ពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា វត្តដងទង់ស្ថិតក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត

(កំពត)៖ នៅព្រឹកថ្ងៃសៅរ៍ ៦កើតខែមាឃឆ្នាំកុរពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ ២០២០ ព្រះវិហាររួមនឹងសមិទ្ធផលនានា វត្តដងទង់ ត្រូវបានធ្វើពិធី បញ្ចុះខណ្ឌសីមានិងសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោក។

ពិធីនេះ ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត រួមនឹងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត និងអាជ្ញាធរក្រុង ស្រុកប្រជាពលរដ្ឋសិស្សានុសិស្ស យ៉ាងច្រើនកុះករ។

សូមបញ្ជាក់ថា វត្តដងទង់ គឺជាវត្តមួយ មានវ័យចំណាស់មានទីតាំងស្ថិតនៅជាប់ផ្លូវជាតិលេខ “31អា” នៅក្នុងភូមិថ្មី ឃុំដងទង់ ស្រុកដងទង់ខេត្តកំពត មានផ្ទៃដីទំហំ៣៩.៦០០ ម៉ែត្រក្រឡា វត្តនេះបានបង្កើតឡើងនាឆ្នាំ១៦៧៤ មានអាយុកាល ៣៤៦ឆ្នាំ មកហើយ។ វត្តដងទង់ ក្នុងសម័យប៉ុលពត ត្រូវបានរងការបំភ្លេចបំផ្លាញគ្មានសល់ ដូចវត្តដទៃទៀតដែរក្នុងកម្ពុជាយើង នៅក្រោយឆ្នាំ១៩៧៩ នៅសល់តែ ព្រះពុទ្ធរូបបដិមាករស័កសិទ្ធមួយព្រះអង្គ និងចេតិយបុរាណមួយប៉ុណ្ណោះ។ នៅឆ្នាំ១៩៨៤ ទើបបានចាប់ផ្ដើមកសាងឡើងវិញ ហើយក៏មានការរីកចម្រើននូវសមទ្ធិផលនានាក្នុងទីអារាមវត្ត នេះជាបន្តបន្ទាប់រហូតដូចសព្វថ្ងៃនេះ។

ដោយឡែក ផ្ដើមចេញពីប្រទេសជាតិមានសុខសន្តិភាព ពេញបរិបូណ៌ សមិទ្ធផលក្នុងទីអារាមវត្តដងទង់នេះ មានការរីកចម្រើនជាបន្តបន្ទាប់ ។ ពិសេសព្រះវិហារដែលត្រូវធ្វើពិធីបញ្ចុះខណ្ឌសីមានាពេលនេះ គឺក្រោមជំនួយឧបត្ថម្ភ គាំទ្រ ទាំងស្មារតីសម្ភារៈថវិការបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ រួមនឹងការចូលបរិច្ចាគធនធានថវិកាពីសប្បុរសជនក្នុងនិងក្រៅប្រទេស ពុទ្ធបរិស័ទជិតឆ្ងាយត្រូវបានកសាងរួចរាល់ជាស្ថាពរនៅថ្ងៃទី៩ ខែតុលាឆ្នាំ ២០១៩ ដោយចំណាយថវិកាអស់ចំនួន៤៩៨.១២២ដុល្លារ៕ មន្ទីរព័ត៌មានខេត្តកំពត