ស.ស.យ.កខេត្តរតនគិរី បង្កើតកម្មវិធីផ្តល់ឈាមសង្គ្រោះជនងាយរងគ្រោះ និងត្រូវការឈាម ផ្លាស់ប្តូរផ្នត់គំនិតយុវជន

(រតនគិរី)៖ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្ត បង្កើតកម្មវិធីផ្តល់ឈាម ក្រោមប្រធានបទ តំណក់ឈាមនៃក្តីស្រលាញ់ពី គ្រួសារ ស.ស.យ.ក ខេត្តរតនគិរី ដើម្បីផ្តល់ឈាមដល់មន្ទីរពេទ្យបង្អែកខេត្តសម្រាប់ជួយសង្គ្រោះដល់ជនរងគ្រោះដែលត្រូវការឈាម។

លោក យ៉ែន សុីយ៉ា សមាជិកអចិន្ត្រៃយ៍ គណកម្មាធិការកណ្តាល សសយកខេត្ត បានឲ្យដឹងថា ក្រោមការណែនាំពីឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការ ស.ស.យ.ក ខេត្ត និងជាអភិបាលខេត្ត ។

ជារៀងរាល់ឆ្នាំគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តរតនគិរី តែងតែគៀគរបំផុសចលនាយុវជនឲ្យបរិច្ចាកឈាម ក្នុងគោលបំណង ចូលរួមក្នុងសកម្មភាពសង្គម ព្រោះនេះគឺជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់គ្នាដើម្បីធ្វើអោយសង្គមកាន់តែរីកចំរើនឡើង ការចូលរួមបរិច្ចាកឈាមគឺជាការចាំបាច់បំផុតព្រោះឈាមមិនអាចធ្វើការនាំចូលពីបរទេស ឬផលិតដោយឧបករណ៍ណាមួយបានឡើយ។

បន្ថែមពីនេះគឺបំផុសចលនាឲ្យមានការចូលរួមបរិច្ចាកឈាម ព្រោះថាការបរិច្ចាកនេះមិនប៉ះពាល់ដល់សុខភាពឡើយ យើងអាចចែករំលែកក្តីស្រលាញ់គ្រប់រូបភាពដែលយើងអាចធ្វើទៅបាន ហើយធ្វើជាគម្រូដល់យុវជនផ្សេងទៀតឲ្យមានការចូលរួមផ្តល់ឈាម។ 

លោកបន្តថា អ្វីដែលសំខាន់ជាងនេះយើងចង់ផ្លាស់ប្តូរផ្នត់គំនិតយុវជនកុំឲ្យមានការយល់ខុសពីអត្ថន័យថ្ងៃ១៤ កុម្ភៈ ប្រព្រឹត្តអំពើប្រាសចាកសីលធម៌ ប្រពៃណីរបស់ខ្មែរ ងាកមកបង្កើតវប្បធម៌ចែករំលែកក្តីស្រលាញ់ក្នុងក្រុមគ្រួសារ និងមនុស្សទូទៅក្នុងសង្គមជាតិ។