយនៅខេត្ដសៀមរាប។

លោក ស៊ុន ហ៊ុន ប្រធានស្ថាបនិក ISBP និងជានាយកក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ប្រចាំតំបន់អាស៊ី មានប្រសាសន៍ថា ក្រុមសហគ្រិនទាំងនោះមកពីគ្រប់វិស័យជំនួញទូទាំងប្រទេសកម្ពុជា ដោយពួកគាត់ទទួលបានចំណេះដឹងពីការរៀបចំផែនការជំនួញស្តង់ដារអន្តរជាតិ ផែនការអាជីវកម្មសម្រាប់ស្វែងរកដៃគូវិនិយោគ ផែនការអាជីវកម្មសម្រាប់ចាប់ផ្តើមជំនួញថ្មី ផែនការពង្រីកមុខរបរបន្ថែម និងផែនការទីផ្សារផងដែរ។

លោកបានបន្ដថា នៅក្នុងសិក្ខាលានេះ ក៏បានធ្វើបទបង្ហាញពីការរៀបចំផ្សព្វផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធឌីជីថល ជាពិសេសតាមបណ្ដាញសង្គមហ្វេសប៊ុកប្រកបដោយប្រសិទ្ធិភាព ដែលអ្នកជំនាញមកពីប្រទេសសឹង្ហបុរីផងដែរ។

ជាមួយគ្នានោះ ក្រុមផែនការជំនួញអន្តរជាតិ(ISBP) បានចែករំឡែកបទពិសោធន៍ ចំណេះដឹង ពីគន្លឹះកសាងអាជីវកម្មចាប់ពី ការបង្កើតគោលគំនិត អាជីវកម្មចាប់ផ្តើមថ្មី និងអាជីវកម្ម ដែលពង្រីកបន្ថែម ដើម្បីអោយទៅជាស្តង់ដារអន្ដរជាតិ ជាពិសេសគន្លឹះស្វែងរកប្រភពហិរញ្ញវត្ថុ និងដៃគូវិនិយោគជាតិ និងអន្តរជាតិ ជាផែនការជំនួញស្តង់ដារថែមទៀតផង។  ក្រៅពីបណ្តុះបណ្តាលធុរ:កិច្ច និងសហគ្រិនភាព សហគមន៍ ISBP ក៏មានប្រឹក្សាយោលគ្រប់វិស័យជំនួញ  ការរៀបចំកញ្ចប់អាជីវកម្ម សិទ្ធិធុរ:កិច្ចបន្ត ហ្វ្រេនឆាយ ជាលក្ខណៈស្តង់ដារ និងដំណោះស្រាយប្រភពហិរញ្ញវត្ថុសកល។

លោក ឧកញ្ញា ហ៊ុយ ភាវ ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប និងឧត្តមានជ័យ បានមានប្រសាសន៍ថា ការចែករំលែកគន្លឺះយុទ្ធសាស្ដ្រធ្វើអាជីវកម្មស្ដង់ដារអន្ដរជាតិនេះ វាមានសារ:សំខាន់ និងអត្ថប្រយោជន៍ច្រើនដល់សហគ្រិន អាជីវករ ពាណិជ្ជករ ដែលវាអាចរក្សាលំនឹងទីផ្សារបានល្អប្រសើរផងដែរ។

លោកឧកញ៉ា បានបន្ដថា ការរៀបចំគន្លឹះនៃទីផ្សារ បានធ្វើអោយអ្នកជំនួញមានទស្សនទានសំខាន់ក្នុងការធ្វើអាជីវកម្មរបស់គាត់ប្រកបដោយនិរន្ដរភាព និងភាពជោគជ័យផងដែរ។ 

ជាមួយគ្នានោះ បរិបទអាជីវកម្ម ត្រូវមានធាតុសំខាន់ជាច្រើន ដែលសហគ្រិនត្រូវយល់ដឹង និងមានចំណេះដឹង ក្នុងការធ្វើជំនួញបែបប្រគួតប្រជែងនាសម័យទំនើបនេះ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប