ខេត្តព្រះវិហារ ប្រារព្ធពិធីអបអរសាទរខួបលើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

 

(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នេះ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៦៥ ( ១៨ កុម្ភៈ ១៩៥៥ -១៨ កុម្ភៈ ២០២០) ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា និងពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា វិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស ជាស៊ីម ត្បែងមានជ័យ វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ហ្មសែត និងវិទ្យាល័យ ហ៊ុន សែន ត្បែងមានជ័យ សរុបចំនួន ១៥០នាក់។

នៅក្នុងឱកាសនោះដែរឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិ ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរំលឹកពីប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ជូនសមាជិក សមាជិកា និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ។

ឯកឧត្តមបានបន្ថែមទៀតថា កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​ សែន ជាប្រធាន បានធ្វើសកម្មភាពយ៉ាងសកម្ម បានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងនាមជាជំនួយការអោយអាជ្ញាធរ
សាធារណក្នុងវិស័យមនុស្ស ។

ក្នុងនោះដែរឯកឧត្តមក៏បានផ្តាំផ្ញើដល់យុវជនអោយខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវខិតខំធ្វើយ៉ាងណាអោយក្លាយខ្លួនជាទំពាំងស្នងឬស្សី និងជាធនធានមនុស្សក្នុងការចូលរួមជួយអភិវឌ្ឍន៍សង្គមជាតិ ។

ក្នុងពិធីនេះដែរ ឯកឧត្តមក៏បានផ្តល់ជូនយុវជនកាកបាទក្រហមកម្ពុជា ចំនួន១៥០នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិច ១ដើម អាវ៥ និងថវិកាមួយចំនួន ។

លោកប្រធានកិត្តិយសក្លឹប លោកគ្រូ អ្នកគ្រូ ទីប្រឹក្សាយុវជន ចំនួន ៨នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ ៥ក្បាល ប៊ិច ២ដើម អាវ៥ និងថវិកាមួយចំនួន ព្រមទាំងបានផ្តល់ប័ណ្ណសសើរជូនលោក ពៅ លីហៀង ប្រធានកិត្តិយសក្លឹបផងដែរ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ