កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២០ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ពាម​រក៍​

(​ព្រៃវែង​)៖ នៅ​ព្រឹក​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាលាស្រុក​ពាមរ​ក៍បាន​បើក​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​បន្ត​ឆ្នាំ​២០២០ របស់​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ស្រុក​ពាម​រក៍​ក្រោម​អធិបតីភាព​ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការ ក្រសួង​មុខងារសាធារណៈ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល ដែលមាន​ការអញ្ជើញ​ចូលរួម​ពី សមាជិក​សមាជិកា​ក្រុមការងារ​សរុប​ចំនួន១៧១នាក់​។​

​នៅក្នុង​ឱកាស​នោះដែរ​លោកស្រី សេង ទៀង អភិបាលស្រុក​ពាម​រក៍​បានលើកឡើង​អំពី​របាយការណ៍ ការងារ​ដែល​បានសម្រេច​ក្នុង​ឆ្នាំ​កន្លង​នោះ​មាន បានរៀបចំ​ប្រជុំ​ផ្សេងៗ នឹង​ចុះ​ធ្វើ​វេទិកាសាធារណៈ​នៅតាម​ឃុំ​ទាំង​៨ នៅក្នុង​ស្រុក​ពាមរ​ក៍បាន​ចំនួន​៣១ លើក​សរុប​អ្នក​ចូលរួមបាន​ចំនួន​៥៦៧៤​នាក់ ស្ត្រី​ចំនួន​២៦១៧ អ្នក​។ ទទួលបាន​សំណូមពរ និង​បញ្ហា​ប្រឈម​សំខាន់ៗ​ចំនួន​៤៦​ករណី បានធ្វើការ​ឆ្លើយតប​និង​ដោះស្រាយបាន​ចំនួន​៤២​ករណី នៅសល់​៤ ករណី បានរៀបចំ​របាយការណ៍​ទៅ​ថ្នាក់​ខេត្ត និង​ទៅ​ក្រសួង​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដើម្បី​ពិនិត្យ​និង​ដោះស្រាយ​បន្ត​។ ក្រុមការងារ​ថ្នាក់ស្រុក និង​ឃុំ ដែល​អញ្ជើញ​មកពី​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​បាន​ចូលរួមចំណែក​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​មូលដ្ឋាន​ការងារ​សង្គមកិច្ច​មនុស្ស​ធម៌​រួមមាន ជួសជុល​ផ្លូវ ជួសជុល​សាលារៀន កសាង​វត្ត ដាំ​កូនឈើ​នៅតាម​វត្ត​អារាម និង​សាលារៀន ចាក់ដី​បំពេញ​ទីធ្លា​សាលារៀន ចែក​អំណោយ​ជា​សម្ភារៈ​សិក្សា តុ​កៅអី សម្ភារៈ​កីឡា ចែក​កង់ ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ចែក​ថ្នាំពេទ្យ រៀបចំ​ពិធី​សំណេះសំណាល និង​ពិសារ​អាហារ​សាមគ្គី​ចូលរួម​កម្មវិធី​បុណ្យ​ផ្សេងៗ ធ្វើ​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ ចាស់ជរា កាត់​សម្លៀកបំពាក់​ជូន​ប្រជា​ការពារ សួរសុខទុក្ខ​និង​ចែក​អំណោយ​កុមារកំព្រា ស្ដារ​ប្រឡាយ ជួសជុល​និង​ស្តារ​ប្រព័ន្ធ​លូទឹក សរុប​ជា​ទឹកប្រាក់​អស់​ចំនួន ៣២៨,៨១៩,២០០​រៀល និង​ប្រាក់​ដុល្លា​ចំនួន ១៥,៦២០ ដុល្លារ​។​

​ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រុមការងារ​ថ្នាក់ក្រោម​ជាតិ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​អស់កម្លាំង​កាយ​ចិត្ត​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើ​។​
​ឯកឧត្ដម​ក៏បាន ដាក់​ទិសដៅ​អនុវត្ត​ការងារ​បន្ត បន្ត​ការចុះ​រៀបចំ​វេទិកាសាធារណៈ នៅតាម​មូលដ្ឋាន និង​ជួប​ប្រាស្រ័យ​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ ក្តាប់បាន​នូវ​សំណូមពរ ការលំបាក​និង​សេចក្តីត្រូវការ​ផ្សេងៗ​។ – ខិតខំ​ចូលរួមចំណែក​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន ដោយ​កៀគរ​ធនធាន​ពី​ប្រភព​ផ្សេងៗ ដើម្បី​លើក​កំពស់ ជីវភាព​រស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។ បន្ត​សហការ​ផ្សព្វផ្សាយ និង​ជម្រុញ​ការអនុវត្ត​ច្បាប់ ការផ្តល់​សេវាសាធារណៈ និង​ការអនុវត្ត នយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​។ បន្ត​សហការ​ជម្រុញអោយមាន​ការដោះស្រាយ និង​បញ្ហា​ប្រឈម​នានា ដែលជា​សេចក្តីត្រូវការ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​។ -​បន្ត​ផ្សព្វផ្សាយ យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​សភាពការណ៍ រីកចម្រើន​ថ្មីៗ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​។ – បន្ត​ពង្រឹង​កិច្ចសហការ​និង​រួបរួមសាមគ្គី​ឯកភាពគ្នា​ជា​ធ្លុង​មួយ ដើម្បី​ចូលរួមចំណែក​ថែរក្សា​សុខសន្តិភាព និង​ការអភិវឌ្ឍន៍​ប្រទេសជាតិ​អោយបាន​គង់វង្ស​ជា​ដរាប​តរៀង​ទៅ​។​

​សូមបញ្ជាក់​ផងដែ​ថា ឯកឧត្តម យក់ ប៊ុន​ណា រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ នាយក​សាលា​ភូមិន្ទ​រដ្ឋបាល ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ផ្ដល់​ការទុកចិត្ត​តែងតាំង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ស្រុក​ពាម​ជរ​ដើម្បី​ត្រួតពិនិត្យ​និង​គាំទ្រ​ការអនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ដើម្បី​លើកកម្ពស់​ការ ផ្ដល់​សេវាសាធារណៈ​ការអភិវឌ្ឍ​មូលដ្ឋាន​ការដោះស្រាយ​បញ្ហា​ប្រឈម​នានា​សំណូមពរ​និង​ទុក្ខ​កង្វល់​ទាំងឡាយ​របស់​ជា​ពលរដ្ឋ​សំដៅ​កែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​ល្អប្រសើរ​ឡើង​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តព្រៃវែង​)​