ក្រុមអ្នកគាំទ្របន្លែសុវត្ថិភាព សិក្សាស្វែងយល់ពីបច្ចេកទេសដាំបន្លែសុវត្ថិភាព នៅសហគមន៍នៃខេត្ដសៀមរាប

(សៀមរាប)៖ ក្រុមអ្នកបរិភោគ និងអ្នកទទួលទិញបន្ថែសុវត្ថិភាពប្រមាណជិត៦០នាក់ បាននាំគ្នាសិក្សាស្វែងយល់ពីបច្ចេកទេសដាំបន្លែសុវត្ថិភាព នៅសហគមន៍បន្ថែសុត្ថិភាពផ្ទាល់ ក្នុងស្រុកសូទ្រនិគម ខេត្ដសៀមរាប ដើម្បីអោយដឹងថា បន្ថែសុវត្ថិភាពនេះមានគុណភាពពិតប្រាកដ និងដើម្បីអោយមានទំនុកចិត្ដដល់អ្នកទៅបរិភោគ ។

បើតាមលោក ទូច សុខារិទ្ធ ប្រធានគម្រោងអង្គការហ្រ្គេត GRET បានឲ្យដឹងកាលពីថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២០នេះថា មានអ្នកគាំទ្របន្ថែសុវត្ថិភាពជាច្រើន ដែលពួកគាត់មកពីមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្តសៀមរាប, ម្ចាស់ភោជនីយដ្ឋាន, ជាចុងភៅ, គ្រូបង្រៀន និងមកពីតាមក្រុមហ៊ុនផ្សេងៗទៀត ព្រមទាំងអ្នកទទួលទិញ បន្លែពីកសិករដាំដុះផ្ទាល់ ពួកគាត់ទៅបានសិក្សាស្វែងយល់ពីដំណាំបន្លែសុវត្ថិភាពផ្ទាល់នៅសហគមន៍បន្ថែសុវត្ថិភាពស្ថិតនៅភូមិជ្រៃជើង ឃុំគៀនសង្កែ ស្រុកសូទ្រនិគម ដើម្បីអោយដឹងថា តើការដាំបន្លែនោះមានគុណភាពល្អ និងមានសុវត្ថិភាពត្រឹមត្រូវដែរឬទេ? ហើយកសិករទាំងនោះបានគោរពតាមបទដ្ឋានបច្ចេកទេសដែរឬទេ ? ព្រោះពួកគាត់ជាអ្នកបរិភោគបន្ថែណាដែលមសនសុវត្ថិភាព ពោលគឺគ្មានគីមី ។

ជាមួយគ្នានោះក្រុមអ្នកទទួលទានបន្ថែសុវត្ថិភាពនេះ ក៏បានទៅចូលរួមរៀនពីការផលិតជីកំប៉ុស្ដិ៍ធម្មជាតិ និងការផលិតថ្នាំបំពុលសត្វល្អិតបែបធម្មជាតិផងដែរ ។

លោកបានបន្ដថា ប្រទេសកម្ពុជា បាននំាចូលបន្លែ ផ្លែឈើមកពីប្រទេសជិតខាងច្រើន ដែលបន្លែ និងផ្លែឈើខ្លះ បានប្រើប្រាស់សារធាតុគីមីពុលធ្វើអោយប៉ះពាល់សុខភាពប្រជាពលរដ្ឋខ្មែរ ទើបអង្គការហ្គ្រេតនេះ បានចងក្រងប្រជាពលរដ្ឋអោយដាំបន្លែសុវត្ថិភាព និងបង្កើតសហគមន៍បន្លែសុវត្ថិភាពនៅមូលដ្ឋាននេះផ្ទាល់ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក(ខេត្តសៀមរាប) ។

លោកបន្ថែមថា បន្ថែសុវត្ដិភាពគឺជាបន្លែមិនប្រើប្រាស់ជាតិគីមីពុល របស់សហគមន៍នេះ ដែលបានផ្គត់ផ្គង់នៅតាមមន្ទីរពេទ្យ សាលារៀន ភោជនីយ៍នានា និងជាពិសេសបានបង្កើតផ្សារបន្លែសុវត្ថិភាពដាក់លក់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ស្ថិតនៅទីលានហាត់ប្រាណជិតព្រះអង្គចេក ព្រះអង្គចម ក្រុងសៀមរាប ។

ចំណែកឯ អ្នកស្រី ថៃ សូដា អនុប្រធានសហគមន៍បន្ថែសុវត្ថិភាព ក៏ដូចជាអ្នកដាំបន្លែសុវត្ថិភាពនៅឃុំគៀនសង្កែ បានឲ្យដឹងថា ការផលិតបន្លែសុវត្ថិភពនេះ ពួកគាត់ធ្វើឡើងត្រឹមត្រូវតាមបច្ចេកទេសដាំដុះ ដោយមានគណ:កម្មការត្រួតពិនិត្យត្រឹមត្រូវ ទាំងបន្លែស្លឹក និងបន្លែផ្លែ និងបន្លែមើម ហើយបន្លែសុវត្ថិភាពនេះមានអ្នកគាំទ្រជាច្រើន ដោយមានរយ:ពេលបីឆ្នាំមកហើយ រីឯអ្នកប្រើប្រាស់ក៏មានការកើនឡើងច្រើនណាស់ដែរ ។

គាត់បានបន្ដែមថា បន្លែសុវត្ថិភាពនេះ មិនប៉ះពាល់ដល់សុខភាពទាំងអ្នកហូប និងអ្នកផលិតទេ ព្រមទាំងជួយលើកស្ទួយជីវភាពគ្រួសាររបស់សហគមន៍ផងដែរ ។ ពួកគាត់បន្ដថា បច្ចុប្បន្នបន្លែសុវត្ថិភាពនេះសហគមន៍ផលិតមិនទាន់គ្រប់តាមតម្រូវការទីផ្សារ នៅក្នុងខេត្ដសៀមរាបនៅឡើយទេ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប