លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាមចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សវិទ្យាល័យ ជីហែ ស្រុកកោះសូទិន

(កំពង់ចាម)៖ រសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ លោក ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានចុះជួបសំណេះសំណាល ជំរុញ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សានុសិស្ស យុវជនកាយរិទ្ធ កាកបាទក្រហម នៅវិទ្យាល័យ ជីហែ ស្រុកកោះសូទិន ដោយមានការចូលរួមពីព្រះសង្ឃផងដែរសរុបប្រមាណ២៥៤ អង្គ នាក់។

ក្នុងន័យនេះលោកប្រធានក៏បានលើកទឹកចិត្តអោយសិស្សានុសិស្សបានបញ្ចេញនូវភាពក្លាហាន តាមរយៈការចូលរួមជាយោបល់ផ្សេងៗ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ល្អៗដើម្បីអោយប្អូនៗខិតខំរៀនសូត្រជាទំពាំងស្នងឫស្សី ធ្វើអ្វីៗដែលមានប្រយោជន៍ដល់សង្គម ជៀសឆ្ងាយពីអំពើមិនគប្បីទាំងឡាយ ដើម្បីអនាគតខ្លួនឯង គ្រួសារ និងសង្គម ជាពិសេសប្រឡងអោយជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា នាពេលឆាប់ៗខាងមុខ។

ក្នុងឱកាសនោះផងដែរលោកប្រធានក៏បានផ្ដល់លិខិតថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ទាំងអស់ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលាដ៏មានតម្លៃជួយបំប៉នដល់ប្អូនៗដើម្បីត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលបានលទ្ធផលគួរជាទីពេញចិត្តក្នុងឆ្នាំកន្លងៗទៅហើយនោះ។ 

លោកប្រធានក៏បានពាំនាំនូវការសួរសុខទុក្ខ ការលើកទឹកចិត្ដ ការថ្លែងអំណរគុណ និងអនុសាសន៍ល្អៗពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងផ្ដល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះការសិក្សារបស់ប្អូនៗ និងផ្ដល់ឱកាសគ្រប់បែបយ៉ាងដល់ប្អូនៗក្នុងការអភិវឌ្ឍសមត្ថភាព ព្រមទាំងចូលរួមក្នុងការងារសង្គមផងដែរ។