រាជរដ្ឋាភិបាលនឹងទទួលផលប្រយោជន៍ធំៗពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបចុងឆ្នាំនេះ

AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ — មន្ត្រីជាន់ខ្ពស់ទទួលបន្ទុករៀបចំកិច្ចប្រជុំកំពូ​ល​អាស៊ី-អឺរ៉ុប  ឬហៅថាអាស៊ឹម(ASEM)​​​ បា​ន​អះ​អាងថា ​រា​ជ​រ​ដ្ឋា​​ភិ​បាលកម្ពុជានឹង​ទទួ​ល​បា​ន​ផ​ល​​ប្រ​យោ​ជ​ន៍​ធំៗពី​ការរៀ​ប​ចំ​កិ​ច្ច​ប្រជុំ កំពូលអាស៊ឹមនៅចុងឆ្នាំនេះ។

ក្នុងប​ទសម្ភា​សន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកម្ពុជា “AKP” ឯកឧត្តម លុយ ដាវីត រដ្ឋ លេ​​ខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ​និ​ងជាប្រធាន​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​នៃ​​​​គណៈ​ក​ម្ម​កា​រ​ជា​​តិរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣​បា​ន​​ឱ្យដឹងថា រាជរដ្ឋាភិបាល​ស​​ម្រេ​​ចធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអា​ស៊ី-អឺរ៉ុបនៅកម្ពុជាឆ្នាំ២​០២០នេះ ​នឹង​អា​ចទា​ក់ទា​ញ​បា​​នគឺ៖ ទី១.បង្ហាញពី​ឆន្ទៈនៃការប្តេជ្ញាចិត្តរបស់រាជ​រដ្ឋាភិបាលក្នុងការបន្តធ្វើស​មា​ហរ​ណ​ក​ម្ម​រ​​ប​ស់​​​ក​ម្ពុ​​ជានៅក្នុងតំបន់ ក្រៅតំបន់ និងអន្តរជាតិ។ ទី២.អាចលើកតួនាទីរបស់​កម្ពុ​ជា​ក្នុ​ង​កា​រចូល​រួម​​ដោះ​​ស្រា​យបញ្ហាសាកល និងទី៣.ជាឱកា​ស​កម្ពុជា​អាច​ព​ង្រឹ​ង​​កិ​ច្ចសហប្រតិបត្តិកា​រ​ចំ​ណ​ង​ទ្វេភាគីជាមួយសមាជិកអាស៊ឹម ដែលគេមកចូល​រួ​ម​កិច្ចប្រជុំកំពូល​នៅ​ខែ​វិច្ឆិកា​ខា​ង​មុ​ខ​នេះ​។

ឯកឧត្តមរដ្ឋលេ​​ខាធិការក្រសួងការបរទេសបានឱ្យដឹងបន្ថែមថា «ថ្នាក់ដឹកនាំ​អាស៊ី​អឺ​រ៉ុប​ដែ​ល​គេ​ម​ក​នឹ​ង​គេ​មិ​នមកចូលរួមតែកិច្ច​ប្រ​ជុំ​កំ​ពូ​ល​តែ​មួ​យទេ គឺគេមានជំនួបទ្វេភាគីជា​មួយ​សម្តេ​ច​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី ហ៊ុន សែន ចំណុ​ចនេះ​សំ​ខា​ន់​ណា​ស់ ហើយចំណុចទី៤ជា​ឱកា​សស​ម្រា​ប់កម្ពុជាយើងបង្ហាញពីអ​រិ​យ​​​ធម៌ និ​ងវប្ប​ធម៌​ដ៏​ចំណាស់​របស់កម្ពុជាយើងដល់​ថ្នាក់​ដឹក​នាំ​ពិ​ភ​ព​លោ​​ក អាស៊ី-អឺរ៉ុប ព្រោះថ្នាក់​ដឹ​ក​​នាំអឺរ៉ុប​មួ​យ​ចំ​នួ​ន​គា​​ត់អត់ដែលស្គាល់កម្ពុជាទេ គាត់​អ​ត់​ដែ​ល​ម​ក​កម្ពុជាទេ ហើយគាត់ស្គាល់ កម្ពុ​ជា​យើ​ង​តែ​ក្នុង​រូប​ភាពមិនសូវល្អទេ តាមរូប​ភាព​កាសែ​ត​អី​នឹ​ង ឥឡូវនេះជាឱកា​សស​ម្រា​ប់​គា​ត់ម​ក​ឃើ​ញ​ក​ម្ពុ​ជា​យើង មកដល់ពេលនេះ អភិវឌ្ឍន៍​ដល់​ណា​ ហើ​យប្រទេសយើ​ងបាន​ឈាន​ដ​ល់​កម្រិ​ត​ណា​ហើយ នេះជាចំណុច ដែលសំខាន់បាទ» ។

ឯកឧត្តមរដ្ឋលេខាធិការ​ បានបន្ថែមថា រាជរដ្ឋាភិបាល​ស​ម្រេ​​​ចធ្វើជាម្ចា​ស់​ផ្ទះ​នៃកិច្ច​ប្រ​ជុំ​កំ​ពូ​ល​អា​ស៊ី-អឺរ៉ុបលើក​ទី១៣ឆ្នាំ២០២០នេះ ដោយបានមើលឃើ​ញពីស​ក្តា​នុ​ព​លនៃកិច្ច​ប្រ​ជុំ​អា​​ស៊ឹម​​ជា​វេ​ទិកាកិច្ចសហប្រតិបត្តិ​ការតែមួយគត់រវាងអាស៊ី និ​ងអឺ​រ៉ុ​ប​ ហើ​យបើ​យើ​ង​​គិតពី​ស​ក្តា​នុ​ព​លរបស់វាធំធេងណាស់។ «បើគិតពីចំនួន​ប្រជាជ​នបូក​ស​រុប​ចូល​គ្នា​ប្រ​​ទេសអាស៊ី​ទាំ​ង​អស់ និ​ង​​ប្រទេសអឺរ៉ុបដែលក្នុងនោះមាន៥១ប្រទេសនោះ យើងឃើញថា អា​ស៊ឹ​មនឹង​តំ​ណា​​ង​ឱ្យ​​ប្រ​ជា​​ជនសាកលលោកស្មើនឹង៦០ភាគរយ ហើយ​បើគិតពីទំហំសេដ្ឋកិច្ច​វិញ​គឺស្មើ៦៥​ភា​គរ​យ​នៃ​សេ​ដ្ឋកិច្ចពិភពលោកហើយបើខាងផ្នែកពាណិ​ជ្ជកម្មវិញគឺ៥៥ភាគរ​យ​នៃ​​​ពា​ណិ​ជ្ជ​ក​ម្ម​ពិ​ភព​លោ​ក​ទាំង​មូល»។

សម្តេចនាយករដ្ឋមន្ត្រីបានដាក់ចេញនូវប្រធានបទសម្រាប់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​នេះ​​គឺការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម។​ កិច្ចប្រជុំអាស៊ឹមនេះគឺកិច្ចប្រជុំធំបើគិត​ពីទំហំ​ពី​រដ​ងធំជាងកិច្ចប្រជុំអាស៊ាន ព្រោះនៅ​ក្នុ​ង​កិ​ច្ច​​ប្រជុំអា​ស៊ឹមនេះ គឺមានកា​រចូ​លរួម​ពីប្រ​ទេ​ស​រ​ហូ​តដល់៥១ប្រទេសឯណោះ បូកនឹងពីរស្ថា​ប័​​​នទៀតគឺអគ្គលេខាធិការអាស៊ាន និងស​ហភា​ពអឺរ៉ុប ហើយរាជរដ្ឋាភិបាលកម្ពុជានឹងប្រមូលធនធា​ន​ទាំ​ង​អស់ដើម្បីរៀបចំ​កិច្ចប្រ​ជុំដ៏​ធំមួយ​នេះ​ឱ្យ​បា​ន​ជោ​​គជ័យដោយមន្ត្រីជាន់ខ្ពស់ទទួលប​ន្ទុករៀបចំកិច្ចប្រជុំកំពូលនេះជឿ​ជាក់​ថា​ ធ​ន​ធានមនុស្សរបស់កម្ពុជា​អាចរៀបចំ​បា​នដោយ​យើងមានបទពិសោធន៍ច្រើន​ក្នុង​កា​រ​រៀ​ប​ចំ​​កិ​ច្ច​​ប្រ​ជុំកំពូល ដូចជាកិច្ចប្រជុំកំពូលអាស៊ានពីរដងកាលពីឆ្នាំ២០០២និង២​០​១​២ជាដើម។

បើតាម ឯកឧត្តម លុយ ដាវីត រដ្ឋលេ​​ខាធិការក្រសួងការបរទេស និងសហ​ប្រ​តិ​ប​ត្តិ​កា​រ​អ​ន្តរជាតិ​និ​ងជាប្រធាន​លេ​ខា​ធិ​កា​រ​ដ្ឋា​ន​នៃ​​​​គណៈ​ក​ម្ម​កា​រ​ជា​​តិរៀបចំកិច្ចប្រជុំកំពូ​លអាស៊ី​អឺរ៉ុ​ប​លើ​​​​កទី​១៣ ​ឥឡូ​វនេះសម្តេចនាយករដ្ឋមន្ត្រី បាន​ផ្ញើ​លិ​ខិ​ត​ទៅ​អញ្ជើញ​ប្រទេស​ដែ​ល​គ្រោ​ង​នឹ​ង​អ​​​ញ្ជើ​ញចូលរួមកិច្ចប្រជុំកំពូលអាស៊ឹមរួចហើយរងចាំតែការឆ្លើយតបប៉ុណ្ណោះ៕

ដោយ គង់ សិរីរ័ត្ន ( រូបភាព៖ អ៊ុន រិទ្ធី)