ក្លឹបសិក្សា “យុវជនដើម្បីភាពជោគជ័យ” ដែលរៀបចំឡើងដោយ ស.ស.យ.ក ខេត្តកំពង់ចាម នឹងចាប់ដំណើរពីថ្ងៃទី២០ ខែកុម្ភៈ នេះហើយ

(កំពង់ចាម)៖ គណៈអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តកំពង់ចាមបានប្រជុំពិភាក្សាគ្នាជាលើកចុងក្រោយនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះដើម្បីអោយប្រាកដថាក្លឹបសិក្សា “យុវជនដើម្បីភាពជោគជ័យ” ដែលគ្រោងនឹងដំណើរការនៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខនេះប្រព្រឹត្តទៅដោយរលូនប្រកបដោយភាពជោគជ័យ។

គូសបញ្ជាក់ផងដែរថាក្លឹបសិក្សានេះ ស.ស.យ.ក ខេត្តកំពង់ចាម បានរៀបចំជាលើកដំបូងដែលមាននិស្សិតមកពី២សាកលវិទ្យាល័យចូលរួមចំនួន ២២នាក់ ក្នុងនោះតម្រូវអោយសិក្សាចំនួន៣០ម៉ោង រៀងរាល់រសៀលថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ នៅស្នាក់ការ ស.ស.យ.ក ខេត្តដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២០ ខែមិនា ឆ្នាំ២០២០ខាងមុខ។

ចំពោះវាគ្មិន និងគ្រូបង្គោលសុទ្ធសឹងជារៀមច្បង ស.ស.យ.ក ខេត្ត និងបុគ្គលគម្រូក្នុងសង្គមដែលបានបទពិសោធន៍ ក្នុងន័យធ្វើយ៉ាងណាអោយក្លឹបនេះលេចចេញជាផ្លែផ្កាបម្រើដល់យុវជនក្នុង ខេត្តកំពង់ចាម ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ។

យើងរំពឹងទុកថា និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្ដាលក្នុងក្លឹបសិក្សានេះនឹងក្លាយជាអ្នកបន្តវេនប្រកបដោយចំណេះដឹង សីលធម៌ ភាពក្លាហាន និងគំនិតច្នៃប្រឌិតខ្ពស់ក្នុងការចូលរួមការងារសង្គមដើម្បីអភិវឌ្ឍន៍ខេត្តយើង ក៏ដូចជាកសាងនូវអនាគតដ៏ត្រចះត្រចង់មួយសម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូលទៀតផង។