សិក្ខាសាលា បូកសរុប លទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០២០ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ

(កំពត)៖ នៅសាលប្រជុំសាលា ខេត្តកំពតកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ ២០២០ ក្រោមការរៀបចំឡើងដោយក្រសួងមហាផ្ទៃ បានបើកធ្វើអង្គរសិក្ខាសាលាបូកសរុប លទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅសកម្មភាពការងារឆ្នាំ ២០២០ នៃការអនុវត្តការងារច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាព ឯកឧត្តម ងី ចន្រ្ទថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។

អង្កសិក្ខាសាលានេះមាន រយៈពេលមួយថ្ងៃ ដោយមានការចូលរួមពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងក្រសួងពាក់ព័ន្ធ អង្គភាពច្រកចេញចូលតែមួយ មកពីបណ្ដា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលមានការិយាល័យច្រកចេញចូលតែមួយ ព្រមទាំងតំណាង អង្គការសង្គមស៊ីវិលនិងដៃគូអភិវឌ្ឍ សរុបសមាជិកមានប្រមាណ ចំនួន៤៣២នាក់។

មានមតិស្វាគមន៍ឯកឧត្តម​ ជាវ តាយ អភិបាលខេត្តកំពតបានឲ្យដឹងពីវឌ្ឍនភាពនៃ អង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្តកំពត ដោយបច្ចុប្បន្ន បាននឹងកំពុងដាក់ឲ្យដំណើរការ ផ្ដល់សេវារដ្ឋបាល សាធារណៈជូនប្រជាពលរដ្ឋ មានចំនួន១៤វិស័យ តាមរយៈការសម្របសម្រួលផ្នែកបច្ចេកទេសពីមន្ទីរ អង្គភាពជំនាញក្នុងខេត្ត គិតចាប់ពីខែ កញ្ញាឆ្នាំ ២០១៨ ដល់ខែធ្នូឆ្នាំ ២០១៩អង្គភាពច្រកចេញចូលតែមួយខេត្តកំពត បានផ្ដល់សេវាជូនប្រជាពលរដ្ឋសរុបចំនួន ១០.៦១៩សេវា នឹងទទួលបានចំណូលសរុបចំនួនប្រមាណជាង១.៥៧៣លានរៀល ។

 

មានប្រសាសន៍ ក្នុងឱកាសបើកអង្គសិក្ខាសាលា ឯកឧត្តម ងី ច័ន្រ្ទថុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានលើកបញ្ជាក់ ឲ្យដឹងថា ការធ្វើកំណែទម្រង់នៃការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ជាពិសេសការផ្ទេរមុខងារ និងធនធានពីក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលនៅកៀកជិតប្រជាពលរដ្ឋ គឺក្នុងគោលបំណង លើកកម្ពស់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ប្រកបដោយគុណភាពប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។ ដូច្នេះ ការបង្កើតយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជារូបភាពមួយនៃការធ្វើកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលើកកម្ពស់អភិបាលកិច្ចល្អ ក្នុងការផ្ដល់សេវាតាមរយៈការប្រមូលផ្ដុំសេវា ដែលជាតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ឱ្យមកផ្ដុំនៅកន្លែងតែមួយ និងប្រគល់ឱ្យសម្រេច ទៅឱ្យថ្នាក់រដ្ឋបាលដែលនៅកៀកជិតនឹងប្រជាពលរដ្ឋជាអ្នកទទួលខុសត្រូវក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ។

ឯកឧត្តមរដ្ឋលេខាធិការក៏បានឲ្យដឹងផងដែរថាបច្ចុប្បន្ននៅកម្ពុជាយើង ការបង្កើតអោយមានការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងបានធ្វើប្រតិភូកម្មមុខងារផ្ដល់សេវារដ្ឋបាល មានចំនួន ២១១ប្រភេទសេវា លើវិស័យជំនាញចំនួន១០ គិតមកដល់ដំណាច់ឆ្នាំ ២០១៩នេះការិយាល័យច្រកចេញចូលតែមួយ ថ្នាក់រដ្ឋបាលក្រុង ស្រុក ខណ្ឌមានចំនួន១១៥ ក្នុងចំណោមក្រុងស្រុកខណ្ឌចំនួន ២០៣ នៃរាជធានី ខេត្តទាំង ២៥ដែលក្នុងនោះរួមមានរដ្ឋបាលក្រុងចំនួន ២៧ រដ្ឋបាលស្រុកចំនួន៧៤ និងរដ្ឋបាលខណ្ឌចំនួន ១៤ស្មើនឹង ៥៧% នៃចំនួនរដ្ឋបាលក្រុងស្រុកខណ្ឌទូទាំងប្រទេស៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពត