រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់មន្រ្តីពាក់ពន្ធ័របស់ក្រសួងទាំងអស់ ត្រូវត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុបហៅកាត់ថា ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី
MC៖ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់ផ្នែកពាក់ពន្ធ័ បន្តក្តាប់អោយបាននូវផែនការ និង សកម្មភាពការងារនានា របស់ក្រសួងព័ត៌មាន ទាក់ទងទៅនឹងការត្រៀមរៀបចំកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ASEM ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ព្រោះជាព្រឹត្តការណ៏ដ៏ធំសម្រាប់មុខមាត់ប្រទេសជាតិ នៅលើឆាកអន្តរជាតិ។
នៅក្នុងឱកាសនៃកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៏ កាលពីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានមានប្រសាសន៏ថា ចំណុចការងារសំខាន់ៗ ដែលក្រសួងព័ត៌មាន ត្រូវត្រៀមគឺផ្តោតលើការរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM ដោយក្នុងនោះ ក្រសួងព័ត៌មាន មានភារកិច្ចក្នុងកិច្ចការងារ សម្របសម្រួលជាមួយអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក៏ដូចជាការថតផ្សព្វផ្សាយ អោយបានទូលំទូលាយ និងបានច្បាស់ល្អ គ្រប់ទិដ្ឋភាព និងខ្លឹមសារនៃកិច្ចប្រជុំ។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ក៏បានកោតសរសើរ ចំពោះលទ្ធផលការងារ របស់ថ្នាក់ដឹកនាំមន្រ្តីរាជការ គ្រប់ផ្នែកគ្រប់ជំនាញទាំងអស់ នៃក្រសួងព័ត៌មាន ដែលបានប្រឹងប្រែង រួមសហការគ្នា សម្រេចបានលទ្ធផលការងារជាច្រើន ។ ដូច្នេះអ្វីដែលសំខាន់បន្តទៅមុខទៀត គឺការរួមសហការសាមគ្គីគ្នា ក្នុងការបំពេញបេសកកម្មការងារចំពោះមុខជាច្រើនទៀត ដែលក្រសួងព័ត៌មាន ត្រូវបំពេញអោយបានល្អ ពិសេសការ ត្រៀមចូលរួមរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប ASEM លើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយជាព្រឹត្តការណ៏ដ៏ធំសម្រាប់កម្ពុជា ព្រោះមានបណ្តាប្រមុខរដ្ឋធំៗ នៃបណ្តាប្រទេសជាច្រើនក្នុងពិភពលោក អញ្ជើញមកចូលរួមប្រជុំ។ ក្នុងនាមក្រសួងព័ត៌មាន ដែលទទួលផ្នែកផ្សព្វផ្សាយ គឺត្រូវធ្វើយ៉ាងណាអោយបានល្អ និងជោគជ័យ។
ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ី អឺរ៉ុប ដែលនឹងប្រព្រឹត្តទៅនាខែវិច្ឆិកា ខាងមុខនេះរួចមក ក្រសួងព័ត៌មាន ក៏គ្រោងបន្តទទួលរៀបចំវេទិកា យុទ្ធសាស្រ្តចតុកោណ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជាមួយប្រទេសចិន ដែលគ្រោងនឹងមានការចូលរួមពី អ្នកស្រាវជ្រាវ និងធុរៈជនល្បីៗ រួមទាំងវិស័យឯកជន និងរដ្ឋរបស់ចិន ជាច្រើនមកធ្វើជាវាគ្មិន ក្នុងវេទិកានេះ ដែលគ្រោងធ្វើនៅរាជធានីភ្នំពេញ៕