លោកបណ្ឌិត ងួន ញ៉ិល សម្ពោធអគារសិក្សាថ្មីចំនួន២ ខ្នងនៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ

(កំពង់ធំ)៖ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មីចំនួន ២ ខ្នង ស្មើនិង ១២ បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ឯកឧត្តមញ៉ឹក បានខេង អភិបាលរងដំណាង ឯកឧត្តមសុខ លូ អភិបាលខេត្តកំពង់ធំបានធ្វើរបាយការណ៍សង្ខេបអំពីការបង្កើតនឹងសាងសង់វិទ្យាល័យហ៊ុនសែនក្រវ៉ានិងដោយមើលឃើញពីតម្រូវការចាំបាច់របស់សិស្សានុសិស្ស វិទ្យាល័យហ៊ុនសែនក្រវ៉ាក្នុងនោះបានជួសជុលទ្រង់ទ្រាយធំនិងអគារសិក្សា

ចាស់ចំនួន៤ខ្នងនិងអគារទីចាត់ការ១ខ្នងជួសជុលរបងនិងក្លោងទ្វារព្រមទាំងកែលម្អសោភ័ណភាពទូទៅក្នុងបរិវេណសាលាដោយបានចំណាយអស់ថវិកាចំនួន ២៣២,៦៦៨ ដុល្លារអាមេរិក ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បាននាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តាំផ្ញើនូវការសាកសួរសុខទុក្ខដល់ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស មន្ត្រីរាជការ និងថ្នាក់ដឹកនាំទាំងអស់ទូទាំងខេត្តកំពង់ធំ។

តាងនាមប្រជាពលរដ្ឋទូទាំងប្រទេស ប្រជាពលរដ្ឋនៅខេត្តកពង់ធំ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែលើកកម្ពស់និងយកចិត្តទុកដាក់បំផុតក្នុងវិស័យអប់រំ ពិសេសគឺការសាងសង់អគារសិក្សាថ្មីៗជាច្រើន និងជា បន្តបន្ទាប់នៅទូទាំងប្រទេស ក្នុងនោះក៏មានវិទ្យាល័យហ៊ុន សែន ក្រវ៉ា។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះ លោក លោកស្រី សម្បុរសជន លោកគ្រូ-អ្នកគ្រូ មាតាបិតាសិស្ស អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានឧបត្ថម្ភនិងសហការគ្នាបានយ៉ាងល្អ ក្នុងការធ្វើឱ្យសមិទ្ធផលនានានៅក្នុងវិទ្យាល័យនេះលេចជា រូបរាងឡើងគួរជាទីមោទនៈ។
នេះ ជាសមិទ្ធផលថ្មីមួយបន្ថែមទៀតក្នុងការរួមចំណែកដល់ការអភិវឌ្ឍវិស័យអប់រំនៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តមបណ្ឌិតក៏បានផ្ដាំផ្ញើ ដល់អាជ្ញាធរ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ត្រូវរួមគ្នាថែរក្សាអគារសិក្សាដែលសម្ពោធដាក់អោយប្រើប្រាស់នាពេលនេះ ដើម្បីប្រយោជន៍ទុកអោយកូនចៅជំនាន់ក្រោយបានចូលសិក្សារៀនសូត្រ។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៀតថា សមិទ្ធផល ថ្ងៃនេះ គឺជាសមិទ្ធផលដែលបានកើតឡើងដោយសារកម្លាំងសាមគ្គីក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជា ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានខិតខំគ្រប់បែប យ៉ាងដើម្បីបម្រើប្រជាពលរដ្ឋ។ ដូច្នេះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រួវបន្តរក្សាឱ្យបាននូវសុវត្ថិភាព បម្រើប្រជាពលរដ្ឋដោយមិនរើសអើង ហើយខិតខំដោះស្រាយ រាល់សំណូមពរ និងទុក្ខលំបាកជូនពួកគាត់។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ក៏បានលើកឡើងពីបញ្ហាការព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីគណៈកម្មការអឺរ៉ុប ដល់ប្រជាពលរដ្ឋដែលចូលរួមក្នុងពិធីសម្ភោធអគារសិក្សាថ្មីនេះផងដែរ គឺថាកម្ពុជាដាច់ខាតមិនយកឯករាជ្យនិងអធិបតេយ្យជាតិទៅដោះដូរជាមួយនឹងការអនុគ្រោះពន្ធ EBA ឬជំនួយពីសំណាក់ដៃគូបរទេសណាមួយនោះឡើយ។ ចំណាត់ការរបស់គណៈកម្មការអឺរ៉ុបនេះ គឺបានឆ្លុះបញ្ចាំងអំពីនយោបាយស្តង់ដារពីរនៅក្នុងការអនុវត្តន៍ជាក់ស្តែង ដែលមានប្រទេសជាសមាជិកសហភាពអឺរ៉ុបខ្លួនឯងមិនគាំទ្រដែរ។ សម្រាប់កម្ពុជាទោះជាគេនៅរក្សាផ្តល់ការអនុគ្រោះពន្ធដល់យើងក៏ក្នុងរយៈមធ្យមខាងមុខយើងនឹងបាត់បង់ EBA ដដែល ខណៈដែលប្រទេសយើងឈានចាកផុតពីឋានៈនៃប្រទេសអភិវឌ្ឍន៍តិចតូច។
លោកបានគូសបញ្ជាក់ថា ការដក ឬ ព្យូរ EBA មិនមែន មានន័យថា កម្ពុជាបានបាត់បង់ទាំងស្រុងនូវទីផ្សាររបស់អឺរ៉ុបនោះទេ ទោះជាគ្មាន EBA ក៏កម្ពុជានៅតែអាចនាំទំនញរបស់ខ្លួនទៅកាន់ទីផ្សាអឺរ៉ុបបានជាធម្មតាដដែល គ្រាន់តែ យើងត្រូវបង់ពន្ធសម្រាប់ការនាំចូល ហើយនោះមិនមែនជាកិច្ចការដែលយើងមិនអាចមានសមត្ថភាពធ្វើបាននោះទេ ថ្វីត្បិតថាយើងត្រូវពុះពារជម្នះនូវការលំបាកមួយចំនួននៅក្នុងរយៈពេលខ្លីចំពោះមុខតែប៉ុណ្ណឹង។

ឯកឧត្តមបានបន្តថា បើមានការផ្អាកសង្វាក់ផលិតកម្មរបស់រោងចក្រមួយចំនួននៅកម្ពុជា នៅក្នុងពេលនេះគឺមិនមែនដោយសារការព្យូរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីគណៈកម្មការអឺរ៉ុបនោះទេ គឺ ដោយសារឥទ្ធិពលនៃជំងឺវីរ៉ុស កូរ៉ូណា ថ្មី ដែលធ្វើអោយរោងចក្រផលិតវត្ថុធាតុដើមមួយចំនួនធំនៅប្រទេសចិន ត្រូវបិទទ្វាមិនអាចធ្វើការផ្គត់ផ្គង់តាមការកម្ម៉ង់ទិញរបស់រោងចក្រនៅកម្ពុជាបាន។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋនិងក្មួយៗកម្មករ កម្មការនី មេត្តាជ្រាបនិងយោគយល់ អំពីស្ថានការណ៏ដែលផ្ទុះឡើងក្នុងពេលថ្មីៗនេះ។ ព្រះរាជាណាចក្រកម្ពុជាចូលរួមចែករំលែករាល់ការលំបាករបស់មិត្តចិន និងបានចាត់ទុកថានេះជាបញ្ហាប្រឈមរួមរបស់ពិភពលោក ដោយប្រឆាំងរាល់ទម្រង់នៃការរើសអើង ដោយសារការឆ្លងនៃវីរុស កូរ៉ូណា នេះ និងសកម្មភាពកេងចំណេញនានាឡើយ។ ជាចុងក្រោយឯកឧត្តមបានចែកអំណោយដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ
និងតាជី យាយជីផងដែរ៕