អភិបាលខេត្ត​កំពង់ចាម សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ឧប្បដ្ឋាន​សាលាឆាន់​មួយ​ខ្នង​សាងសង់​អស់​តម្លៃ​ជាង ៣០ ម៉ឺន​ដុល្លារ

(​កំពង់ចាម​)៖ អភិបាលខេត្ត​កំពង់ចាម​លោក​អ៊ុន​ចាន់​ដា​នៅ​ព្រឹក​ថ្ងៃទី ២៣ ខែ កុម្ភៈ​ឆ្នាំ ២០២០ នៅ​វត្ត​មេសរ​រ​រាម ស្ថិតក្នុង​ឃុំ​ស្រែ​វាល ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម បាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ឧប្បដ្ឋានសាលា ១​ខ្នង​ដែល​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ចំណាយ​អស់​ថវិកា​ជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក ។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា ឧប្បដ្ឋានសាលា​មួយ​ខ្នង​នេះ​មាន​ទំហំ ទទឹង​ប្រវែង ២៣​ម៉ែត្រ បណ្ដោយ​ប្រវែង ៣៤ ម៉ែត្រ កំពស់ ១៥ ម៉ែត្រ ដែល​ចំណាយ​ថវិកា​សាងសង់​អស់​អស់ ៣៣៥.០០០ ដុល្លារ​អាមេរិក ដែល​ថវិកា​នេះ​បានមកពី​សប្បុរសជន​នានា​ទាំង​ក្នុងប្រទេស​និង​ក្រៅប្រទេស រួម​នឹង​ថវិកា ចូលរួម​កសាង​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន មួយចំនួន​ផងដែរ ។

​លោក​អភិបាលខេត្ត​បាន​បន្តថា សំណង់​ឧប្បដ្ឋានសាលា​ដ៏​ធំ​នេះ គឺជា​សំណង់​ប្រវត្តិសាស្ត្រ ហើយក៏​ជា​សមិទ្ធផល​ថ្មី ក្នុង​បណ្ដាល​សមិទ្ធផល​ជាច្រើន​នៅតាម​ទី​អារាម​នានា​ក្នុង​ខេត្តកំពង់ចាម ។ ម្យ៉ាង វិញទៀត សមិទ្ធផល​ដែល​បាន​កសាង​អស់​ថវិកា​យ៉ាងច្រើន​សន្ធឹកសន្ធាប់​នេះ បានមកពី​ការរួម​សាមគ្គី​មូលមតិ​គ្នា កសាង​ឧប្បដ្ឋានសាលា​នេះ​ឡើង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​យើង ប្រើប្រាស់​ជា​ប្រយោជន៍ ទៅតាម​គន្លង​ព្រះពុទ្ធសាសនា ។

​លោក​អភិបាលខេត្ត​បាន​បន្តថា ស្រប​ពេលដែល​ប្រទេស​កម្ពុជា​យើង​កំពុងមាន​សុខសន្តិភាព​នេះ ការអភិវឌ្ឍ រីក ចម្រើន​មាន​សមិទ្ធផល​ជាច្រើន បានកើត ឡើង​នៅក្នុង​ស្រុក​ស្ទឹងត្រង់ ក៏ដូចជា​នៅតាម​បណ្ដា​ស្រុក​ផ្សេងៗ​ទៀត ក្នុង​ខេត្តកំពង់ចាម​យើង​ផងដែរ ។ ជាពិសេស សមិទ្ធផល​ដែល​កំពុង​លេចធ្លោ នៅក្នុង​ស្រុក​ស្ទឹងត្រង់ គឺ​ស្ពាន​មួយ​ខ្សែ សាងសង់ ឆ្លងកាត់​ទន្លេមេគង្គ​ពី​ស្រុក​ស្ទឹងត្រង់ ទៅ កាន់​ស្រុក​ក្រូចឆ្មារ ដែលជា​ស្ពាន​ប្រវត្តិ សាស្ត្រ គឺ​សាងសង់​បាន ៧០ ភាគរយ​ហើយ មិនយូរប៉ុន្មាន បន្ទាប់ពី​ស្ពាន​នេះ​សាងសង់​រួច សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នឹង​ចុះមក​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ សម្រាប់​ជា​ប្រយោជន៍​យ៉ាង​សន្ធឹកសន្ធាប់ ដល់​បងប្អូន​ប្រជាពលរដ្ឋ ក្នុងការ​ប្រើប្រាស់ ធ្វើចរាចរ​លើ​ស្ពាន​មួយ​នេះ ។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ទៅ​ថ្ងៃមុខ ស្រុក​ស្ទឹងត្រង់ គឺជា​ទីប្រជុំជន ចំណុចកណ្ដាល​មួយ ដែល​អាច​បង្កើន​មុខរបរ​យ៉ាងច្រើន​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​តំបន់​នេះ​រក​ទទួលទាន ដោយ ហេតុថា បន្ទាប់ពី​ស្ពាន​មួយ​ខ្សែ​បាន​សាង សង់​និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ ការ​នោះ អ្នកដំណើរ​ដែលមាន​ទិសដៅ​ចេញពី​ភ្នំពេញ ឬ​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ឆ្ពោះទៅកាន់​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី​ជាដើម គឺ​បាន​ឆ្លងកាត់​នៅ​ចំណុច​ស្ពាន​ស្រុក​ស្ទឹង​ត្រង់នេះ ។ ដូច្នេះ ភាព​អ៊ូអរ​នៃ​អ្នកដំណើរ និង​ភ្ញៀវទេសចរ អាចជា​បច្ច័យ នាំ​ឲ្យ​អ្នកស្រុក​ស្ទឹងត្រង់​និង​អ្នកស្រុក​ក្រូចឆ្មារ បង្កើន​មុខរបរ​រក​ទទួល ទាន រក​ភាព​រីកចម្រើន​នៅក្នុង​គ្រួសារ ឲ្យ​មាន​ជីវភាព​ធូរធារ​ឡើង​មួយកម្រិត​ទៀត ៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តកំពង់ចាម​)​