សន្និបាត​ប្រចាំឆ្នាំ​២០១៩ របស់​សហគមន៍​កសិក​ម្ម​ក្តីសង្ឃឹម​កសិករ នៅ​ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ​

(​ត្បូងឃ្មុំ​) ៖ សហគមន៍​កសិកម្ម មិនអាច​រឹងមាំ​បានទេ បើ​ខ្វះ​ការចូលរួម​ពី​វិស័យ​ឯកជន​និង​ដៃគូ​អភិវឌ្ឍន៍​នេះ ជាការ​លើកឡើង​របស់​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ ថ្លែង​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​២០១៩ របស់​សហគមន៍​កសិក​ម្ម​ក្តីសង្ឃឹម​កសិករ​នៅ​ឃុំ​ទួល​ស្នួល ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២០​។​

​នៅក្នុង​សន្និបាត​ប្រចាំឆ្នាំ​នាពេល​នោះដែរ ក៏មាន​វត្តមាន អនុប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម តំណាង​មន្ទីរ​ពាណិជ្ជកម្ម តំណាង​ធនាគារ​អភិវឌ្ឍន៍ជនបទ លោក​មេឃុំ​ទួល​ស្នួល និង​ក្រុមប្រឹក្សាឃុំ មេភូមិ​ក្នុង​ឃុំ​ទាំងអស់ លោក​ប្រធាន​ក​រិ​យា​ល័យ​កសិកម្ម ធនធានធម្មជាតិ និង​បរិស្ថាន​ស្រុក តំណាង​ក្រុមហ៊ុន​ឥន្ទ្រី​បៃតង ក្រុមហ៊ុន ឡេង​ណា​វ៉ា​ត់​ត្រា ក្រុមហ៊ុន គង់ នួន ថ្នាក់ដឹកនាំ និង​សមាជិក​សហគមន៍​កសិក​ម្ម សរុប​ប្រមាណ​ជាង​១០០​នាក់​។​
​លោក ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ​និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ បាន​កោតសរសើរ​ដល់​សហគមន៍​កសិកម្ម​ក្តីសង្ឃឹម​កសិករ ដែល​បាន ដឹកនាំ​គ្រប់គ្រង​ប្រកបដោយ​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ ធ្វើ​ឲ្យ​សហគមន៍​ទទួលបាន​ការរីកចម្រើន​គួរ​ឲ្យ ចាប់អារម្មណ៍​បំផុត នៅពេលដែល​សហគមន៍​ទើប​កកើត​បាន​១១​ខែ តែ​អាច​ពង្រីក​សមាជិក​បន្ថែ​ម​ពី ៥០​នាក់ ដល់​៨៤​នាក់ ដែល​នេះ​ឆ្លុះ បញ្ចាំង​ឲ្យ​ឃើញថា ទាំង​សមាជិក​និង​ប្រជាពលរដ្ឋ​មិនមែន​សមាជិក មានការ​ជឿជាក់​លើ​ការដឹកនាំ​និង​ភាព​រីកចម្រើន របស់​សហគមន៍​និង​គុណប្រយោជន៍​នៃ​សហគម​ន័ក​សិ​កម្ម​។ សារៈសំខាន់​និង​ភាពចាំបាច់​ក្នុងការ​ចងក្រង​ជា​សហគមន៍​កសិកម្ម គឺ​សំដៅ​លើកកម្ពស់​វិស័យ​កសិកម្ម ជាពិសេស​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ចំណូល​របស់​កសិករ ដែលជា​ទិសដៅ​របស់​រាជរដ្ឋាភិបាល ពិសេស​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​លោក បាន​ផ្ដាំផ្ញើ​ដល់ សមាជិក សមាជិការ របស់​សហគមន៍​ទាំងអស់ ត្រូវ​បន្ត​រក្សា​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ ទាំង​ជួរ​ថ្នាក់ដឹកនាំ​និង​សមាជិក ត្រូវ​រៀបចំ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​និង​គណៈកម្មាធិការ​ត្រួតពិនិត្យ សហគមន៍​កសិកម្ម ឲ្យ​បានជា​ទៀងទាត់​ជា​រៀងរាល់ខែ ពិនិត្យ​បញ្ហា​ប្រឈម​និង​រិះរក​វិធីសាស្ត្រ​ដោះស្រាយ ហើយ​រាល់​កិច្ចប្រជុំ ត្រូវមាន​កំណត់ហេតុ​និង​របាយការណ៍ បង្កើតជា​ក្រុម​ផលិតកម្ម​ដំណាំ​និង​ក្រុម​មុខរបរ​ផ្សេងៗ ដើម្បី​ងាយ​ទទួលបាន​សេវា​បច្ចេកទេស កសិកម្ម អាជីវកម្ម ធុរៈកិច្ច និង​ជំរុញ​កម្លាំងផលិតកម្ម​កសិកម្ម ឲ្យ​មាន​លក្ខណៈ​ប្រមូលផ្ដុំ និង​ត្រូវ​តម្រង់ទិស​ការ​លក់ក​សិ​ផល តាម​កិច្ចសន្យា​ផលិតកម្ម​កសិកម្ម ជាមួយ​ឈ្មួញ​ឬ​ក្រុមហ៊ុន ស្របតាម​ស្មារតី​អនុក្រឹត្យ ស្ដីពី​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា ដែលមាន​អាជ្ញាធរ​និង​អង្គភាព​ជំនាញ​របស់​រដ្ឋ ចូលរួម​ដឹង​លឺជា​សាក្សី ដើម្បី​ដោះស្រាយ​បញ្ហា​ដែល កើតមានឡើង​ជាយថាហេតុ ក្នុងកំឡុងពេល​អនុវត្ត​កិច្ចសន្យា​។ ម្យ៉ាងទៀត ថ្នាក់ដឹកនាំ​និង​សមាជិក​សហគមន៍ ត្រូវ​ចូលរួម​ទិញ​ភាគហ៊ុន​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ទុន​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ឲ្យ​បាន​ច្រើន ពង្រីក​មុខរបរ​ឲ្យ​បាន​ទូលំទូលាយ ហើយ​សមាជិក​ត្រូវ​បង់ប្រាក់​សមាជិកភាព ឲ្យ​បាន​គ្រប់គ្នា និង​ទាន់ពេលវេលា​។

​លោក ហេង ពិសិដ្ឋ បាន​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ វិភាជន៍​មូលនិធិ​ឃុំ ជួយ​ទ្រទ្រង់ អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​ឲ្យ​បាន​សម ស្របតាម​តម្រូវការ​របស់​សហគម​ន៍ ក៏ដូចជា​តម្រូវការ​រ​បស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​ដៃគូ​អភិវឌ្ឍន៍​និង​វិស័យ​ឯកជន ចូលរួម​លើកទឹកចិត្ត​និង​បង្កើន​ភាពកក់ក្តៅ​ដល់​សហគមន៍​ក្នុង​ការធ្វើ ធុរកិច្ច ទំនើបកម្ម​ផលិតកម្ម​កសិកម្ម ជាមួយ​សហគមន៍​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ​៕ (​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្ត​ត្បូងឃ្មុំ​)​