នាយឧត្តមសេនីយ៍គន់ គីម ដោះស្រាយដីសម្បទានសង្គមកិច្ចជូនផ្ទះនិងដីដល់អតីតយុទ្ធជនជិត២០០គ្រួសារ ដែលគ្មានដីគ្មានផ្ទះ

(កំពង់ធំ)៖ គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានរៀបចំសន្និបាត បូកសរុបលទ្ធផលការងារអតីតយុទ្ធជន ដែលសម្រេចបាននៅក្នុងខេត្តកំពង់ធំ ប្រចាំឆ្នាំ២០១៩ ទិសដៅបន្ត ឆ្នាំ២០២០ដែលបានប្រារព្វធ្វើឡើង នៅសាលប្រជុំសាលាខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ ដោយមានមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរ អតីតយុទ្ធជនមកពីបណ្តាស្រុកក្រុង ជាង៣០០នាក់ ។

នៅក្នុងពិធីសន្និបាត វត្តមាន ឯកឧត្តមនាយឧត្តមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រីទទួលបេសកកម្មពិសេស អនុប្រធានទី១នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយនិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតី រួមទាំង ឯកឧត្តម សុខ លូ អភិបាលនិងជាប្រធានស.អ.ក ខេត្ត និងប្រតិភូអមដំណើរ។

កិច្ចប្រជុំនេះ បានបង្ហាញពី ការខិតខំប្រឹងប្រែង របស់គតិបណ្ឌិតតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃនិងជាប្រធានសមាគមយុទ្ធជនកម្ពុជា មានចក្ខុវិស័យបានរៀបចំជាសមាគមយុទ្ធជនគោលបំណងគិតគូរពីសុខទុក្ខប្រយោជន៍បងប្អូនអតីតយុទ្ធជន ដែលពួកគាត់សុទ្ធសឹងតែជាអ្នកចិត្តបូជាសាច់ស្រស់ឈាមស្រស់ចូលរួមធ្វើឱ្យប្រទេសសុខសន្តិភាព។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសាមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ មានប្រសាសន៍ថា ក្រោមការចង្អុលណែនាំរបស់ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានជួយយកចិត្តទុកធ្វើឲ្យការងារសមាគមអតីតយុទ្ធជន បានធ្វើឲ្យអតីតយុទ្ធជនទទួលបានភាពកក់ក្តៅ និងជឿជាក់ទុកចិត្ត រួម ទាំងបានស្មោះស្ម័គ្ររួមសុខរួមទុក្ខ ធ្វើដំណើរជាមួយនិងសម្តេចតេជោ ហ៊ុន សែន ដឹកនាំនាវាសន្តិភាព និងការអភិវឌ្ឍន៍ ឆ្ពោះទៅរកភាពរីកចម្រើន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីថា បច្ចុប្បន្ននេះអតីតយុទ្ធជន ៣,៥៧៣នាក់ បានជួយដោះស្រាយសាងសង់ផ្ទះជូនអតីតយុទ្ធជន ក្នុងខេត្តកំពង់ធំសរុប១៤១ខ្នង និងកំពុងតែបន្តសាងសង់៣០ ទៀត ក្នុងនោះបន្ទាប់ពីសាងសង់រួច ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ជួយ១៧ខ្នងផ្ទះបន្ថែមទៀត ចំណែកសមាគមអតីតយុទ្ធជនខេត្ត បានរកឃើញអតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ ចំនួន១៩៨គ្រួសារទៀត អត្ថប្រយោជន៍ ដែលអតីតយុទ្ធជនទទួលបាន ការបើកប្រាក់បេឡាមរណៈ,ប្រាក់ធានារ៉ាប់រង ,ប័ណ្ណបេឡាជាតិ(ប.ស.ស) សាងសង់ផ្ទះជូនអតីតយុទ្ធជនដែលគ្មានដីគ្មានផ្ទះ និងមានដីតែគ្មានផ្ទះ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ឲ្យអាជ្ញាធរ និងស្ថាប័ន មន្ទីរពាក់ព័ន្ឋ រួមគ្នាយក ចិត្តទុកដាក់ ដល់ក្រុមគ្រួសារអតីតយុទ្ធជន និងត្រូវចូលរួមដោះស្រាយដល់អតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាព លំបាកខ្វះខាត នៅតាមមូលដ្ឋាន ជាពិសេសស្ថាប័នជំនាញពាក់ព័ន្ឋត្រូវ សហការគ្នាដើម្បី ដោះស្រាយដោយនិតិវិធី រក្សាដីសម្បទានសង្គមកិច្ច ដើម្បីទុកស្រាប់ការបែងចែកជូនដល់អតីតយុទ្ធជន ដែលគ្មានដីគ្មានផ្ទះ តាមការគិតគូរដោយចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

ឯកឧត្តមមានប្រសាស៍ កោតសរសើរដល់ប្រធានសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ និងឯកឧត្តម អភិបាលខេត្ត ប្រធានកិត្តិយសសមាគម ដែលបានខិតខំប្រឹងប្រែងដោះស្រាយ ស្បៀងអាហារ ការចុះសួរសុខទុក្ខ និងការសាងសង់ផ្ទះជូនអតីតយុទ្ធជន យ៉ាងសកម្ម បានធ្វើឲ្យមានសកម្មភាពលេចថ្លូរ ក្នុងការងារអតីតយុទ្ធជន និងសូមអគុណ ប្រធាន គណកម្មការសមាគមស្រុកក្រុង រួមទាំងកងកម្លាំងទាំង៣ប្រទេស និងអាជ្ញាធរ ដែលបានរួមសាមគ្គីគ្នា ធ្វើឲ្យការងារសម្រេចបានជោគជ័យគួរជាទីមោទនៈ។

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម បានសំណូមពរ ឲ្យអាជ្ញាធរ កងម្លាំង និងមន្ទីរសូរិយោឌី រួមទាំងមេភូមិ មេឃុំ រួមគ្នាដោះស្រាយបញ្ហាដី សម្បទានសង្គមកិច្ច ដើម្បីរក្សាទុកជូនដល់បងប្អូនអតីតយុទ្ធជន ដែលជាអតីតកងកម្លាំង មានជីវភាពខ្វះខាត គ្មានដីគ្មានផ្ទះជាង២០០គ្រួសារ និងត្រូវចាត់វិធានការដាច់ខាត ចំពោះការរំលោភរុករាន្ទកាន់កាប់ដីដោយខុសច្បាប់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ