គណៈអភិបាលស្រុកស្រីសន្ធរ ខេត្តកំពង់ចាម រួមជាមួយ ស.ស.យ.ក ស្រុកចុះជួបសំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សថ្នាក់ទី១២ដែលកំពុងរៀនបំប៉នត្រៀមប្រឡង

(កំពង់ចាម)៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៩.០០នាទីព្រឹកលោក ស៊ីមគង់ អភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ បានអញ្ជើញដឹកនាំ សហភាព​សហព័ន្ធ​យុវជន​កម្ពុជាស្រុកស្រីសន្ធរចុះជួប សំណេះសំណាល និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងសិស្សនុសិស្សថ្នាក់ទី១២ វិទ្យាល័យព្រែកដំបូកដែលកំពុងរៀន វគ្គ​បំប៉ន​ត្រៀមប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ​សិស្ស​ថ្នាក់​ទី​១២ឆ្នាំសិក្សា២០១៩-២០២០ នាពេលខាងមុខ។

ឆ្នាំនេះ ក៏​មិន​ខុសពី​ឆ្នាំមុនដែរ វគ្គ​បំប៉ន នៅតែ​បន្ត​រៀបចំ​នៅតាមវិទ្យាល័យទាំង៦នៅក្នុងស្រុកស្រីសន្ធរ ដែល​ជាការ​ផ្ដល់ឱកាស​ដល់​សិស្សានុសិស្ស មក​រៀន​បន្ថែម​ជា​លោកគ្រូ​ អ្នកគ្រូ ក្រោមការឧបត្ថម្ភពីឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្រីសន្ធរ នូវថវិកា១៣លានរៀលដើម្បីគាំទ្រក្នុងកម្មវិធីបំប៉ន លើសម្ភារៈ ឯកសារ សម្រាប់បង្រៀន ។

វគ្គ​បំប៉ន​នេះ  បាន​ជួយ​ពង្រឹងសមត្ថភាព​សិស្សានុសិស្ស និង​ជំរុញ​ចំនួន​សិស្ស​ឲ្យ​ប្រឡង​ជាប់​កាន់តែច្រើន ជាពិសេស​បើក​បង្រៀន​ដោយ​ឥតគិតថ្លៃ ។ ជាមួយនឹងកម្មវិធីនេះដែលលោកអភិបាលនៃគណៈអភិបាលស្រុកស្រីសន្ធរ ក៏បានឧបត្ថម្ភកម្មវិធីសង្ត្រានឆ្នាំថ្មីជូនដល់សិស្សវិទ្យាល័យព្រែកដំបូក ចំនួន៥០ម៉ឺនរៀល និងលោក ផល វ៉ុន មេឃុំព្រែកដំបូក ២០ម៉ឺនរៀលផងដែរ។