ក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ ផ្សព្វផ្សាយ ខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៩ និងលើកទិសដៅបន្តឆ្នាំ ២០២០ ដល់មន្ទីរអង្គភាព អាជ្ញាធរ និងអង្គការដៃគូក្នុងខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ ថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំធំ ខ សាលាខេត្តត្បូងឃ្មុំ មន្ទីរអភិវឌ្ឍន៍ជនបទ បានបើកកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០១៩ និងលើកទិសដៅបន្តឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដល់មន្ទីរអង្គភាព អាជ្ញាធរ និងអង្គការដៃគូក្នុងខេត្តត្បូងឃ្មុំ ។

កិច្ចប្រជុំផ្សព្វផ្សាយនេះ ធ្វើឡើងក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម កេង ប៊ុនណា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមកេងប៊ុនណាបានមានប្រសាសន៏ ស្វាគមន៍ ដោយបានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងការខិតខំអនុវត្តការងារ នៅតាមមូលដ្ឋានផ្ទាល់ របស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ក្នុងការរួមចំណែកអភិវឌ្ឍខេត្ត ដែលធ្វើឲ្យខេត្ត អាចសម្រេចបានជោគជ័យល្អប្រសើរ សម្រាប់ឆ្នាំកន្លងទៅនេះ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រមុខដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសព្វ។

ឯកឧត្តមបានបន្តថាខេត្តត្បូងឃ្មុំទាំងមូល មានការអភិវឌ្ឍន៍រីកចម្រើន ឈានឡើងលើគ្រប់វិស័យ គួរជាទីមោទនៈដោយឡែកសភាពការណ៍ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែត្រូវពង្រឹងបាន ការធានាដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ប្រកបដោយសេចក្តីសុខសាន្ត និងបង្កើតបានបរិយាកាស អនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំលើគ្រប់វិស័យ។

បន្ទាប់ពីលោក អាន ស៊ីណា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានអានជម្រាបជូនអង្គពិធី អំពីរបាយការណ៍វឌ្ឍនភាព របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត នូវសកម្មភាពនៅតាមមូលដ្ឋានដែលមន្ទីរអភិវឌ្ឍន៍សម្រេចបានកន្លងមក ។

ថ្លែងនាឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានមានប្រាសាសន៏ថា ក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំផ្ទាល់ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅនៃចក្ខុវិស័យតាមកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះ ធ្វើឱ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ជំរុញឲ្យមានការផ្លាស់ប្ដូរជីវភាពរស់នៅ ដោយផ្ទាល់របស់ប្រជាជននៅតាមទីជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង បរិស្ថាន។

លោកជំទាវបានបន្តថា លទ្ធផលដែលសម្រេចបានក្នុងរយៈពេល ១ឆ្នាំកន្លងមកនេះ គឺពិតជាបានមកពីការខិតខំយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់មន្ត្រីរាជការ បុគ្គលិក មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ពិសេសការដឹកនាំបញ្ជាដោយផ្ទាល់ប្រកបដោយភាពឆ្លាតវាងវៃ ទន់ភ្លន់ រហ័សរហួន តម្លាភាពនិង មានប្រសិទ្ធភាព ដែលបានជួយបង្កគ្រប់លក្ខណៈសម្បត្តិងាយស្រួល ទាំងស្មារតី សម្ភារៈ និងថវិកា ដែលជាប្រភពទុនដ៏សំខាន់ អាចឲ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំធ្វើការអភិវឌ្ឍនៅមូលដ្ឋានទទួលបានលទ្ធផលល្អនិងមានកំណើនជារៀងរាល់ឆ្នាំ។

លោកជំទាវ ម៉ាត់ ម៉ារ៉ា ក៏បានអំពាវនាវ ដល់ លោក-លោកស្រី មេឃុំ ចៅសង្កាត់ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានា និងសមាជិកសមាជិកា ទាំងអស់ ត្រូវខិតខំ បំពេញការងារដោយអនុវត្តគម្រោង នានា របស់មន្ទីរអភិវឌ្ឍន៏ អោយសម្រេចបានល្អ និង ទទួលបាននូវប្រសិទ្ធិភាពខ្ពស់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ