ការបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយ និងពិធីករ ដល់មន្ត្រី នៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបញ្ចប់ដោយទទួលបានលទ្ធផលគួរជាទីមោទន: !

(សៀមរាប)៖ បន្ទាប់ពីដំណើរការសិក្សាអស់រយ:ពេល ២ថ្ងៃ គឺថ្ងៃទី២២ និង ថ្ងៃទី ២៣ ខែកុម្ភ: ឆ្នាំ២០២០កន្លងមកនេះ វគ្គបណ្ដុះបណ្ដាលផ្នែកអានព័ត៌មាន អត្ថាធិប្បាយព័ត៌មាន និង ពិធីករដល់មន្ត្រីការិយាល័យវិទ្យុ និងការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានខេត្តសៀមរាប ត្រូវបានបិទបញ្ចប់ហើយ កាលពីវេលាថ្ងៃត្រង់ នាថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២០នេះ ដោយទទួលបានលទ្ធផលគួរជាទីមោទន: ។

លោក អ៊ូ សំណាង អនុប្រធាននាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស នៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងជាគ្រូឧទ្ទេសនៃវគ្គបណ្ដុះបណ្ដាលនេះ បានមានប្រសាសន៍ថា ផ្នែកតាមការសិក្សាដែលមានរយ:ពេលមួយថ្ងៃកន្លះមកនេះ លោកសូមវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងអស់ ដែលបានក្របជញ្ជក់យកទាំងចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀតពីគ្រូទ្ទេស ដែលមានរូបលោក និង លោកស្រី ឱរ លក្ខិណា ជាពិសេសតាមរយ: នៃការធ្វើតេស្តបញ្ជាក់សមត្ថភាព ដែលជាការអនុវត្តផ្ទាល់នោះឃើញថា សិក្ខាកាមទាំងអស់ពិតជាទទួលបាននូវជំនាញច្បាស់លាស់ហើយ និងអាចបម្រើតាមវិជ្ជាជីវ:របស់ខ្លួនប្រកបដោយគុណភាពខ្ពស់ ។

លោក អ៊ូ សំណាង បានបញ្ជាក់ទៀតថា ថ្វីត្បិតតែមន្ត្រីដែលធ្លាប់បម្រើការងារនេះយូរឆ្នាំហើយឆាប់ទទួលបាននូវចំណេះដឹងនេះបានលឿនប្រាកដមែនក៏ដោយ ប៉ុន្តែមន្ត្រីថ្មីដែលទើបនឹងចូលបម្រើការងារនេះ ក៏ទទួលបានចំណេះដឹងច្រើនផងដែរ ប្រការសំខាន់នោះ គឺសុំឲ្យមន្ត្រីទាំងអស់ ខិតខំប្រឹងប្រែងបន្តទៀត ព្រោះថាវគ្គបណ្ដុះបណ្ដាលនេះ គឺជាមូលដ្ឋានមួយ ដែលជាចំណេះដឹងមួយសម្រាប់ការលើកកម្ពស់ប្រព័ន្ធផ្សព្វផ្សាយនៃវិស័យព័ត៌មាន ប្រកបដោយគុណភាព និងស្តង់ដារវិជ្ជាជីវ: ជាពិសេសអ្នកដែលមានបទពិសោធន៍ ខ្ពស់ ត្រូវចេះជួយចែករំលែកនូវបទពិសោធន៍របស់ខ្លួនដល់អ្នកជំនាន់ក្រោយ ដើម្បីរួមគ្នាធ្វើឲ្យវិស័យព័ត៌មាននៅក្នុងខេត្តយើង កាន់តែរឹងមាំ និងរីកចម្រើន ព្រមទាំងទទួលបានការគាំទ្រកាន់តែច្រើនឡើងពីសំណាក់ប្រជាពលរដ្ឋ ។

មានប្រសាសន៍ក្នុងឱកាសនោះ លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត បានបញ្ជាក់ថា ផ្អែកតាមរបាយការណ៍របស់គ្រូឧទ្ទេស ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោកពិតជាមានមោទនភាពណាស់ ចំពោះមន្ត្រីដែលជាសិក្ខាកាម ដោយទទួលបានចំណេះដឹងថ្មីៗបានយ៉ាងឆាប់រហ័ស ដែលលទ្ធផលនេះ គឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតប្រកបដោយភាពជោគជ័យ ក្រោមការបង្ហាត់បង្ហាញយ៉ាងអស់ពីចិត្តពីថ្លើមពីសំណាក់គ្រូឧទ្ទេស រួមទាំងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិក្ខាកាមយើងផង ដូច្នេះអ្វីៗដែលទទួលបាននៅ ពេលនេះ នឹងធ្វើឲ្យវិស័យព័ត៌មាននៅក្នុងខេត្តយើង កាន់តែរីកចម្រើន រឹងមាំ និង ស្របតាមស្តង់ដាវិជ្ជាជីវ:មួយយ៉ាងពិតប្រាកដ ដែលជាស្តង់ដារនៃទូរទស្សន៍ជាតិកម្ពុជា ។

លោក លីវ សុខុន មានប្រសាសន៍បន្ថែមថា នេះជាសុទិដ្ឋិនិយមមួយដែលមន្ទីរព័ត៌មានខេត្តយើងទទួលបានតាមរយ:នៃការបណ្ដុះបណ្ដាលនេះ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី សូមឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងបន្តទៀត ដោយត្រូវសិក្សាស្រាវជ្រាវបន្ថែម ទាំងចំណេះដឹងនិងជំនាញប្រកបដោយសិល្ប៍វិធី រួមទាំងការហ្វឹកហ្វឺន និងទទួលយកនូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីស្ថាប័នផ្សេងទៀតដែលទាក់ទងនឹងវិស័យព័ត៌មាន ដើម្បីបង្កើននូវសមត្ថភាពរបស់ខ្លួនឲ្យកាន់តែមានចំណេះដឹងខ្ពង់ខ្ពស់ សម្រាប់លើកស្ទួយវិស័យព័ត៌មាននៅក្នុងខេត្តយើង កាន់តែរីកចម្រើន ស្របពេលស្ថានការណ៍នៅក្នុងពិភពលោកបច្ចុប្បន្នកំពុងមមានការរីកចម្រើនយ៉ាងខ្លាំងលើផ្នែកព័ត៌មានវិទ្យាជាពិសេស នៅប្រទេស កម្ពុជា យើង ក៏បាននឹងកំពុងយកចិត្តទុកដាក់ និងចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរនោះ ។

ក្នុងឱកាសនោះដែរ លោក លីវ សុខុន បានថ្លែងអំណរគុណចំពោះឯកឧត្ដម ឃឹម វុទ្ធី អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា ដែលបានបញ្ជូនមន្ត្រីជំនាញ មកជួយបណ្ដុះបណ្ដាលនាពេលនេះ ដល់មន្ត្រីនៃការិយាល័យវិទ្យុ និង ការិយាល័យទូរទស្សន៍ តាមការស្នើសុំរបស់មន្ទីរ ដែលធ្វើឲ្យវគ្គនេះ បានដំណើរការទៅប្រកបដោយជោគជ័យ ជាពិសេសបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានផ្ដល់ជាអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មានរាជធានី – ខេត្ត ឲ្យយកចិត្តទុកដាក់ធ្វើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវ:ដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ឲ្យមានចំណេះដឹងប្រកបដោយសមត្ថភាពខ្ពស់ ៕

អត្ថបទ ៖ លោក លីវ សាន្ត
រូបថត ៖ សហការីមន្ទីរព័ត៌មានខេត្តសៀមរាប
កែសម្រួលដោយ លីវ សុខុន