ឯកឧត្តម ជា ចាន់តូ អញ្ជើញ កាត់ខ្សែបូរ សម្ភោធព្រះវិហារថ្មីនិងសមិទ្ធផលផ្សេងៗទៀតស្ថិតក្នុងវត្ត រុក្ខាបុប្ផាព្រៃស្អាត

 (កំពង់ធំ)៖ នៅព្រឹកថ្ងៃ ច័ន្ទ ទី 24 ខែ កុម្ភៈ ឆ្នាំ2020 ឯកឧត្តម ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីកាត់ខ្សែបូរ បុណ្យបញ្ចុះខ័ណ្ឌសីមា ពុទ្ធាភិសេក និង សម្ភោធសមិទ្ធិផលនានា ក្នុង វត្ត រុក្ខាបុប្ផាព្រៃស្អាតដែលស្ថិតនៅក្នុងភូមិ អន្លង់ក្រាញ់ ឃុំ ពពក ស្រុកស្ទោង ខេត្ត កំពង់ធំ។

អញ្ជើញអមដំណើរគណៈអធិបតីក្នុងឱកាសនេះរួមមាន ឯកឧត្តម យឹម លាត អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ   ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ លូ អភិបាល និងជាគណ:អភិបាល ខេត្តកំពង់ធំ ព្រមទាំង ឯក ឧត្តម លោកជំទាវ លោក លោកស្រីជាច្រើនរូបទៀត។

នៅក្នុងពិធីនេះក៏មានការចូលរួមមន្ត្រីរាជការក្នុងស្រុកស្ទោង  លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សព្រមទាំងបង ប្អូន ញាតិញោម តាជី យាយជី ពុទ្ធបរិស័ទក្នុង ឃុំ ប្រឡាយ និង ឃុំពពកប្រមាណជាងបីពាន់នាក់ផងដែរ។

លោក ណែត សារី អភិបាល និងជាគណ:អភិបាលស្រុកស្ទោង បានអានរបាយការណ៍ សង្ខេបស្តីការសាងសង់ព្រះវិហារ និងប្រវត្តិសង្ខេបរបស់ វត្តនេះជូនគណអធិបតី នៃអង្គពិធីទាំងមូលបាបជ្រាប។

ថ្លែងទៅកាន់ ញាតិញោម ពុទ្ធបរិស័ទ មន្ត្រីរាជការ នាពេលនេះ ឯកឧត្តម ជា ចាន់តូ ក៏បានសម្តែងនូវទឹកចិត្តរីករាយ នឹករលឹក និងសួរសុខទុក្ខដល់អ្នកស្រុកស្ទោងទាំងអស់ក្នុងការដែលបានមកជួបបង ប្អូនក្នុងពេលនេះ។

ឯកឧត្តម ក៏បានអរគុណដល់សន្តិភាព ព្រមទាំងអរគុណដល់បង ប្អូនដែលបានចូលរួមថែរក្សាសន្តិភាពអោយបានរឹងមាំរហូតដល់ពេលនេះ បើយើងមានសន្តិភាព គឺមានន័យថា យើងមានអ្វីៗគ្រប់បែបយ៉ាង។

លើសពីនេះទៀតឯកឧត្តមបានកោតសរសើរ នូវការរួបរួមមហាសាមគ្គីគ្នាទាំងកំលាំង កាយ ចិត្ត ក៏ដូចជាធនធានក្នុងការចូលរួមកសាងព្រះវិហារអោយកើតជាសមិទ្ធិផលថ្មីមួយទៀតជាមួយពុទ្ធសាសនា ក៏ដូចជាលើកកម្ពស់ជាការសន្សំបុណ្យទៅបរិលោក។

នាឱកាសនោះ ឯកឧត្តមបានជូនអំណោយដល់ តាជី យាយជី ចំនួន200នាក់នូវ  សារុង 1 ក្រមា1លោកគ្រូ អ្នក គ្រូ ម្នាក់ៗ 50.000៛00និងសិស្សានុសិស្សនូវ សម្ភារសិក្សា  និងថវិកា 5000៛00 ពិសេសគឺបានប្រគេន បច្ច័យដល់វត្តទាំងបីក្នុងឃុំពពកក្នុងមួយវត្ត 10,000,000៛00និង វត្ត ពោធិ៍សាត់ ឃុំចំណាក្រោមចំនួន10,000,000៛00ផងដែរ។    

ជាចុងបញ្ចប់ ឯកឧត្តម ក៏បាន បំពាក់មេដាយដល់បុគ្គលឆ្នើមចំនួនចំនួន23រូបព្រមទាំង កាត់ឬសសីមា កាត់ខ្សែបូរ សម្ភោធព្រះវិហារនិង សមិទ្ធិផលនានាក្នុងវត្ត ដាក់អោយប្រើប្រាស់ចាប់ពីពេលនេះតទៅ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ