អភិបាលខេត្តត្បូងឃ្មុំ៖ ប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ ទើបមានពិធីសាសនា និងកម្មវិធីសប្បាយផ្សេងៗកើតឡើង ទាំងពុទ្ធចក្រ និងអាណាចក្រ

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ ថ្លែងលើកឡើងប្រាប់លោកតាលោកយាយ និងប្រជាពលរដ្ឋបែបនេះ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យចម្រើន ព្រះជន្ម និងស្រោចស្រពព្រះសុគន្ធវារី ជូនព្រះធម្មសិរីមុនី ស៊ន់ ស៊ាត ព្រះធម្មធរ អនុគណស្រុកត្បូងឃ្មុំ នៅវត្តរតនរង្សី ហៅវត្តចំបក់ ក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០ និងបានប្រគេនថវិកាចំនួន៤លានរៀលដល់ព្រះគ្រូចៅអធិការវត្ត ចែកជូនក្រណាត់ស សារ៉ុង សម្ភារៈសិក្សា ព្រមទាំងថវិការដល់លោកយាយលោកតា សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ,គ្រូពេទ្យ, មណ្ឌលសុខភាព និងកងកម្លាំងសមត្ថកិច្ចផងដែរ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងថា បច្ចុប្បន្ននេះប្រទេសកម្ពុជាយើងមានសុខសន្តិភាព ទើបមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសព្រះពុទ្ធសាសនានេះហើយ សូម្បីតែឥស្លាមសាសនា ក៏មានការរីកចម្រើនផងដែរ ទាំងនេះដោយសារមាន ឯកភាពសាសនា និងឯកភាពជាតិខ្មែរ ។ ហើយទោះបីយើងកាន់សាសនាផ្សេងៗគ្នាក៍ពិតមែន ប៉ុន្តែគឺជាប្រជា ពលរដ្ឋដែលរស់នៅក្នុងខេត្តត្បូងឃ្មុំ និងក្នុងប្រទេសខ្មែរតែមួយ ក្រោមដំបូលសុខសន្តិភាពតែមួយ។

ឯកឧត្តមបណ្ឌិតអភិបាលខេត្ត បានគូសបញ្ជាក់ថា បើយើងមានសុខសន្តិភាពហើយនោះ ខឿនសេដ្ឋកិច្ចជាតិនឹង កើនឡើង មានការអភិវឌ្ឍន៍ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមគោលនយោបាយឈ្នះឈ្នះនៃយុទ្ធ សាស្ត្ររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានដាក់មកយ៉ាងច្បាស់ថា នៅក្នុង២០៣០ខាងមុខនេះ ប្រទេសកម្ពុជា យើង គឺជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ហើយនៅឆ្នាំ២០៥០ ប្រទេសកម្ពុជាយើងនឹងក្លាយជា ប្រទេសអ្នកមាន ប៉ុន្តែលុះត្រាណាត្រូវតែមានសុខសន្តិភាពដូចបច្ចុប្បន្ននេះរហូតទៅ ។

អាស្រ័យហេតុនេះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យលង់ ជឿតាមការញុះញង់របស់ជនអគតិ ឬក៏បរទេសមួយចំនួននោះ គឺគេចង់ឲ្យខ្មែរយើងមានសង្គ្រាម។

ដូច្នេះហើយ សូមលោកតាលោកយាយ បងប្អូនប្រជាពលរដ្ឋ ត្រូវបន្តចូលរួមគាំទ្ររាជរដ្ឋាភិបាលរបស់យើង បន្តគាំទ្រនិងរួមគ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ដើម្បីការពារសុខសន្តិភាពមួយនេះ ទោះក្នុងតម្លៃណាក៏ដោយ៕ (ដោយ៖មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ)