កិច្ចប្រជុំការងារថ្នាក់ខេត្ត ស្តីពីការចុះរុះរើនូវសំណង់ និងសម្ភារៈនានាដែលដាក់តាំង និងសាងសង់រំលោភដីចំណីផ្លូវ

(ព្រះវិហារ)៖ កាលពីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំរបស់ ក្រុមការងារថ្នាក់ខេត្ត ស្តីពីការចុះរុះរើនូវសំណង់ និងសម្ភារៈនានា ដែលបានដាក់តាំង និងសាង សង់រំលោភដីចំណីផ្លូវ នៅតាមបណ្ដាក្រុង-ស្រុក ក្នុងភូមិសាស្ដ្រខេត្តព្រះវិហារ ក្រោមអធិបតីភាពឯកឧត្តម ស៊ូ សិរី អភិបាលខេត្តស្ដីទី ដែលពិធីនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្ត ព្រះវិហារ ក្រោមវត្តមានអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំមន្ទីរជំនាញ តំណាងការិយាល័យពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុកជាច្រើនរូបទៀត។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ស៊ូ សិរី បានបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងដើម្បីរៀបចំ សោភ័ណភាពសណ្ដាប់ធ្នាប់សាធារណៈឱ្យមានររៀបរាបរយក្នុងខេត្តព្រះវិហារ ឱ្យស័ក្ដសមជាខេត្ត ទេសចរណ៍ប្រវត្តិសាស្ដ្រ និងធ្វើយ៉ាងណាលុបបំបាត់ឱ្យអស់នូវការសាងសង់ទន្ទ្រានយកដីចំណី ផ្លូវខុសពីច្បាប់ដែលបានកំណត់។

ឯកឧត្តមបន្ដថា អាជ្ញាធរក្រុង-ស្រុក ត្រូវសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ក្នុងការចុះ ផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋឱ្យបានយល់ដឹងអំពីការតំឡើងស្ដង់ ឆ័ត្រ ផ្លាកយីហោផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ដែលបានសាងសង់រំលោភលើដីចំណីផ្លូវ ហើយក្នុងករណីណាដែលប្រជាពលរដ្ឋមិនអនុវត្តតាមច្បាប់ដែលបានកំណត់ អាជ្ញាធរខេត្ត និងមានវិធានការចុះរុះរើផ្ទាល់តែម្ដង។

ឯកឧត្តមក៏បានបញ្ចាក់បន្ថែមថា ដើម្បីអនុវត្តឱ្យសមស្របទៅតាមនិតីវិធីច្បាប់ និងលិខិត បទដ្ឋានគតិយុតជាធរមាន ដូច្នេះសូមលោក លោកស្រី ដែលមានផ្លាកយីហោ ឬផ្ទាំងផ្សព្វផ្សាយ ពាណិជ្ជកម្មដែលគ្មានលិខិតអនុញ្ញាតិ ឬអស់សុពលភាព ត្រូវមកបំពេញបែបបទស្នើសុំលិខិត អនុញ្ញាតិពីការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្ត ឬច្រកចេញចូលតែមួយនៅរដ្ឋបាលក្រុង-ស្រុក ៕